ពីនេះ ពីនោះ
តើ​ពាក្យ​«​ប្រូ​»(Pro)​មាន​ឫសគល់​មកពីណា​? និង​មានន័យ​ដូចម្តេច​?
04, May 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តាមពិត ពាក្យ​នេះ មិនមែនជា​ពាក្យ​ខ្មែរ​ទេ​។ វា​ជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង និង​ភាសា​អង់គ្លេស​។ មុនដំបូង​ឡើយ ពាក្យ​«​ប្រូ​»​នេះ ក្លាយ​មកពី​ពាក្យ​បារាំង propagande ដែល​មានន័យថា ការឃោសនា ឬ​ការផ្សព្វផ្សាយ​ឲ្យ​គេឯង​បានដឹង បានលឺ​គ្រប់គ្នា​។ ដោយសារតែ​ពាក្យ​នេះ មានន័យថា ឃោសនា ដូច្នេះហើយ​ទើប ពលរដ្ឋ​ខ្មែរ​មួយចំនួន​គិត​ច្រឡំ​ន័យ​បន្តិច​ដោយ​បកប្រែ​ពាក្យ​នេះ​ទៅជា​ការនិយាយ​បំផ្លើស ការនិយាយ​ថែមថយ​ឲ្យ​ខុស​ការពិត​។​ល​។ ឬក៏​ពលរដ្ឋ​ខ្មែរ​ខ្លះទៀត គិតថា ពាក្យ​«​ប្រូ​» គឺជា​ការនិយាយ​ច្រើន​គ្មាន​ន័យ​ខ្លឹមសារ​។



​តែ​ពាក្យ​«​ប្រូ​»​ដដែល​នេះ មានន័យ​ផ្សេង​ពី​អត្ថន័យ​ថា​«​ការឃោសនា​»​។ ពាក្យ​«​ប្រូ​» (Pro) ន័យ​ទី​២​នេះ មកពី​ពាក្យ​ថា professional ជា​ភាសា​អង់គ្លេស និង​Professionnel ជា​ភាសា​បារាំង​។ Professional មានន័យថា អ្នក​អាជីព​។ ក្នុងសម័យ​បច្ចុប្បន្ននេះ នៅពេល​គេច​ង់​និយាយ​អ្វីមួយ​ដែលជា​លក្ខណៈ​អាជីព គេ​ច្រើន​និយាយ​កាត់​ថា​«​ប្រូ​»​។ ឧទាហរណ៍​ថា លោក​«​ក​» គឺជា​ស្ថាបត្យករ​«​ប្រូ​» មានន័យថា គាត់​គឺជា​បុគ្គល​មាន​អាជីព​ពិតប្រាកដ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​។

​សរុបសេចក្តី​មក អ្នកប្រើប្រាស់​ពាក្យ​«​ប្រូ​»​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​។ តើ​ចង់​ប្រើ​ន័យ​«​ប្រូ​»​មួយណា​ឲ្យ​ពិតប្រាកដ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នក​ស្តាប់ ស្តាប់​ច្រឡំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com