សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាមេរិក​៖ ខោ​ខូវប៊យ​ម៉ូដ​ប្រឡាក់​ភក់​ដាក់លក់​ក្នុងតម្លៃ​៤២៥​ដុល្លារ​ ​
29, Apr 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
ហាង​លក់​សម្លៀកបំពាក់​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក Nordstrom បានដាក់​ខោ​ខូវប៊យ​ម៉ូដ​ប្រឡាក់​ភក់ ក្នុងតម្លៃ​រហូតដល់​ទៅ​៤២៥​ដុល្លារ​អាមេរិក​។ ខោ​ម៉ូដ Barracuda Straight Leg នេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន PRPS ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។​

​ហាង​លក់​សម្លៀកបំពាក់ Nordstrom បាន​ពិពណ៌នា​ថា ខោ​ម៉ូដ​ប្រឡាក់​ភក់ Barracuda Straight Leg នេះ បង្ហាញ​ពី​សកម្មភាព​ការងារ​ដ៏​ហ្មត់ចត់​របស់​ពលរដ្ឋ​អាមេរិក​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​បានលើកឡើង​ថា អ្នក​ដែល​ស្លៀកខោ​បែបនេះ មិនមាន​អារម្មណ៍​ភ័យខ្លាច​ក្នុងការ​ធ្លាក់ចុះ ឬ​ស្ថិតក្នុង​ស្ថានភាព​កខ្វក់​នោះឡើយ​។​

​ផ្ទុយទៅវិញ អតិថិជន​ដែល​ចូលចិត្ត​ទិញ​ទំនិញ​តាម​អ៊ី​ន​ធ័​រ​ណិ​ត មានការ​ហួសចិត្ត និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​បានឃើញ​ខោ​ម៉ូដ​ដ៏​គគ្រិច​មួយ​នេះ បែរជា​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រហូតដល់​ទៅ​៤២៥​ដុល្លារ​អាមេរិក​។ អ្នកខ្លះ​បាន​សរសេរ​ចំអក​ថា ពួកគេ​មាន​ខោ​ដែល​ប្រឡាក់​ភក់​ពិតៗ ហើយ​ដាក់​ក្នុង​តម្លៃថោក​សមរម្យ និង​អាច​ពិភាក្សា​បញ្ចុះតម្លៃ​បន្ថែមទៀត​។​

​លោក Mike Row អ្នក​កាន់​កម្មវិធី​ទូរទស្សន៍​ម្នាក់​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខោ​បែបនេះ​មិនមែនជា​ម៉ូដ​នោះឡើយ ប៉ុន្តែ​វា​ជាការ​ក្លែងបន្លំ​សម្រាប់​ពួក​អ្នកមាន ដែល​គិតថា ការងារ​គឺជា​រឿង​កំប្លែង​មួយ​»៕



© រក្សាសិទ្ធិដោយ thmeythmey.com