អន្តរជាតិ
លួច​ទៅរក​សេវា​ផ្លូវភេទ ប៉ុន្តែ​ចៃដន្យ​ជួប​ភរិយា​ខ្លួន​ដែល​លួច​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​
28, Apr 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​នៅ​អ៊ីតាលី បុរស​ម្នាក់​បាន​លបលួច​ស្វែងរក​សេវាកម្ម​ផ្លូវភេទ បន្ទាប់ពី​បាន​សុំ​ភរិយា​ទៅ​គេង​ផ្ទះ​មិត្តភក្តិ ប៉ុន្តែ​រឿង​ចៃដន្យ​បានកើត​ឡើង ដោយ​ទីតាំង​ដែល​គាត់​បាន​ទៅនោះ គឺជា​កន្លែង​ដែល​ភរិយា​តែងតែ​លបលួច​ប្រកប​របរ​ពេស្យាចា​រ្យ​ផងដែរ​។​



​កាលពី​ថ្ងៃទី​១៧ ខែមេសា លោក Giorgio អាយុ​៤៩​ឆ្នាំ ដែល​រស់នៅក្នុង​ទីក្រុង​រ៉ូម បាន​ចាក​ចេញពីផ្ទះ​ដោយ​ប្រាប់​ប្រពន្ធ​ថា ត្រូវ​ទៅ​ជួប​មិត្តភក្តិ​។ យោងតាម​ការផ្សាយ​រប​ស់កា​សែត​អ៊ីតាលី II Giornale Italiano លោក Giorgio បាន​ប្រាប់​អ្នកស្រី Teresa អាយុ​៣៧​ឆ្នាំ ដែលជា​ភរិយា​ថា លោក​គេង​នៅផ្ទះ​មិត្តភក្តិ​មួយ​យប់​។​

​តាមពិតទៅ រឿងរ៉ាវ​មិនអាច​អូសបន្លាយ​វែងឆ្ងាយ​នោះឡើយ ប្រសិនបើ​លោក Giorgio សម្រេចចិត្ត​ទៅផ្ទះ​ភ្លាមៗ បន្ទាប់ពី​ជួប​មិត្តភក្តិ​រួច ប៉ុន្តែ​ជា​ទម្លាប់​លោក​តែងតែ​ទៅរក​នារី​បម្រើ​សេវាកម្ម​ផ្លូវភេទ​។ សារព័ត៌មាន II Giornale Italiano បាន​លើកឡើងថា រាល់​លើក លោក Giorgio ចូលចិត្ត​ទៅ​ម្តុំ​ដែល​ស្ថិតនៅ​ជាយក្រុង​រ៉ូម ប៉ុន្តែ​លើក​នេះ លោក​បាន​សម្រេចចិត្ត​ទៅរក​នៅ​ផ្លូវ​មួយ​ផ្សេងទៀត​។​

​ភ្ញាក់ផ្អើល​បំផុត នៅពេលដែល​លោក​ចត​រថយន្ត​ស្រាប់​តែមាន​ក្រុម​នារី បាន​ដើរ​សំដៅទៅ​រូបលោក ហើយ​ក្នុងចំណោម​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ស្លៀកសំពត់​ខ្លី និង​ស្ពាយ​កាបូប​ដ៏​ស្រស់ស្អាត​។ លោក Giorgio មើលឃើញ​ភ្លាមៗ​ថា នារី​នោះ គឺ​នាង Teresa ដែលជា​ភរិយា​របស់ខ្លួន​។​

​គ្រាន់តែ​ឃើញ​គ្នា​ភ្លាម អ្នក​ទាំងពីរ​ចាប់ផ្តើម​ប្រវាយប្រតប់​គ្នា និង​ប្រឹង​យកឈ្នះ​រៀងៗ​ខ្លួន ដោយ​មិនមាន​អ្នកណា​ហ៊ាន​ធ្វើ​អន្តរាគមន៍​នោះឡើយ​។ ជម្លោះ​បាន​បន្ត​កាន់តែខ្លាំង​ឡើង រហូតដល់​មាន​អន្តរាគមន៍​ពី​មន្ត្រីប៉ូលិស​ប្រចាំ​មូលដ្ឋាន​។​

​លោក Giorgio បាន​រកឃើញ​ភស្តុតាង​ថា Teresa ដែលជា​ភរិយា​របស់ខ្លួន តែងតែ​លបលួច​ទៅ​ប្រកប​របរ​រកស៊ី​ផ្លូវភេទ នៅពេលដែល​គាត់​មិន​នៅផ្ទះ​។ រឿងអាស្រូវ​នេះ បាន​ភាយ​សុះសាយ​ពេញទី​ក្រុង​រ៉ូម ដោយ​អ្នកតាមដាន​បានផ្តល់​ការសន្និដ្ឋាន​ខុសៗ​គ្នា​។​

​តើ​អ្នក​គិត​យ៉ាងម៉េច​ដែរ​? នេះ​ជា​សំណួរ​របស់លោក Carlo និវត្តជន​ដែលមាន​អាយុ​៧៣​ឆ្នាំ​។ លោក​មើលឃើញថា​៖ «​កំហុស​ភាគច្រើន គេ​ទម្លាក់​ទៅលើ​នារី​។ ប៉ុន្តែ​នៅពេលដែល​ស្វាមី​យល់ថា ភរិយា​ក្បត់​ខ្លួន​នោះ គាត់​មិន​រឹងមាំ​ឡើយ​»​។​

​សម្រាប់ Lorenza អាយុ​៣៦​ឆ្នាំ​វិញ គាត់​គិតថា អ្នក​ទាំងពីរ​សុទ្ធ​តែមាន​កំហុស​។ «​ពិតណាស់ ស្វាមី​បាន​វាយ​ភរិយា​ខ្លួន​នៅពេល​ដឹងថា ភរិយា​ផិតក្បត់ និង​ប្រកប​របរ​ពេស្យាចា​រ្យ​។ ប៉ុន្តែ​រឿង​ពិត​ដែល​មិនអាច​ប្រកែក​បានដែរ​នោះ គឺថា គាត់​តែងតែ​ផិត​ភរិយា​ទៅរក​សេវាកម្ម​ផ្លូវភេទ ដូច្នេះ​គាត់​ក៏​ជា​មនុស្ស​កម្រិត​ទាប​ផងដែរ​»៕


Tag:
 ប្លែកៗ​
  អ៊ីតាលី​
  របរ​រកស៊ី​ផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com