អន្តរជាតិ
នយោបាយអន្តរជាតិ
បារាំងចាប់ផ្តើមបោះឆ្នោតរើសមេដឹកនាំថ្មី ដោយបេក្ខជនបួនរូបមានប្រជាប្រិយភាពខ្ពស់
× ប្រជាជនបារាំងចាប់ផ្តើមទៅការិយាល័យបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនហើយនៅថ្ងៃអាទិត្យទី ២៣ ខែមេសានេះក្នុងជុំទីមួយ។ បេក្ខជនទាំងអស់១១ រូបដែលប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែមានបេក្ខជនតែបួនរូបប៉ុណ្ណោះដែលមានលទ្ធភាពខ្ពស់អាចនឹងក្លាយជាអនាគតប្រធានាធិបតីបារាំង។ យ៉ាងណាមិញ ការបោះឆ្នោតនេះធ្វើឡើងស្របពេលដែលបញ្ហាសន្តិសុខនៅបារាំងមិនសូវស្រួល បន្ទាប់ពីមានការវាយប្រហារភេរវកម្មកាលពីថ្មីកន្លងមកនេះ។
ការិយាល័យបោះឆ្នោតនៅបារាំងចាប់ផ្តើមបើកនៅថ្ងៃអាទិត្យទី ២៣ មេសានេះដើម្បីឲ្យប្រជាជនបារាំងកំណត់យកមេដឹកនាំថ្មីរបស់ខ្លួន។ បេក្ខជនពីរនាក់ក្នុងចំណោមបេក្ខជនដែលឈរឈ្មោះសរុប១១ រូបនឹងត្រូវឈានទៅប្រជែងគ្នានៅជុំទីពីរ ថ្ងៃ ៧ខែឧសភាខាងមុខនេះទៀត បើសិនជាគ្មានបេក្ខជនណាមួយឈ្នះភាគច្រើនដាច់ខាតទេ។
យោងតាមសារព័ត៌មាន The Independent បេក្ខជនបួនរូបនោះមានលោកស្រី Marine Le Pen, លោក Emmanuel Macron, លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) និងលោក Jean Luc Melenchon ដែលមានប្រជាប្រិយភាពនិងអាចឈានទៅដណ្តើមតំណែងប្រធានាធិបតីបារាំងនៅពេលខាងមុខផង។ មកដល់ថ្ងៃបោះឆ្នោត លោកស្រី Le Pen និងអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Emanuel Macron នៅតែមានប្រជាប្រិយភាពខ្ពស់និងនាំមុខក្នុងការប្រកួតប្រជែងនយោបាយនេះ។
ចំណែកបេក្ខជនពីរនាក់ទៀត អ្នកនយោបាយកណ្តាលនិយមលម្អៀងស្តាំ លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) និង បេក្ខជនឆ្វេងនិយមជ្រុលលោក Jean Luc Melenchon ស្ថិតនៅក្រោយអ្នកទាំងពីរខាងលើតែបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះហើយ គេអាចនិយាយបានថា គ្រប់យ៉ាងវានៅតែមិនច្បាស់លាស់ ហើយជ័យជម្នះទៅជុំទីពីររបស់បេក្ខជនពីរនេះច្បាស់ជាស្ថិតលើការសម្រេចរបស់ប្រជាជនបារាំងដែលមិនទាន់សម្រេចចិត្តរើសអ្នកណាឲ្យប្រាកដនោះ។
យ៉ាងណាមិញ ការបោះឆ្នោតនេះរៀបចំឡើងស្របពេលដែលបញ្ហាសន្តិសុខស្ថិតក្នុងស្ថានភាពផុយស្រួយ បន្ទាប់ពីចលនាភេរវកម្មកម្រើជាជាថ្មី។ បារាំងរងគ្រោះដោយសារភេរវកម្មជាថ្មីកាលពីថ្ងៃសុក្រកន្លងទៅ ដោយខ្មាន់កាំភ្លើងជាសកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាមនោះបានបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់នៅកណ្តាលក្រុងប៉ារីស។ ដោយសារតែបារម្ភពីការវាយប្រហារភេរវកម្មក្នុងពេលបោះឆ្នោត បារាំងពង្រាយប៉ូលិសនិងមន្ត្រីសន្តិសុខ ប្រាំម៉ឺននាក់ទៅការពារការិយាល័យបោះឆ្នោតចំនួន ប្រាំពីរម៉ឺនកន្លែងទូទាំងប្រទេស ហើយនិងបន្ថែមទាហានល្បាតចំនួន ប្រាំពីរពាន់នាក់ផ្សេងទៀតផងដែរ។
ត្រឡប់មកវិញ បេក្ខជនប្រធានាធិបតីដែលបារាំងអាចផ្ញើវាសនាបាន និងជាក្តីរំពឹងរបស់អឺរ៉ុបមានពីរនាក់លោក Emmanuel Macron និង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ដោយសារអ្នកពីរមានគោលនយោបាយប្រហាក់ប្រហែលគ្នា គាំទ្រការឯកភាពនៃអឺរ៉ុប បន្តគាំទ្រសេរីភាវូបនីយកម្ម និងសន្យាកែទម្រង់ច្បាប់ការងារជាដើមដើម្បីប្រយោជន៍បារាំងនិងអឺរ៉ុប។
បើបេក្ខជនពីរនាក់ផ្សេងទៀតដែលមានទាំងស្តាំជ្រុលនិងឆ្វេងជ្រុលមាន Le Pen និង Melenchon ឈ្នះឆ្នោតនោះ វាជាដំណឹងអាក្រក់បំផុតមួយសម្រាប់បារាំងនិងអឺរ៉ុបឡើយ។ វាស្រដៀងគ្នានឹងពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតនៅអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុនដូច្នេះដែរ។ អ្នកនយោបាយទាំងពីរមាននិន្និការប្រឆាំងប្រព័ន្ធស្ថាប័ននយោបាយដែលមានវត្តមាននៅបារាំង, ប្រឆាំងចរន្តសកលភាវូបនីយកម្ម, ប្រឆាំងជនអន្តោប្រវេសន៍ និងប្រឆាំងអឺរ៉ុបផង។ ការនាំបារាំងចេញពីសហភាពអឺរ៉ុប និងចេញពីតំបន់ចាយលុយអឺរ៉ូនឹងក្លាយជារឿងល្បីល្បាញទៀតនៅពេលដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរនាក់ជាប់ឆ្នោតមែននោះ៕
Tag:
បារាំង
Marine Le Pen
Emanuel Macron
Francois Fillon
Jean-Luc Melenchon
© រក្សាសិទ្ធិដោយ thmeythmey.com