កីឡាអន្តរជាតិ
អន្តរជាតិ
Guangzhou រង​ពិន័យ​ក្រោយ​អ្នកគាំទ្រ​លើក​បដា​ឌឺដង​ក្លិប​នៅ​ហុងកុង​ថា ជា​ឆ្កែ​អង់គ្លេស
28, Apr 2017 , 7:39 pm        
រូបភាព
បដាដែលសរសេរដោយអ្នកគាំទ្រក្រុមGuangzhouថា បំផ្លាញសត្វឆ្កែអង់គ្លេស  លុបបំបាត់ឯករាជ្យភាពរបស់ហុងកុង
បដាដែលសរសេរដោយអ្នកគាំទ្រក្រុមGuangzhouថា បំផ្លាញសត្វឆ្កែអង់គ្លេស លុបបំបាត់ឯករាជ្យភាពរបស់ហុងកុង
​​ក្រុម​មកពី​លី​ក​កំពូល​របស់​ចិន Guangzhou Evergrande នឹងត្រូវ​រង​ពិន័យ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC) បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​ខ្លួន​បាន​លើក​បដា​ថា « កម្ទេច​ឆ្កែ​អង់គ្លេស​» (Annihilate British Dogs) ក្នុង​គោលបំណង​ឌឺដង​ទៅកាន់​អ្នកគាំទ្រ​ក្រុម Eastern របស់​ហុងកុង នា​អំឡុងពេល​ប្រកួត​វគ្គ​ជម្រុះ​ពាន AFC Champions League កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។



​ម្ចាស់​ជើងឯក​ពាន​ប្រចាំ​ទ្វីបអាស៊ី AFC Champions League ពីរ​សម័យកាល​ត្រូវបាន​ចោទប្រកាន់​២​ករណី ដោយ​ករណី​ទី​១​ទាក់ទិន​នឹង​វិន័យ និង​ទី​២​ទាក់ទិន​នឹង​វិជ្ជាជីវៈ​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​តែម្តង​។ ករណី​ទី​១​ស្ថិតនៅក្រោម​មាត្រា​៥៨ ដែល​ទាក់ទិន​នឹង​ការរើសអើង និង​ករណី​ទី​២​ក្រោម​មាត្រា​៦៥ ជុំវិញ​បញ្ហា​វិជ្ជាជីវៈ​របស់​អ្នកទស្សនា ឬ​ក្រុម​អ្នកគាំទ្រ​។​

​បើតាម​ការចុះផ្សាយ​រប​ស់ Channel News Asia បដា​ដែល​សរសេរ​ដោយ​ក្រុម​អ្នកគាំទ្រ​របស់ Guangzhou Evergrande ថា «​កម្ទេច​ឆ្កែ​អង់គ្លេស  លុបបំបាត់​ឯករាជ្យភាព​របស់​ហុងកុង​» ជា​ពាក្យ​ឌឺដង​ផ្លែផ្កា​ទៅកាន់​អ្នកគាំទ្រ​របស់​ក្លិប​នៅ​ហុងកុង នា​ការប្រកួត​ជម្រុះ AFC Champions League រវាង​ក្រុម​យក្ស​ចិន​ដែល​ដឹកនាំ​ដោយ​អតីត​អ្នកចាត់ការ​ក្រុម Chelsea លោក Luiz Felipe Scolari យកឈ្នះ​ក្រុម Eastern  ៦-០ ក្នុង​កីឡដ្ឋាន Mongkok នាទី​ក្រុង​ហុងកុង​។

​ហុងកុង​គឺជា​អតីត​អាណានិគម​របស់​ចក្រភព​អង់គ្លេស ហើយ​ត្រឡប់មក​គ្រប់គ្រង​ដោយ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧​។ ប៉ុន្តែ​ទឹកដី​នេះ​នៅតែ​បាន​ប្រើ​ប្រព័ន្ធ​សេដ្ឋកិច្ច​នយោបាយ​ដាច់ដោយឡែក ពី​ប្រទេស​ចិន​ដរ​ដែល​។​

​ទំនាក់ទំនង​រវាង​ចិន និង​ហុងកុង​មិនល្អ​សោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​មាន​ប្រជាជន​ហុងកុង​រាប់ពាន់នាក់​ធ្វើការ​តវា​នៅតាម​ដងផ្លូវ​កាលពី​ឆ្នាំ​២០១៤​។ ការ​តវា​នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​ក្នុង​សង្កាត់​នៅ​ទីក្រុង​ហុងកុង​ត្រូវបាន​ជាប់គាំង ដោយសារ​មានការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ពី​សំណាក់​ក្រុង​ប៉េកាំង​៕


Tag:
 បាល់ទាត់​
  Guangzhou Evergrande
  ហុងកុង​
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com