ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍នៃការអានសៀវភៅមុនចូលគេង
× យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ការគេងគឺជារឿងសំខាន់។ ប៉ុន្តែអ្វីដែលអ្នកធ្វើមុនពេលចូលគេងក៏សំខាន់ដែរ។ ទម្លាប់ជាច្រើនអាចបង្កើតបាននូវឥទ្ធិពលដ៏ធំមួយចំពោះការគេង និងសុខភាព។ មានមនុស្សជាច្រើនចូលចិត្តអានសៀវភៅមុនពេលចូលគេង។
បើសិនជារឿងនេះអ្នកចូលចិត្តស្រាប់ហើយ វាពិតជាល្អខ្លាំងណាស់ ព្រោះថាការអានសៀវភៅមុនពេលចូលគេងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យភ្ញាក់ផ្អើល។
បំបាត់ភាពតានតឹង
ការអានសៀវភៅមុនពេលចូលគេងត្រូវបានគេចាត់ទុកថាជាទម្រងនៃការព្យាបាលមួយប្រភេទដើម្បីជួយឲ្យអារម្មណ៍មានភាពធូរស្រាល។ កាលណាមនុស្សមានភាពស្ត្រេសកាន់តែច្រើន វានឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុនាំឲ្យងាយកើតជាជំងឺណាស់។ ដូច្នេះបើសិនជាអ្នកអាចគ្រប់គ្រងស្ត្រេសបានតាមរយៈការអានសៀវភៅ អ្នកនឹងទទួលបានការព្យាបាលដោយខ្លួនឯង។
ជំរុញដល់ការគេង
បើសិនជាអ្នកចង់គេងលក់កាន់តែស្រួល ចូរសាងទម្លាប់អានសៀវភៅមុនពេលចូលគេងទៅ។ វានឹងជួយបន្ធូរដល់ភាពតានតឹងក្នុងរាងកាយ និងត្រៀមខ្លួនសម្រាប់ការគេងលក់កាន់តែស្រួល។ នៅពេលអ្នកអាចទទួលបានទម្លាប់នេះហើយ អ្នកនឹងគេងបានកាន់តែទៀងទាត់។ យកល្អគួរតែអានសៀវភៅកាន់នឹងដៃ កុំអានសៀវភៅអេឡិចត្រូនិកព្រោះវាអាចរំខានដល់ចង្វាក់នៃការងងុយគេងបាន។
ពង្រឹងដល់ភាពឆ្លាតវ៉ៃ
ចូរចាប់ផ្តើមអានសៀវភៅមុនចូលគេងទៅទោះបីជាមានពេលតែ ១៥នាទីក៏ដោយ ព្រោះវានឹងជួយជំរុញដល់សកម្មភាពរបស់ខួរក្បាល និងកោសិកាក្នុងខួរក្បាលកាន់តែមានសុខភាពល្អ។ អ្វីដែលកាន់តែល្អនោះគឺថាការអានសៀវភៅនឹងបង្កើនកោសិកាខួរក្បាលថ្មីៗ។
បង្ការភាពភ្លេចភ្លាំង
ការអានសៀវភៅមុនចូលគេងនឹងជួយជំរុញដល់ឱកាសនៃការប្រឆាំងភាពភ្លេចភ្លាំងបាន។ រឿងនេះគួរតែអរគុណដល់អត្ថប្រយោជន៍ខាងលើដោយសារវាពង្រឹងដល់ភាពឆ្លាតវ៉ៃ។ អ្វីដែលសំខាន់នោះគឺថា ការអានសៀវភៅក៏បន្ថយភាពខូចខាតខាងបញ្ញាស្មារតីដែរ។
បង្កើនជំនាញក្នុងសង្គម
តាមការសិក្សាមួយបានរកឃើញថា ការអានសៀវភៅនឹងជួយឲ្យអ្នកយល់ដឹងអំពីអារម្មណ៍របស់អ្នកដទៃ។ វាក៏ជួយឲ្យអ្នកចេះយល់ចិត្តអ្នកដទៃបានដែរ ដូច្នេះការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនកាន់តែងាយស្រួល។ ការអានសៀវភៅមុនពេលចូលគេងនឹងជួយជម្រុញដល់ជំនាញបត់បែបតាមកាលៈទេសៈក្នុងសង្គមរស់នៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com