ជាតិ
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃនេះ បានឆក់យកជីវិតមនុស្ស៨នាក់
× ភ្នំពេញ៖ របាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមេសានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានឆក់យកជីវិតពលរដ្ឋខ្មែរចំនួន៨នាក់ របួសធ្ងន់១៨នាក់ និងរបួសស្រាល១៥នាក់។
មនុស្ស៨នាក់ បានស្លាប់ និងរបួសធ្ងន់និងស្រាល៣៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតចាប់ពីម៉ោង១៤ ថ្ងៃទី២៣ ដល់ម៉ោង១៤ ថ្ងៃទី២៤ ខែមេសានេះ។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា។
គេហទំព័រខាងលើ បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ មានចំនួន១០លើក និងខាតខូចយានយន្តចំនួន១៥គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេហទំព័រខាងលើយកមកចុះផ្សាយ បានឲ្យដឹងថា រយៈពេល២៤ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី១-២៤ មេសានេះ មានគ្រោះថ្នាក់ចរាចរណ៍៣២៣លើក និងមានមនុស្សស្លាប់ចំនួន ១៥៧នាក់ ព្រមទាំងមានអ្នករងរបួសចំនួន៥៩១នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាជំងឺដ៏សាហាវ ដែលបានឆក់យកជីវិតពលរដ្ឋខ្មែររៀងរាល់ថ្ងៃ។ ចំណែក មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការបើកបរលើសល្បឿនកំណត់ ការមិនយោគយល់អធ្យាស្រ័យគ្នា និងស្ថានភាពផ្លូវមិនល្អជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com