អន្តរជាតិ
ហាង​ដ៏​ធំ​មួយ​នៅ​បារាំង​ខូច​ឈ្មោះ​ដោយសារតែ​ភ្ញៀវ​ឃើញ​អាច​ម៌​កណ្តុរ​នៅក្នុង​សាំង​វិច​
23, Apr 2017 , 5:39 pm        
រូបភាព
ដោយ: ធីតា
​បុគ្គលិក​ដែល​បម្រើការ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​តំបន់ Creteil ប្រទេស​បារាំង បាន​ប្រទះឃើញ​អាច​ម៌​កណ្តុរ​មួយ​ដុំ​នៅក្នុង​សាំង​វិច​របស់ខ្លួន​ដែល​បាន​ទិញ​ពី​ហាង «Paul» ។ ដោយសារ​មាន​អាកា​រៈ​ក្អួត​ជាច្រើនលើក រួមទាំង​កើត​ជំងឺ​សើ​ស្បែក​បន្ថែមទៀត ស្ត្រី​វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ រីឯ​ហាង «Paul» ត្រូវបាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Le Parisien កាលពី​ថ្ងៃ​ពុធ​កន្លងមក​។


​បន្ទាប់ពី​បាន​ទិញ​សាំង​វិច​ពី​ហាង Paul ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តែមួយ​នៅ​តំបន់ Creteil នាង Lena អាយុ​២៥​ឆ្នាំ បាន​ហែក​ញ៉ាំ ដោយ​នៅពេលនោះ នាង​បានឃើញ​ដុំ​ខ្មៅ​មួយ​ដុំ​។ ដំបូង​ឡើយ​នាង​គិតថា ជា​កំទេច​សូកូឡា ប៉ុន្តែ​នៅពេល​ពិនិត្យ​ម៉ត់​ហ្មត់​ជាមួយ​មិត្តភក្តិ​ទើប​ដឹង​ច្បាស់​ថា វា​ជា​អាច​ម៌​កណ្តុរ​។
Lena បាន​ត្រឡប់​ទៅ​ហាង Paul វិញ ដោយ​បុគ្គលិក​នៅ​ទីនោះ ចង់​ឲ្យ​សាំង​វិច​ថ្មី​មួយទៀត​ទៅ​នាង តែ​នាង​បាន​បដិសេធ ហើយ​ទាមទារ​ឲ្យ​សងលុយ​វិញ​។ ភ្លាមៗ នាង​មិនមាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​នៅពេល​យប់​ស្រាប់តែ​នាង​មាន​អាកា​រៈ​ក្អួតចង្អោរ​ច្រើនលើក ថែមទាំង​ចេញ​រោគសញ្ញា​ជំងឺ​សើ​ស្បែក​។
Lena បាន​រៀបរាប់ថា​៖ «​គ្រូពេទ្យ ផ្តល់​ប្រឹក្សា​ខ្ញុំ​ឲ្យ​ធ្វើការ​ពិនិត្យ​រោគសញ្ញា​ជាបន្ទាន់ ដោយ​មិនចាំបាច់​ទៅធ្វើ​ការ​នោះឡើយ​។ លទ្ធផល​នៃ​រោគវិនិច្ឆ័យ បាន​បង្ហាញថា នាង​មាន​បញ្ហា​ក្រពះ ពោះវៀន និង​ត្រូវ​ព្យាបាល​ដោយ​ថ្នាំពេទ្យ​។ ដោយសារតែ Lena បានទទួល​លុយ​សំណង​វិញ​ពី​ហាង​រួចទៅហើយ​នោះ នារី​វ័យ​២៥​ឆ្នាំ​រូបនេះ បានសម្រេច​ទារ​ថ្លៃ​សេវាកម្ម​ព្យាបាល​ពី​រដ្ឋ​វិញ​។
​ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​បានកើត​ឡើង ហាង Paul បាន​បិទទ្វារ​ដើម្បី​ធ្វើការ​សម្អាត​អនាម័យ​។ អ្នកទទួលខុសត្រូវ​ក្រុមហ៊ុន Paul បានបង្ហាញ​ការសោកស្តាយ ប៉ុន្តែ​ពួកគេ​បានស្នើ​សុំ​ឲ្យ​មាន​ការធ្វើ​សវនកម្ម​ផ្នែកអនាម័យ​ដើម្បី​បង្ហាញថា ករណី​ដែល​បានកើត​ឡើង​នេះ វា​ជា​រឿង​កម្រ​បំផុត​។
​ថ្វីត្បិតតែ​វា​មិនមែនជា​រឿង​ធំដុំ​ពេក​ណាស់ណា​ក៏ដោយ ប៉ុន្តែ​ករណីនេះ បានធ្វើ​ឲ្យ​ហាង Paul នៅ​តំបន់ Creteil បាក់មុខ​យ៉ាងខ្លាំង ជាពិសេស​បាត់បង់​ទំនុកចិត្ត​ពី​អតិថិជន​ដែល​តែងតែ​បរិភោគ​អាហារ​នៅ​ហាង​មួយ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com