ជាតិ
សាលា​រាជធានី​ប្រកាស​បញ្ចប់​ការតវ៉ា​វិវាទ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ តែពលរដ្ឋ​នៅតែបន្តត​វ៉ា​
28, Apr 2017 , 3:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានប្រកាសថា អាជ្ញាធរ​លែង​ទទួលយក​ការតវ៉ា របស់​ពលរដ្ឋ​បឹងកក់ ចាប់ពី​ថ្ងៃ​២៧ ខែមេសា​នេះ​តទៅ ក្រោយពី​អាជ្ញាធរ​បានសម្រេច​ផ្តល់​ដី​ចំនួន ៦​ប្លង់ៗ​ដែលមាន​ទំហំ​ទទឹង​ចំនួន ៤ ម៉ែត្រ​និង​បណ្តា​យ​ចំនួន ១៨ ម៉ែត្រ​ដល់​ពលរដ្ឋ​វិវាទ​សេសសល់​។ តែ​ពលរដ្ឋ​មួយចំនួន នៅតែ​បន្ត​តវ៉ា​នឹង​ការរក​ដំណោះស្រាយ​របស់​អាជ្ញាធរ​។​



​លោក ឃួ​ង ស្រេង បាន​ថ្លែង​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​តែ​ចំនួន​៧ គ្រួសារ​រស់នៅ​ក្នុងភូមិ ១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ប៉ុណ្ណោះ​ដែល​ពុំទាន់​យល់ព្រម​ទទួលយក​សំណង​របស់​អាជ្ញាធរ​។ ថ្លែង​ក្នុង​ស​និ្ន​សីទ​កាសែត ស្តីពី ការដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ នា​សាលា​រាជធានី​ភ្នំពេញ លោក​បានប្រកាស​បិទ​បញ្ចប់​ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​ជា​ផ្លូវការ ដោយ​លោក​ចាត់ទុក​ការ ដោះស្រាយ​បញ្ហា​នេះ​សមរម្យ​ដែល​ពលរដ្ឋ​អាច​រស់នៅ​បាន​តាម​គោលនយោបាយ​រដ្ឋាភិបាល​។​

«​ពួកគាត់ (​ពលរដ្ឋ​) ទាមទារ​ដី​ច្រើនពេក អ្នកខ្លះ​ទាមទារ​ដី​ចង់​ធ្វើ​សេដ្ឋី​តែម្តង​។ អាជ្ញាធរ​មិនអាច​ផ្តល់​តាមចិត្ត​គាត់​នោះទេ​។ យើង​នឹង​រៀបចំ​ជូន​ពួកគាត់​រួម​នឹង​ប្លង់​កម្មសិទ្ធិ​ដីធ្លី ប្រសិន​ពួកគាត់​សម្រេច​ទទួលយក​»​។ លោក ស្រេង បញ្ជាក់​ពី​ដំណោះស្រាយ​ជូន​ពលរដ្ឋ​បឹងកក់​ដែល​បាន​តវ៉ា​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ជិត​មួយ​ទសវត្សរ៍ បើទោះជា​ពលរដ្ឋ​ខ្លះ​មិន​ទទួលយក​សំណង​ក្ដី​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​ពលរដ្ឋ​ត្រូវធ្វើ​ដូចម្តេច ប្រសិន​ពួកគេ​មិន​ព្រម​ទទួលយក​សំណង​? អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា ពួកគេ​អាចដាក់​លិខិតតវ៉ា​ទៅ​អាជ្ញាធរ​ថ្នាក់ជាតិ​ថែមទៀត​។ បើតាម លោក ស្រេង អាជ្ញាធរ​ផ្តល់​សំណង​ដល់​គ្រួសារ​ចុងក្រោយ​ចំនួន ៧ គ្រួសារ ក្នុងនោះ រួមមាន គ្រួសារ​មួយ​ទទួលបាន​ដី​ចំនួន ៤​ប្លង់ និង​ចំនួន​៦ គ្រួសារ​ទៀត​ទទួលបាន​ដី​ចំនួន ២​ប្លង់​ក្នុង​មួយ​គ្រួសារៗ ។ ដី​មួយ​ប្លង់ៗ​មាន​ទំហំ​ទទឹង ៤​ម៉ែត្រ និង​បណ្តោយ​ចំនួន ១៨​ម៉ែត្រ​។​

​យ៉ាងណា ពលរដ្ឋ​ពុំទាន់​ទទួលយក​សំណង​អាជ្ញាធរ​នោះទេ​។ តំណាង​ពលរដ្ឋ​ទាំង ៧​គ្រួសារ លោកស្រី សែន ទូច អាយុប្រមាណ ៥០​ឆ្នាំ កំពុង​ឈរ​តវ៉ា​ក្រៅរបង​សាលាក្រុង​ភ្នំពេញ បាន​និយាយថា ពលរដ្ឋ​ទាំងអស់​នឹង​បន្ត​ដើរ​បាតុកម្ម​តវ៉ា​អាជ្ញាធរ​ពាក់ព័ន្ធ​ថែមទៀត រហូត​ពួកគេ​អាច​ទទួលយក​សំណង​តាម​ការចង់បាន​។ លោកស្រី​ដែល​ទទួលបាន​ចំនួន ២​ប្លង់​រូបនេះ អះអាងថា សាលា​រាជធានី​ភ្នំពេញ បានផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​ទាំង ៧ គ្រួសារ​ចំនួន​សរុប ១១៥២ ម៉ែត្រការ៉េ​ប៉ុណ្ណោះ​។ «​ទំហំ​ដី​នេះ​មិន​ស្មើនឹង​ទំហំ​ដី​គ្រួសារ​ខ្ញុំ​ជាក់ស្តែង​នោះទេ​។ ដី​ខ្ញុំ​មាន​ទំហំ​ចំនួន ៣២០០​ម៉ែត្រការ៉េ​»​។ ស្ត្រី​ដែល​កំពុង​អាជ្ញាធ​រារាំង​ក្រៅរបង​សាលា ក្រុង​ប្រាប់​អ្នកសារព័ត៌មាន​ថា អាជ្ញាធរ​ផ្តល់​ដំណោះស្រាយ​ដោយ​គ្មាន​តម្លាភាព​។​

​លោក សៀ ភារ​ម្យ នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ហាក់​មិន​គាំទ្រ​នឹង​ដំណោះ ស្រាយ​របស់​អាជ្ញាធរ​នោះទេ ដោយ​លោក​បាន​និយាយថា ដំណោះស្រាយ​សមរម្យ​លុះត្រាតែ​ភាគី​ទាំងពីរ​ព្រមព្រៀង និង​ទទួលយក​ដោយ​ភាព​រីករាយ​។​

«​សាលាក្រុង​បាន​បិទ​ឈប់​ដោះស្រាយ​លើ​ករណី​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​អាច​បន្ត​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ទៅ​ថ្នាក់ជាតិ​បាន​»​។ លោក ភារ​ម្យ បញ្ជាក់បន្ថែម ក្រោយពេល​លោក ឃួ​ង ស្រេង បាន​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​ពលរដ្ឋ​ដើរ​តវ៉ា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​សិទ្ធិ​អ្នកដទៃ​។​

​កាលពី​ឆ្នាំ​២០០៨ សាលា​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​អតីត​អភិបាល​លោក កែប ជុតិមា បាន​ចុះ សេចក្តី​ព្រមព្រៀង​ផ្តល់​ដី​សម្បទាន​ទំហំ ១៣៣​ហិកតា​រយៈពេល ៩៩​ឆ្នាំ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ ៧៩​លាន​ដុល្លា ដល់​ក្រុមហ៊ុន​ឯកជន​ស៊ូ​កា​គូ​អ៊ី​ន ដើម្បី​អភិវឌ្ឍន៍​ជាទី​ក្រុង​រណប​។

តាម​គម្រោង​​ក្រុមហ៊ុន​នឹង​ប្រែក្លាយ​តំបន់​បឹងកក់​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​រមណីយដ្ឋាន និង​សេវាកម្ម​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​៕


Tag:
 ឃួ​ង ស្រង​
  បឹងកក់​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com