អន្តរជាតិ
នៅលើ​នាវា​ពិឃាត​ចិន Duterte ថា​លោក​មិនទាន់​សម្រេចចិត្ត​ទទួលយក​ការអញ្ជើញ​របស់ ត្រាំ ទៅ​អាមេរិក​
02, May 2017 , 7:19 pm        
រូបភាព
ប្រធានាធិបតី Rodrigo Duterte នៅលើនាវាចម្បាំងចិន (រូបភាព Reuters)
ប្រធានាធិបតី Rodrigo Duterte នៅលើនាវាចម្បាំងចិន (រូបភាព Reuters)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​មិនទាន់​សម្រេចចិត្ត​ឡើយ​ជុំវិញ​ការអញ្ជើញ​ឲ្យ​ទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន បើទោះជា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញលោក​ដោយផ្ទាល់​ក្ដី​។ លោក Duterte ហាក់​នៅ​រារែក​នឹង​ការអញ្ជើញ​នេះ ព្រោះ​លោក​ក៏មាន​កាលវិភាគ​ទស្សនកិច្ច​ប្រទេស​ផ្សេងទៀត​នៅពេល​ខាងមុខ ហើយ​ម្យ៉ាងទៀត​កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​នៅ​អាមេរិក ក៏​មិនទាន់​បានកំណត់​ជាក់លាក់​ដែរ​។



​ស្របពេល​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កើន​កម្ដៅ​ខ្លាំង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទូរ​សព្ទ​ដោយផ្ទាល់​មក​បណ្ដា​មេដឹកនាំ​ហ្វីលីពីន ថៃ និង​សិង្ហ​បុរី កាលពី​ចុង​សប្ដាហ៍​មុន​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​។ លោក ត្រាំ ក៏​ឆ្លៀតពេល​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​ដែរ​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា សុទ្ធតែ​ទទួលយក​ការអញ្ជើញ​នេះ​ភ្លាមៗ​។

​យ៉ាងណាក្ដី ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ត្រាំ នៅ​ថ្ងៃទី​២៩ ខែមេសា មិនទាន់​សម្រេចចិត្ត​ទទួលយក​ការអញ្ជើញ​នេះ​នៅឡើយ​ទេ​។ បើតាម​សារព័ត៌មាន ABS-CBN News លោក Duterte និយាយថា លោក​មិនទាន់​អាច​សន្យា​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ឡើយ ព្រោះ​កាលវិភាគ​របស់លោក​ពិត​ជា​រវល់​ណាស់​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​អំឡុងពេល​ទស្សនកិច្ច​លើ​នាវា​ចិន ប្រធានាធិបតី​ហ្វីលីពីន​បញ្ជាក់ដែរថា លោក​រវល់​ណាស់ ហើយ​លោក​ក៏​មិនអាច​សន្យា​ឲ្យ​ជាក់លាក់​ដែរ ព្រោះ​លោក​ត្រូវមាន​គម្រោង​ទស្សនកិច្ច​នៅ​រុស្ស៊ី និង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​អ៊ីស្រាអែល​ទៀត​។ នេះ​បើតាម​ប្រភពព័ត៌មាន​ខាងលើ ដែល​បាន​បន្តថា លោក​ប្រធានាធិបតី Duterte ក៏​បង្ហាញ​ការព្រួយបារម្ភ​ដែរ​ថា​លោក​ពិតជា​អាច​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​បាន​ឬ​យ៉ាងណាដែរ​។ 

​បើទោះជា​លើក​មូល​ហេតុថា​រវល់​យ៉ាង​ក្ដី គេ​សង្ស័យថា ការណ៍​លោក Duterte មិនទាន់​ចង់ទៅ​អាមេរិក ព្រោះ​ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន ដែល​ធ្លាក់​ចុះក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនទាន់​ល្អប្រសើរ​នៅឡើយ ទោះ​លោក ត្រាំ កាន់អំណាច​ក្ដី​។ មួយវិញទៀត ហ្វីលីពីន ក៏​កំពុង​ជិតស្និទ្ធ​ជាមួយ​ចិន និង​រុស្ស៊ី ដោយ​នាវាចម្បាំង​មហាអំណាច​ទាំង​២ បាន​បណ្ដាក់​គ្នា​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ជា​បន្តបន្ទាប់​។

​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​មហាអំណាច​ទាំងបី ប្រែប្រួល​យ៉ាងខ្លាំង ក្រោយ​លោក Duterte ផ្លាស់ប្ដូរ​នយោបាយ​ការបរទេស ដែល​ធ្លាប់តែ​ពឹងផ្អែក​ខ្លាំង​លើ​អាមេរិក​។ លោក Duterte ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន និង​រុស្ស៊ី ដោយបាន​ដោះដៃ​ចោល​អាមេរិក ជា​សម្ព័ន្ធមិត្ត​រាប់សិប​ឆ្នាំ​របស់ខ្លួន​។ នេះ ក៏​ព្រោះ​អាមេរិក​រិះគន់​ខ្លាំងៗ​លើ​សង្គ្រាម​គ្រឿងញៀន ខណៈ​ចិន និង​រុស្ស៊ី មិន​ខ្វល់​នឹង​រឿង​ទេ ហើយ​មានតែ​ប្រកាស​គាំទ្រ​ចំណាត់ការ​លោក Duterte ទៅទៀត​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com