ជាតិ
សេដ្ឋកិច្ច
រោងចក្រ​ចម្រាញ់​ប្រេងកាត​តម្លៃ ៦២០ លាន​ដុល្លារ ចាប់ផ្ដើម​សាងសង់​
04, May 2017 , 9:07 pm        
រូបភាព
រូបភាពពីក្រសួង រ៉ែនិងថាមពល
រូបភាពពីក្រសួង រ៉ែនិងថាមពល
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ពន្យារពេល​ជាច្រើនលើក គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ក្រុមហ៊ុន​ក្នុងស្រុក   Cambodian Petrochemical Company (CPC) បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៤​ខែឧសភា​។​



​ក្រុមហ៊ុន CPC ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery Industry Corp ទទួលបាន​អាជ្ញា​បណ្ណ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ពី​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០១២ ។ រហូតដល់​ខែឧសភា​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បានជ្រើសរើស​ក្រុមហ៊ុន​ចិន CNPC North East Refining & Chemical Engineering  សម្រាប់​អនុវត្ត​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដំណាក់កាល​ទី​១ មានតម្លៃ ៦២០​លាន​ដុល្លារ ដែល​ស្ថិតនៅ​ក្នុងស្រុក​ព្រៃនុប ខេត្ត​ព្រះសីហនុ ។ គម្រោង​ទាំងមូល ដែលមាន​២​ដំណាក់កាល មានតម្លៃ​សរុប ១,៦២ ពាន់​លាន​ដុល្លារ​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដំណាក់កាល​ទី​១ នេះ​។ បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​រ៉ែ និង​ថាមពល រោងចក្រ​ចម្រាញ់​ប្រេងកាត​ដំណាក់កាល​ទី​១​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០១៩ ហើយគម្រោងដំណាក់កាលទី២ គ្រោងសាងសង់នៅឆ្នាំ២០២២ ដែលគម្រោងទាំងមូលមាន​សមត្ថភាព​ផលិត​ប្រេង ៥​លាន តោន​ក្នុង​មួយឆ្នាំ​។ ក្រសួង​ឲ្យ​ដឹង​ទៀតថា រោងចក្រ​នេះ​នឹង​ផលិត​ប្រេងម៉ាស៊ូត ហ្គាស និង​ប្រេងសាំង​គុណភាព​ស្ដង់ដារ EURO-5 ដែល​បច្ចុប្បន្ន​មិនទាន់មាន​នៅលើ​ទីផ្សារ​ក្នុង​តំបន់​នៅឡើយ​។

នេះគឺជារោងចក្រចម្រាញ់ប្រេងដំបូងគេនៅកម្ពុជា បើគិតចាប់ពីសម័យកាលក្រោយរបបខ្មែរក្រហមមក៕





Tag:
 ​សេដ្ឋកិច្ច​
 ប្រេងកាត​
© រក្សាសិទ្ធិដោយ thmeythmey.com