កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ​តែងតាំង លោក Milovan Rajevac ជា​គ្រូបង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើសជាតិ​
26, Apr 2017 , 4:13 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​ហ្គា​ណា​លោក Milovan Rajevac  ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ជា​ផ្លូវការ ដើម្បី​ជំនួស​តំណែង​គ្រូបង្វឹក​ចាស់​លោក Kiatisuk Senamuang​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ការ​សែត​បាងកក​ប៉ុស្តិ៍​។​



​គ្រូបង្វឹក​សញ្ជាតិ​សែ​ប៊ី វ័យ​៦៣​ឆ្នាំ​រូបនេះ នឹង​ចាប់ផ្តើម​ដឹកនាំ​ជម្រើសជាតិ​ថៃ​ពី​ថ្ងៃទី​៤ ខែឧសភា​នេះ​តទៅ មុនពេល​ថៃ​ត្រូវ​ទទួល​ក្រុម​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជើង​ទី​២ នៅ​ថ្ងៃទី​១៣ ខែមិថុនា នៅ​ទីក្រុង​បាងកក នៃ​វគ្គ​ជម្រុះ​ជុំ​ទី​៣ World Cup ២០១៨​។

Rajevac ធ្លាប់បាន​ដឹកនាំ​ក្រុម​ហ្គា​ណា​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​។ លោក​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​កាតា និង​អាល់​ហ្សេ​រី​ផងដែរ​។​

​បើ​យោងតាម​របាយការណ៍ Milovan Rajevac ទទួលបាន​ប្រាក់បៀវត្សរ៍ ២​លាន​បាត (​ជិត​៦​ម៉ឺន​ដុល្លារ​) ក្នុង​មួយខែ ដែល​ថ្លៃឈ្នួល​នេះ​ស្មើនឹង​ប្រាក់​ដែល FAT ផ្តល់​ឲ្យ Kiatisuk ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ថៃ​បាន​អស់​ឱកាស​ទៅ​រុស្ស៊ី​ហើយ បន្ទាប់ពី​រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្នុងចំណោម​៦​ប្រកួត នៃ​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល B នា​អំឡុង​ក្រោម​ការដឹកនាំ​របស់ Kiatisuk Senamuang៕


Tag:
 បាល់ទាត់​
  Kiatisuk Senamuang
  Milovan Rajevac
© រក្សាសិទ្ធិដោយ thmeythmey.com