ជាតិ
លោក មឿ​ន វណ្ណា Cameraman ដ៏​ជំនាញ ទទួលមរណភាព​ពេល​បំពេញបេសកកម្ម​
04, May 2017 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
​តារា​សម្តែង មិត្ត​រួម​អាជីព និង​សាច់ញាតិ នាំគ្នា​សម្តែង​ការសោកស្តាយ​ការបាត់បង់ លោក មឿ​ន វណ្ណា អ្នក​កាន់​កាមេរ៉ា​ដ៏​ប៉ិនប្រសប់​ម្នាក់ ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៣៥​ឆ្នាំ​។ បើតាម​ប្រភព​នានា លោក​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ នាពេល​បំពេញបេសកកម្ម​ថត​ភាពយន្ត​នៅ​ភ្នំ​បាសិត កាលពី​ល្ងាច​ថ្ងៃទី​៣ ខែឧសភា​។​



​លោក មឿ​ន វណ្ណា ជា​អ្នក​កាន់​កាមេរ៉ា​វីដេអូ​ដ៏​មានបទពិសោធន៍ និង​ប៉ិនប្រសប់​ម្នាក់ ដោយ​លោក​ធ្លាប់បាន​បម្រើការ​នៅ​ផលិតកម្ម​ខ្មែរ​មេគង្គ​ជាង​១០​ឆ្នាំ មុន​បម្រើការ​ជា Cameraman ឯករាជ្យ​។ ខ្មែរ​មេគង្គ ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ​ចំពោះ​ការបាត់បង់​អតីត​បុគ្គ​លិ​ក​របស់ខ្លួន​។​

​ជាមួយគ្នា​ផងដែរ ស្នាដៃ​របស់លោក មឿ​ន វណ្ណា មានការ​ទទួលស្គាល់​ច្រើន​ពី​សំណាក់​តារា​សម្តែង​នានា​នៅ​កម្ពុជា ដោយ​ពួកគេ​បាន​សម្តែង​ការសោកស្តាយ​របស់ខ្លួន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ តារាភាពយន្ត​ជើងចាស់ លោក ទេព រិន្ទ​ដា​រ៉ូ បាន​បង្ហោះ​រូបថត​អនុស្សាវរីយ៍​ជាមួយ លោក មឿ​ន វណ្ណា ហើយ​សរសេរថា​៖ «...​ទើបតែ​ជួបគ្នា​ថ្មីៗ​នេះ​សោះ​ប្អូន​ជាម​នុស្ស​ល្អ​ណាស់ ពិតជា​សោកស្តាយ​ណាស់ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ប្អូន​ទៅកាន់​សុខក​តិ​ភព​ផង​ចុះ​»​។​

​លោក សា​វិ​ន ហ្វី​លី​ព តារា​សម្តែង​ជើងចាស់​ម្នាក់ទៀត បាន​លើកឡើងថា​៖ «​ដោយសារ​តែមាន​ការចូល​រួម​ពី​បុរស​ម្នាក់​នេះហើយ​ដែល​កន្លងមក​រឿង តំលៃ​ស្នេហ៍ របស់​ផលិតកម្ម ខ្មែរ​មេគង្គ ឈ្នះ​ពានរង្វាន់​រហូតដល់ ៤​ពាន តំណាងអោយ​ភាពយន្ត​កម្ពុជា​នៅ​មហោស្រព​ភាពយន្ត "

​តារា​សម្តែង​ជាច្រើន​ទៀត មានដូចជា នី មុន្នីនាថ​, សារាយ ស​ក្ខិ​ណា​, ឆ​យី​, នៅ សូ​នី​តា​, យ៉ែម សំ​អូន ជាដើម ក៏ដូចជា​មិត្ត​រួម​អាជីព សុទ្ធតែ​បានលើកឡើង​ថា លោក មឿ​ន វណ្ណា ជា​ធនធានមនុស្ស​ដ៏​សំខាន់ និង​ជាម​នុស្ស​ដែល​តស៊ូ​ក្នុង​ការងារ​។​

​សព​របស់ លោក វណ្ណា នឹង​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា នៅ​ខេត្តក្រចេះ​ដែល​ស្រុកកំណើត​របស់លោក​៕

​វីដេអូ​ដែល​លោក Matthew Robinson ស្ថាបនិក​ផលិតកម្ម​ខ្មែរ​មេគង្គ ធ្វើ​ដើម្បី​ឧទ្ទិស​ដល់​លោក វណ្ណា​៖




Tag:
 មឿ​ន វណ្ណា​
  Cameraman
  ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com