ជាតិ
ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ធ្វើ​ឲ្យ​ថៅកែ​ស្រឡាញ់​ជាង​ជាតិ​សាសន៍​ដទៃ​
05, May 2017 , 7:59 pm        
រូបភាព
រូបឯកសារ៖ ពលករ​ខ្មែរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)
រូបឯកសារ៖ ពលករ​ខ្មែរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)
ដោយ: VOA

​ស៊ូ​វុន (​កូរ៉េខាងត្បូង​)៖ ​ពលករ​ខ្មែរ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដែល​ប្រើ​កម្លាំង​ជា​ថ្នូរ​នឹង​លុយកាក់​ច​ញ្ចឹ​ម​ជីវភាព បានធ្វើ​ឲ្យ​ថៅកែ​កូរ៉េខាងត្បូង​ជាច្រើន​រំជួលចិត្ត​និង​កោតសរសើរ​ដល់​ពលក​រ​ខ្មែរ​ថា​ជា​ពលករ មានការ​តាំងចិត្ត​ខ្ពស់​នឹង​គុណភាព​ការងារ​។​



​ធ្វើការ​បណ្តើរ​ថ្លែងប្រាប់​វី​អូ​អេ (VOA)​បណ្តើ​រលោក ឡេង ចាន់​រី អាយុ​៣៤​ឆ្នាំ​មកពី​ខេត្ត ពោធិ៍សាត់ ដែលជា​ពលករ​ចំណាកស្រុក​ផ្នែក​ជ្រៀក​ជ័រ​ក្នុង​រោងចក្រ​មួយ​ក្បែរ​ក្រុង ស៊ូ​វ៉ុ​ន ប្រទេស​កូរ៉េខាងត្បូង​បាន​ថ្លែងថា ថៅកែ​ស្រឡាញ់​ចូលចិត្ត ហើយ​ការងារ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ធ្វើ​ឲ្យ​លោក​អាច​ទ្រទ្រង់​ជីវភាព​បាន​ប្រសើរ​ជាង​កិច្ចការ​ក្នុងប្រទេស​កម្ពុជា​។ លោក​ថា ចំណូលចិត្ត​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ​គឺ​ដោយសារតែ​រោងចក្រ​ស្រុក​ខ្មែរ​ដែល​លោក​ធ្លាប់​ធ្វើការ​នោះ ផ្តល់​ប្រាក់ខែ​ដល់​លោក​ត្រឹមតែ​ជាង​១០០​ដុល្លារ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រាក់ខែ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជិត​២​ពាន់​ដុល្លារ​ក្នុង​១​ខែ​នោះ​។​

«​ខ្ញុំ​មើលទៅ​វា​មាន​គម្លាត​គ្នា​ឆ្ងាយ​ជាក់ស្តែង​»​។​

​លោ​កថា​លោក​ចូលចិត្ត​លក្ខខណ្ឌ​ការងារ​នៅក្នុង​រោងចក្រ ដោយ​មួយថ្ងៃ​លោក​ធ្វើការ តែ​៨​ម៉ោង គ្មាន​ការរំលោភ​សិទ្ធិ គ្មាន​ការប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​ពី​ថៅកែ ហើយ​នៅពេល​ធ្វើកា​ងារ​ថែម​ម៉ោង ថៅកែ​នឹង​ផ្ត​ល់កំ​រ៉ៃ​បន្ថែមទៀត​ដើម្បី​ចិញ្ចឹម​ប្រពន្ធ កូន​២​នាក់ ហើយ​និង​គ្រួសារ​នៅ​ស្រុក​ខ្មែរ​។ ក្រៅពីនោះ​ថៅកែ បានផ្តល់​បាយទឹក និង​កន្លែង​ស្នាក់នៅ​ដើម្បី​ធ្វើ​ការដែល​លោក​ថា លោក​ចង់ឃើញ​ពលករ​ខ្មែរ​មក​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​បាន​ច្រើន ហើយ​កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្មែរ ទទួលបាន​លក្ខខណ្ឌ​ការងារ​ល្អ មានការ​គោរព សិទ្ធិ​កម្មករ ហើយ​និង​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ដូចគ្នា​នឹង​ប្រទេស​កូរ៉េខាងត្បូង​នេះ​។​

«​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ខ្មែរ​បានមក​ឲ្យ​បាន​ច្រើន ហើយក៍​ចង់​ឲ្យ​នៅ​ស្រុក​ខ្មែរ​មានការ​ងារ​ល្អ មានការ​ងារ​បាន​ប្រាក់ខែ​ច្រើន​ដូច​នៅ​គេ​ដែរ​»​។​

​រោងចក្រ​ជ្រៀក​ជ័រ​សម្រាប់ធ្វើ​គ្រឿង​បម្លាស់​រថយន្ត​និង​គ្រឿងចក្រ​ផ្សេងៗ​នេះ​រក ចំ​ណួ​ល​ជា​មធ្យម​ប្រមាណ​៧០​ម៉ឺន​ដុល្លារ​ស​.​រ​.​អា​ក្នុង​មួយឆ្នាំ ដោយ​ប្រើប្រាស់​ពលករ ខ្មែរ​ពីរ​នាក់​និង​កូរ៉េខាងត្បូង​ពីរ​នាក់​ដើម្បី​បញ្ជា​ម៉ាស៊ីន​ជ្រៀក​និង​រុំ​បន្ទះ​ជ័រ​ជា​ដុំៗ​សម្រាប់​ការដឹក​ចេញទៅ​ផ្គត់ផ្គង់​នៅ​សហគ្រាស​ក្នុងស្រុក​។​

​ថ្លែងប្រាប់ វី​អូ​អេ នៅក្នុង​រោងចក្រ​លោក ហ៊ូ​វ ជិន ហ្គូ (Heo Jin Gu) ដែលជា​មេការ​រោងចក្រ​បាន​ថ្លែងថា រោងចក្រ​លោក​មានការ​ប្រកួតប្រជែង​ច្រើន​ទាំង​គុណភាព​នៃ​ការផលិត​និង​បរិមាណ​នៃ​ការផ្គត់ផ្គង់​ដល់​សហគ្រាស​ធំៗ​។​

«​ទីមួយ​ឥ​វ៉ាន់​ទាំងអស់​ហ្នឹង នាំចូល​ពី​ខាងក្រៅ​មក​ខ្លះ ក្នុងប្រទេស​ខ្លះ ដើម្បី​យកមក​កែច្នៃ ហើយ​បន្ទាប់មក​យើង​លក់​ឲ្យ​ក្រុមហ៊ុន​ដទៃទៀត​ដើម្បី​គេ​កែច្នៃ​ចូលក្នុង​គ្រឿង អគ្គីសនី​»​។​

​លោក ហ៊ូ​វ ជិន ហ្គូ បង្ហាញ​ពី​ការគោរព​ស្រឡាញ់​ដល់​ពលករ​ចំណាកស្រុក​ជនជាតិខ្មែរ​ដែល​ចេះ​អត់ធ្មត់ ស្រឡាញ់​ការងារ ស្លូតបូត និង​ឆ្លាត​វៃ​។​

«​ខ្ញុំ​បានធ្វើការ​ជាមួយ​ជនជាតិ​ដទៃទៀត តែបើ​ប្រៀបធៀប​គ្នា ខ្មែរ​យើង​គឺ​ល្អ​ជាង​។ បើ​ជនជាតិ​ផ្សេង ដូចជា​ជនជាតិ​ចិន​ជាដើម ធ្វើការ​ហាក់ដូចជា មិន​ដូច​អ្វីដែល​ខ្ញុំ​ចង់បាន មិនសូវ​ស្លូតបូត​ជាដើម​»​។​

​នៅឯ​រោងចក្រ​ផលិត​គ្រឿង​ម៉ាស៊ីនត្រជាក់​មួយ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ស៊ូ​វ៉ុ​ន ដែរនោះ ថៅកែ​កូរ៉េ លោក ឌូ ស៊ុ​ង លី ( Doo-Sung Lee) ក៏បាន​បង្ហាញ​ពី​ការចូល​ចិត្ត​ជន ជាតិខ្មែរ​ផងដែរ​។​

«​ពីមុនមក​ក៏មាន​ជនជាតិ​ថៃ ជនជាតិ​វៀតណាម​ដែរ ធ្វើការ​នៅទីនេះ​ដែរ ចម្រុះ​ជាតិ សាសន៍ តែ​ដោយសារតែ​ក្រោយមក​ឃើញថា ជនជាតិខ្មែរ​យើង​ធ្វើ​ការងារ​បានល្អ គាត់​ក៏​ជម្រុះ ម្តង​មួយៗ នៅសល់តែ ជនជាតិខ្មែរ ហើយ​និង​ជនជាតិ​កូរ៉េ​តែម្តង​»​។​

​លោក​បាន​បន្តថា​រោងចក្រ​របស់លោក​បានផ្តល់​ប្រាក់ខែ​ច្រើន​ដល់​ជនជាតិខ្មែរ​និង​កូរ៉េ សឹងតែ​ប្រហាក់ប្រហែលគ្នា ក្រៅពី​ផ្តល់​ជម្រក ម្ហូបអាហារ​ដើម្បី​ជា​កម្លាំងចិត្ត​ឲ្យ​ពលករ ផ្តោត​ការងារ​ជាពិសេស​ទៅលើ​គុណភាព បរិមាណ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​រោងចក្រ​ផ្សេង​។​

«​មានការ​ប្រកួតប្រជែង​ច្រើន​មិនតិច​ទេ​។ អញ្ចឹង​ហើយ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ហ្នឹង​ថោក​ជាងគេ គុណភាព​ឲ្យ​ខ្ពស់​ជាងគេ​។ បើ​មិន​អញ្ចឹងទេ គេ​នឹង​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ផលិត​ហើយ​។ ដូច្នេះ​ដើម្បី​ឲ្យ​យើង​បាន​ផលិត​មានការ​ងារ​ធ្វើ​តទៅទៀត ទាល់តែ​យើង​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ថោក​ជាងគេ គុណ​ភាពល្អ​ជាងគេ​ដើម្បី​ឲ្យ​ប្រកួតប្រជែង​ជាមួយ​គេ​បាន​»​។​

​ព្រឹម ភូមី ជា​ពលករ​ផ្នែក​ម៉ាស៊ីនត្រជាក់​កំពុងធ្វើការ​ពី​ម៉ាស៊ីន​មួយ​ទៅ​ម៉ាស៊ីន​មួយទៀត បាន​និយាយថា មុខរបរ​ជា​គ្រូបង្រៀន​នៅ​ស្រុក​ខ្មែរ​មិនអាច​ឲ្យ​លោក​រស់​បានទេ​។ លោក​បង្ខំចិត្ត​មក​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​អាច​សន្សំ​ប្រាក់​ខ្លះ​បង្កើត​មុខរបរ​ពេល​ត្រឡប់​ទៅ​ស្រុកកំណើត​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​វិញ​។​

«​ដោយសារ​ខ្ញុំ​ជា​អតីត​គ្រូបង្រៀន ខ្ញុំ​ទៅវិញ ខ្ញុំ​ចង់​បង្កើត​មុខរបរ​ណា​ដែល​ទាក់ទង​នឹង វិស័យ​អប់រំ ដូចជា​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​ដែល​ខ្ញុំ​ចេះ ឬក៏​ជំនាញ បំ​និ​ន​ជីវិត​ហ្នឹង​ដើម្បី​បណ្តុះបណ្តាល​»​។​

​លោក​បាន​ថ្លែងថា លោក​ចង់ទៅ​ផ្ទះ​វិញ​ដើម្បី​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ ប៉ុន្តែ​ថៅកែ​ឃាត់ មិនទាន់​ឲ្យ​ទៅវិញ​នៅឡើយ​ទេ​។​

​ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េខាងត្បូង​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​២០​ឆ្នាំ​ហើយ​តាំងពី​ឆ្នាំ ១៩៩៧​មក​។ ទំនាក់ទំនង​នេះ បានធ្វើ​ឲ្យ​មានការ​រឹតចំណង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទទួល​ពលករ​ទៅធ្វើ​ការងារ ការផ្លាស់ប្តូរ​វប្បធម៌ សាសនា​និង​ការអប់រំ​ជាដើម​។​



​ក្រុមនិស្សិត​ខ្មែរ​មក​រៀន​នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនូ​ន​ជិត​៤០០​នាក់ ហើយ​ថ្មីៗ​ក្រុម​គ្រូបង្រៀន​កម្ពុជា​ថ្នាក់​បឋម​និង​មធ្យមសិក្សា​ក៏មាន​ការផ្លាស់ប្តូរ​ពិសោធន៍​ទៅវិញទៅមក​ក្រោម​គម្រោង​របស់​អង្គការ​យូណេស្កូ​។​

​លោក អ៊ុន វីរៈ គ្រូបង្រៀន​វិទ្យាល័យ​យុគន្ធរ បាន​ថ្លែងប្រាប់​វី​អូ​អេ​ពី​សារៈសំខាន់​នៃ ទំនាក់ទំនង​ផ្នែក​អប់រំ​។​

«​អ្វីដែល​យូណេស្កូ​បាន​បញ្ជូន​គ្រូបង្រៀន​ពី​ស្រុក​ខ្មែរ​ដើម្បី​មក​ផ្លាស់ប្តូរ​ជាមួយ​គ្រូ​នៅ​កូរ៉េ​នេះ មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​»​។​

​អ្នកគ្រូ អ៊ុ​ល សេដ្ឋា​វី នៃ​សាលាបឋមសិក្សា​ទួលគោក​បាន​ថ្លែងថា​៖

«​ពួកយើងខ្ញុំ​នេះ​មកពី​ស្រុក​ខ្មែរ​មាន​អ្នកគ្រូ លោកគ្រូ​ចំនួន​៦​នាក់ ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ យើង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​រវាង​កូរ៉េ​និង​កម្ពុជា​យើង​»​។​

​ក្រុម​គ្រូបង្រៀន​បាន​និយាយ​ស្រដៀង​គ្នា​ថា បទពិសោធន៍​នានា រាប់ទាំង​ការបង្រៀន ដែល​សម្បូរ​ទៅដោយ​សម្ភារៈ ថ្នាក់រៀន​មាន​សិស្ស​តិច វិធីសាស្ត្រ​នៃ​ការបង្រៀន​និង​បទពិសោធន៍​ផ្សេងទៀត​គឺជា​រឿង​ដែល​អាច​ដក​ពិសោធន៍​បាន​។​

​ក្រុម​គ្រូបង្រៀន​ទាំងនេះ បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជាមួយ​ពលករ ពល​ការិនី​ខ្មែរ​ក្នុង​ក្រុង ស៊ូ​វុន ប្រទេស​កូរ៉េខាងត្បូង ដូចជា​ព្រះសង្ឃ​ដែល​ត្រូវបាន​និមន្ត មកពី​ប្រទេស​កម្ពុជា​ផងដែរ​។​

​ព្រះតេជព្រះគុណ ភោគ គឹ​ង គង់នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ត្រូវបាន​និមន្ត​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​បានបង្ហាញ​ពី​ភាព​រីករាយ នៅពេល​ឃើញ​ពុទ្ធសាសនិក​ខ្មែរ​ក្មេងៗ​ប្រា​ព្វ​ពី​ធី​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​

«​អាត្មា​មើលឃើញ​ក្មេងៗ​បងប្អូន​ពលករ ពល​ការិនី​ដែល​ប្រារព្វ​ពិធី​ក្នុងប្រទេស​កូរ៉េ​នេះ មាន​លក្ខណៈ​ល្អប្រសើរ គិត​ទៅ​កន្លែង​ខ្លះ​គ្រាន់​ជាង​នៅ​ស្រុក​ខ្មែរ​ទៀត​។ គ្រាន់​ជាង​នៅ​ស្រុក​ខ្មែរ​អាត្មា​បង្ហាញ​ត្រង់ចំណុច​ក្មេងៗ​ប្រារព្ធ​ពិធី​ហ្នឹង អត់​មាន​ការកាប់ចាក់​គ្នា អត់​មាន​វ៉ៃ​គ្នា លេងល្បែង​ដូចជា​បាចទឹក​និង​ទាក់ទង​នឹង​ច្បាប់​របស់​កូរ៉េ​ផង ហើយ​ប្រពៃណី​ខ្មែរ​ដែល​គេ​ប្រារព្វ​ឡើង​ឃើញថា​ល្អប្រសើរ​»​។​



​ព្រះតេជព្រះគុណ​មាន​សង្ឃដីកា​បន្ថែមថា ព្រះ​តេជគុណ​បាន​និមន្ត​ចូលរួម​ក្នុង​ពិធី បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជាច្រើន​កន្លែង ដែលមាន​ពលករ ពល​ការិនី​ខ្មែរ ធ្វើការ​នៅ​ទីនោះ​។​

​ព្រះតេជព្រះគុណ រិ​ន សារ៉ូ ជា​ប្រធាន​មជ្ឈមណ្ឌល​ពុទ្ធសាសនា​ខ្មែរ​នៅ​កូរ៉េ​មាន ថេរ​ដីកា​ថា មជ្ឈមណ្ឌល​ដែល​ព្រះតេជព្រះគុណ​គង់នៅ គឺ​កើតឡើង​ដោយសារ ពុទ្ធបរិស័ទ​ខ្មែរ កាលពី​ឆ្នាំ​២០០៨​។​

«​បងប្អូន​ខ្មែរ​យើង​ដែល​មក​ធ្វើការ​នៅទីនេះ​ទៅដល់​ពេល​ជួប​ព្រះសង្ឃ​ទៅ​មានបំណង​ចង់​ធ្វើបុណ្យ​ធ្វើ​ទាន តែ​ធ្វើ​នៅ​រោងចក្រ​អត់​កើត​។ អញ្ចឹង​ក៏​ព្រម​គ្នា ធ្វើ​កូន​កុ​ដ​មួយ ទៅ​»​។​

​ព្រះតេជព្រះគុណ រិ​ន សារ៉ូ មាន​សង្ឃដីកា​បន្ថែមទៀត​ថា មជ្ឈមណ្ឌល​ពុទ្ធសាសនា​នេះ​ដើរតួនាទី​សំខាន់ នៅពេល​ត្រូវការ​ជំនួយ​ផ្សេងៗ​រាប់ទាំង​ផ្តល់​ការ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន ហើយ​និង​បញ្ហា​នៅ​កន្លែង​ការងារ​ដែល​ពិបាក​នឹង​ដោះស្រាយ​។​

«​ពេល​មាន​បញ្ហា​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​។ តាមពិតទៅ​គេ​មាន​ខាង​ម​ជ្ឃ​មណ្ឌល ខាង​អង្គការ​សាសនា ជួយ​ជ្រោមជ្រែង​ច្រើន ដល់ពេល​មាន​បញ្ហា​មិនដឹង​និយាយប្រាប់ គេ​យ៉ាងម៉េច​។ ដល់ពេល​មិនដឹង​និយាយ ប្រាប់​គេ​ថា​ម៉េច បញ្ហា​វា​ចេះតែ​កើន​ថា​ដោះ ស្រាយ​អត់​ចេញ តាម​ការពិត​បញ្ហា​ខ្លះ​ដោះស្រាយ​ងាយ​ទេ​»​។​

​លោក យឹម ស៊ី​ណុន ប្រធាន​សមាគម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​អះអាងថា ពលករ​មានការ​លំបាក​ដោយសារ​បញ្ហា​ភាសា ជាពិសេស​នៅពេល​ឈឺ​ថ្កាត់​។​

«​ជាធម្មតា​ពូក​គាត់​នៅទីនេះ​គាត់​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព ដូចជា​ការឈឺ ថ្កាត់ ផ្តាសាយ មាន​លក្ខណៈ​ធម្មតា គាត់​មាន​សិទ្ធិ តែ​សិទ្ធិ​ដែល​គាត់​ទៅ​ត្រូវ​ឆ្លងកាត់​ថៅកែ​មេការ ដែល​គាត់​ត្រូវ​អនុញាត ព្រោះ​អី​ធម្មតា ពួក​កូរ៉េ​ជា​អត្តចរិត ផ្ទាល់​តាមច្បាប់​គាត់​មិនអាច​ឃាត់​បានទេ ព្រោះ​យើង​ឈឺ យើង​ត្រូវតែ​សម្រាក តែដោយសារ​តែ អត្តចរិត​នៃ​ការធ្វើការ​លឿន​ប្រញាប់​របស់​ពួកគាត់​ហ្នឹង ឈឺ​តិចតួច​គាត់​មិន​ចង់​មានការ​អនុញាត​ឲ្យ​ស្រួល​ទេ​»​។​

​ពលករ​ខ្មែរ​បាន​និយាយ​ពី​ផល​លំបាក​នៅពេល​មក​ធ្វើការ​ដំបូងៗ ដោយសារ​ត្រូវ​រៀន ជម្នះ​នឹង​ភាព​ត្រជាក់ ភាសា ទំនៀមទម្លាប់​កូរ៉េ និង​លិខិតស្នាម​នានា​ពេល​មាន​អាសន្ន​។ ក្រុម​ពលករ​បាន​ទទូច​ដល់​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េខាងត្បូង ជួយផ្តល់​សេវាកម្ម​ឬ​យោបល់​ដល់​ពលករ​បន្ថែ​ម​ទៀត​។​

​ក្រៅពី​ប្តេជ្ញា​ជួយ​សម្រួល​ដល់​ពលករ​និង​ពល​ការិនី​សរុប​ជាង​៦៥០០០​នាក់​និង​ការ លើកឡើង​ពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​នានា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចាប់ផ្តើម​ជាមួយនឹង​កូរ៉េខាងត្បូង​កាលពី​២០​ឆ្នាំមុន លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ បាន​លើកទឹកចិត្ត​ដល់​ពលករ​កូរ៉េ ឲ្យ​យកចិត្តទុកដាក់ ហើយ​រក្សា ឯតទគ្គ​កម្ម ជា​ពលករ​ល្អ ក្នុងចំណោម​១៦​ប្រទេស​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

«​អញ្ចឹងទេ​កម្ពុជា​យើង​ជា​ប្រទេស​ដែលជា​ប្រទេស​មាន​ចំណាត់ថ្នាក់​លេខ​មួយ​ខាង គុណភាព​ពលករ​។ អញ្ចឹង​សូម​ឲ្យ​បងប្អូន​ទាំងអស់​ខិតខំ​រក្សា ហើយ​ដើម្បី​ឲ្យ​បាន ចំណាត់ថ្នាក់​នេះ យើង​ត្រូវតែ​ខិតខំ​ធ្វើការ ខិតខំ​អនុវត្ត​ច្បាប់ គោរព​វិន័យ​ឲ្យ​បានល្អ​»​។​

​លោក អ៊ិត សំហេង បាន​ទទូច​យ៉ាង​ដូច្នេះ ក្នុងពេលដែល​លោក​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពី​ធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​នៅក្នុង​ក្រុង​ស៊ូ​វ៉ុ​ន ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៦ ខែមេសា​ដែល​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ​បានរៀបចំ​ពី​ធី​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ ដើម្បី​ឲ្យ​ពលករ​បាន​ជួបជុំ​កម្សាន្ត​សប្បាយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com