ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ជិត​បោះឆ្នោត ឯកឧត្តម កឹម សុខា ទៅ​ស្វែងរក​ជំនួយ​ផ្នែក​ថវិកា នៅ​សហរដ្ឋអាមេរិក​
05, May 2017 , 9:44 am        
រូបភាព
​ភ្នំពេញ​៖ ថវិកា គឺជា​ផ្នែក​មួយ​ដ៏​ចំ​បាច់ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​កិច្ចការ​នានា​ទាក់ទង​នឹង​ការបោះឆ្នោត ដំណើរ​ទៅមុខ ដោយ​មិនមាន​បញ្ហា​ចោទ​កើតឡើង​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​បំពេញបេសកកម្ម នៅឯ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ស្វែងរក​ការឧបត្ថម្ភ​ផ្នែក​ថវិកា ដើម្បី​យកមក​ចាយវាយ​ក្នុង​រដូវ​បោះឆ្នោត ក្នុង​ប្រ​ទស​កម្ពុជា នាពេលខាងមុខ​។​



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ នៅក្នុង​សហរដ្ឋអាមេរិក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ចំណាយ​ថវិកា​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ ទៅលើ​កិច្ចការងារ​បោះឆ្នោត​។ អ្វីដែល ឯកឧត្តម កឹម សុខា សង្កត់ធ្ងន់​និង​ចង់​សំដៅ​នោះ គឺ​ការចំណាយ​ទៅលើ​អ្នកសង្កេតការ​បោះឆ្នោត​។

​ក្នុងអំឡុង​នៃ​បេសកកម្ម​នៅឯ​សហរដ្ឋអាមេរិក ឯកឧត្តម កឹម សុខា បានលើកឡើង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ពង្រាយ​អ្នកសង្កេតការ​បោះឆ្នោត​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ នៅតាម​ការិយាល័យ​បោះឆ្នោត ទូទាំងប្រទេស ដើម្បី​សង្កេត​និង​ឃ្លាំមើល​ដំណើរការ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ ឯកឧត្តម កឹម សុខា អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចំណាយ​ថវិកា​ជាង ២០​ម៉ឺន​ដុល្លារ នៅលើ​អ្នកសង្កេតការ​បោះឆ្នោត​ជាង ៤​ម៉ឺន​នាក់​។

​សម្រាប់​ឯកឧត្តម កឹម សុខា ការដាក់​ពង្រាយ​អ្នក​សង្កេត​បោះឆ្នោត គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​អាច​ការពារ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​។ ហេតុ​ដូច្នេះហើយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ហាក់​ចង់​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​អ្នកគាំទ្រ នៅឯ​សហរដ្ឋអាមេរិក ជួយ​គិតគូរ​ពី​បញ្ហា​នេះ តាមរយៈ​ការគាំទ្រ​ផ្នែក​ថវិកា ទោះជា​មិនបាន​និយាយ​ចំៗ​ក៏ពិតមែន​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម កឹម សុខា នៅឯ​សហរដ្ឋអាមេរិក ក៏មាន​គោលបំណង​ស្វែងរក​ថវិកា​ខ្លះ​ដែរ ដើម្បី​យកមក​គាំទ្រ​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ជាពិសេស​ការផ្គត់ផ្គង់​ដល់​អ្នកសង្កេតការ​បោះឆ្នោត​។ លោក និយាយ​ដូច្នេះ​ថា​៖«​បេសកកម្ម​របស់គាត់ (​ឯកឧត្តម​កឹម សុខា​) គឺ​ដើម្បី​ជួប​មន្ត្រី​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក ដូចជា សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា ជាដើម​។ ក្រៅពីនេះ គាត់ ក៏បាន​ជួប​ជាមួយនឹង​សហគមន៍​ខ្មែរ​យើង​នៅ​ទី​នោះដែរ ដើម្បី​ស្វែងរក​ការគាំទ្រ​គំនិត គោលនយោបាយ រួមទាំង​ថវិកា​។ នៅក្នុង​ប្រទេស​កម្ពុជា យើង​រកបាន​មួយចំនួន​ហើយ តែ​យើង​នៅតែ​ត្រូវ​មួយចំនួន​បន្ថែ​ប​ទៀត ពី​ប្រទេសក្រៅ​»​។

​ឯកឧត្តម កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​។ បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ឯកឧត្តម កឹម សុខា នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧​។

​ទាក់ទង​ការដាក់​ពង្រាយ​អ្នកសង្កេតការ​បោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ក៏មាន​កញ្ចប់​ថវិកា​ដែរ ដើម្បី​ចាយវាយ​លើ​បញ្ហា​នេះ​។ នេះ​បើតាម​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​លើកឡើង​កន្លងមក​។

​ប៉ុន្តែ លោក សុខ ឥសាន បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​កំណត់​ឲ្យ​ច្បាស់​នោះទេ ថា​នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន លើ​អ្នកសង្កេតការ​បោះឆ្នោត​។ លោក ធ្លាប់​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹងដាក់​ពង្រាយ​អ្នកសង្កេតការ​បោះឆ្នោត​ជាង ៤​ម៉ឺន​នាក់ ពោលគឺ​ស្មើនឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែរ​។

​យ៉ាងណា រហូតមកដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​គណបក្ស​ដទៃ​ទៀត មិនទាន់បាន​ដាក់សំណើ​ជា​ផ្លូវការ ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​សុំ​ធ្វើជា​អ្នកសង្កេតការ​បោះឆ្នោត នោះទេ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប អះអាងថា បច្ចុប្បន្ន គឺ​មានតែ​អង្គការ​ជាតិ​ចំនួន​៨ និង​អង្គការ​អន្តរជាតិ​ចំនួន​៤​ប៉ុណ្ណោះ ដែល​បានដាក់​សំណើសុំ​ធ្វើជា​អ្នកសង្កេតការ​បោះឆ្នោត​។ លោក អះអាងថា អង្គការ​ជាតិ និង អង្គការ​អន្តរជាតិ​ទាំងនោះ មាន​អ្នកសង្កេតការ​បោះឆ្នោតរ​បស់​ខ្លួន ជាង​២​ម៉ឺន​នាក់​៕


Tag:
 កឹម សុខា​
  រក​ថវិកា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com