កីឡាអន្តរជាតិ
អន្តរជាតិ
UEFA គ្រោង​ប្តូរ​រូបមន្ត​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ពី ABAB ទៅ ABBA វិញ
05, May 2017 , 8:19 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) នឹង​កែប្រែ​ប្រព័ន្ធ​ច្បាប់​ថ្មី​សម្រាប់​វគ្គ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេចក្តី​ចុងក្រោយ (Penalty shoot-out)  ដែល​គម្រោង​នេះ​នឹងធ្វើ​ឲ្យ​មាន​ភាព​ស្មើរ​ភាព​គ្នា​ជាង​មុន​រវាង​គូប​ដិ​បក្ស​ទាំងសងខាង​។​



​ប្រព័ន្ធ​ចាស់​ដែល UEFA ដាក់​ឲ្យ​ប្រើ​នាពេល​បច្ចុប្បន្ន​សម្រាប់​វ​គ្គទា​ត់បាល់​១១​ម៉ែត្រ​មាន​ឈ្មោះថា ABAB គឺ​តម្រូវ​ឲ្យ​ក្រុម​ទាំងសងខាង​ទាត់​ម្ខាង​៥​បាល់​ឆ្លាស់គ្នា​ម្នាក់​១​បាល់ ដោយ​ក្រុម A ជា​អ្នក​ទាត់​មុន ហើយ​ក្រុម B ទាត់​តាម​ក្រោយ​រហូតដល់​គ្រាប់​បាល់​ទី​៥​។ ប៉ុន្តែ​ប្រព័ន្ធ​នេះ ត្រូវបាន UEFA យល់ឃើញថា មិនមាន​ភាពស្មើគ្នា​រវាង​ក្រុម​ទាំងពី ដោយ​ក្រុម A ដែលជា​អ្នក​ទាត់​មុន​នោះ​ហាក់​មានប្រៀប​ជាង​ក្រុម B ដែល​ទាត់​តាម​ក្រោយ​។​

​ក្រោម​ហេតុផល​ខាងលើ​នេះហើយ​ទើប UEFA បាន​សាកល្បង​ប្រើ​ប្រព័ន្ធ​ថ្មី​ដើម្បី​ឲ្យ​មាន​ភាព​សុក្រឹត​ជាង​ច្បាប់​ចាស់​ដល់​គូប្រជែង​ទាំងសងខាង​។​

​សម្រាប់​ប្រព័ន្ធ​ថ្មី​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​កំពុង​ពិចារណា​ដាក់​ឲ្យ​ប្រើ​នោះ​គឺមាន​ឈ្មោះថា ABBA ដែល​ស្រដៀង​ទៅនឹង​ច្បាប់ Tie Break របស់​កីឡា​វាយ​កូន​បាល់​ដែរ​។ ប្រព័ន្ធ​ថ្មី​នេះ​គឺ​មានន័យថា ក្រុម A ទាត់​បាល់​មុន បន្ទាប់មក​ក្រុម B ទាត់​២​ជើង​ជាប់​គ្នា ទើប​ផ្លាស់​ទៅ​ក្រុម A ទាត់​២​ជើង​វិញ​រហូត​គ្រប់​៥​បាល់​ទាំងសងខាង ហើយ​បន្ត​ទាត់​ឆ្លាស់គ្នា​បែបនេះ​រហូត​រកឃើញ​អ្នកឈ្នះ​។​



​ច្បាប់​ថ្មី​ខាងលើនេះ UEFA បានសម្រេច​ដាក់​ឲ្យ​ប្រើ​សាកល្បង​ក្នុង​ការប្រកួត​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប​អាយុ​ក្រោម​១៧​ឆ្នាំ នៅ​ប្រទេស​ក្រូ​អាស៊ី​៕


Tag:
 បាល់ទាត់​
  ទាត់​បាល់​១១​ម៉ែត្រ​
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com