ពីនេះ ពីនោះ
ពាក្យ «​ដែល​» និង «​ដោយ​» ប្រើ​សម្រាប់តែ​និយាយ​ភ្ជាប់​ពីមុខ​«​នាមសព្ទ​» និង «​នាម​»​ ប៉ុណ្ណោះ​
05, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​នឹង​ការប្រើប្រាស់​ពាក្យ «​ដែល​» និង «​ដោយ​» ឱ្យបាន​ត្រឹមត្រូវ​តាម​វេ​យ្យក​រណ៍​ខ្មែរ​ឡើយ​។ ពាក្យ «​ដែល​» និង «​ដោយ​» ជា​អាយតនិបាត សម្រាប់​និយាយ​ភ្ជាប់​នៅ​ពីមុខ​«​នាមសព្ទ​» និង «​នាម​» ដើម្បី​ប្រាប់​ដំណើរ​នៃ​អំពើ​អ្វីមួយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ជូន​ណាត​បាន​បកស្រាយ​ពាក្យ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​៖



​ពាក្យ «​ដែល​»
ជា​អាយតនិបាត មានន័យថា ជា​ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ​អ្វីមួយ សម្រាប់​និយាយ​ភ្ជាប់​នាំមុខ​«​នាមសព្ទ​» ដូច​ពាក្យ​ថា​៖ ការដែល​ខ្ញុំ​ធ្វើ​, ពាក្យ​ដែល​គេ​និយាយ​, ដំណឹង​ដែល​ខ្ញុំ​ឮ​, សាលារៀន​ដែល​រាជការ​ចំណាយ​ប្រាក់​ឱ្យ​សង់​។ ល​។

ប្រសិនបើជា «​នាម​» វិញ មានន័យថា សំណល់​, របស់​ដែល​សល់ ឬ​ដែល​គេ​ប្រើប្រាស់​ហើយ​។ ឧទាហរណ៍​៖ ស៊ី​បាយ​ដែល​គេ​, ស្លៀកសំពត់​ដែល​គេ​។

រីឯ​ពាក្យ «​ដោយ​» ជា​អាយតនិបាត មានន័យថា ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ​អ្វីមួយ សម្រាប់​និយាយ​ភ្ជាប់​នាំមុខ​«​នាម​» ដូច​ពាក្យ​ថា​៖ ធ្វើការ​ដោយ​ដៃ​, ដើរ​ដោយ​ជើង​។​ល​។

ប្រសិនបើជា «​កិរិយាសព្ទ​» វិញ ក្នុងន័យ​ទី​១ គឺ ព្រម​តាម​, ប្រតិបត្តិ​តាម​។ ឧទាហរណ៍​ថា កូន​នោះ​មិន​ដោយ​ដំបូន្មាន​សោះ​។  ន័យ​ទី​២៖ ជាប់​តាម​, ជាប់​ទៅជា​មួយ​។ ឧទាហរណ៍​ថា អ្នក​រើ​យក​អីវ៉ាន់​ទៅ ដោយ​ទាំង​សំពត់​ហូល​របស់ខ្ញុំ​មួយ​ទៅ​ផង​។ និង​ន័យ​ទី​៣៖ សេពមេថុនធម្ម​, ធ្វើ​សេវនកិច្ច​, រួម​សង្វាស​, រួម​ប្រវេណី​។ ឧទាហរណ៍​ថា គោ​ដោយ​ញី​ឈ្មោល​, បង​ឯង​នេះ គ្មាន​ស្រី​ណា​គេ​ដោយ​ទេ​! ៕


© រក្សាសិទ្ធិដោយ thmeythmey.com