ជាតិ
ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត បិទ​បណ្ដោះអាសន្ន​រហូតដល់​ឆ្នាំ​២០២០
02, May 2017 , 8:59 am        
រូបភាព
​សៀមរាប​៖ ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត នឹងត្រូវ​បិទ​ដំណើរការ​បណ្ដោះអាសន្ន រហូតដល់​ការជួសជុល​រួចរាល់​ក្នុង​ឆ្នាំ​២០២០ ទើប​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​។ ស្ពាន​ហាល​នេះ នឹង​ជួសជុល​ផ្នែក​ខាងជើង​ចំហៀង​ខាងលិច មាន​ប្រ​វែ​ង​៩០​ម៉ែត្រ​។



​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត ត្រូវបាន​ជួសជុល​ឡើងវិញ ក្នុងដំណាក់កាល​ទី​៣ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន​។  ដើម្បី​សម្រួល​ដល់​ដំណើរការ​ជួសជុល និង​បញ្ចៀស​គ្រោះថ្នាក់​ដោយ​យថាហេតុ អាជ្ញាធរ​បាន​ផ្អាក​ការធ្វើដំណើរ​បណ្ដោះអាសន្ន​រហូតដល់​ឆ្នាំ​២០២០​។

​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា​៖ «​ស្ពាន​ហាល នឹងត្រូវ​បិទ​បណ្ដោះអាសន្ន​រហូតដល់​ការជួសជុល​រួចរាល់​ក្នុង​ឆ្នាំ​២០២០ ទើប​ឲ្យ​សាធារណជន​ធ្វើដំណើរ​ឆ្លងកាត់​ឡើងវិញ​»​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​



ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត គិត​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៥០​មក ស្ពាន​ហាល​នេះ ត្រូវបាន​ជួសជុល​ឡើងវិញ​៣​ដំណាក់កាល​ហើយ​។ ដោយ​ដំណាក់កាល​ទី​១ គឺ​នៅ​ឆ្នាំ​១៩៥៣ ជួសជុល​ដោយ​ប្រទេស​បារាំង នៅ​ចំហៀង​ខាងជើង​ផ្នែក​ខាងកើត និង​ដើម​ទសវត្ស​ទី​៦០ នៅ​ពាក់កណ្ដាល​ផ្នែក​ខាងត្បូង​ទាំងស្រុង​។ ចំណែក ដំណាក់កាល​ទី​២ ពី​ឆ្នាំ​១៩៩៦-២០០៧ ជួសជុល​ដោយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន រួម​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ផ្នែក​ខាងជើង​ក្នុង​ជំហាន​ទី​១​។​

សម្រាប់​ដំណាក់កាល​ទី​៣ គឺ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​នឹង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា បន្ត​ជំហាន​ទី​២ ជួសជុល​ផ្នែក​ខាងជើង​ចំហៀង​ខាងលិច មាន​ប្រ​វែង​៩០​ម៉ែត្រ ដែល​បើក​ដំណើរការ​ជួសជុល​តាំងពី​ឆ្នាំ​២០១៦ ហើយនឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០​ខាងមុខ​។​



​គួរ​បញ្ជាក់ថា ដើម្បី​ជំនួស​ស្ពាន​ហាល​នេះ អាជ្ញាធរ​បាន​សាងសង​ស្ពាន​អណ្ដែត​ទឹក សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​។ ស្ពាន​អណ្ដែត​ទឹក អាច​ទ្រទម្ងន់​ជាង​៤០០​តោន​ក្នុងពេល​តែមួយ ហើយ​ស្ពាន​នេះ ​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​ឧសភា​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដដែល​៕

Tag:
 ស្ពាន​ហាល​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com