អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី​ព្រមាន​ថា វិបុលភាព​អាមេរិក​ប្រឈម​គ្រោះថ្នាក់ បើ​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​
06, May 2017 , 7:39 pm        
រូបភាព
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន NPR ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan បាន​ព្រមាន​ថា ការបោះបង់​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​នឹងធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ឥទ្ធិពល​និង​វិបុលភាព​របស់ខ្លួន​ក្នុង​តំបន់​។ ហើយ​ការសម្រេចចិត្តរ​ចាក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​កន្លងមក​ក៏បាន​ធ្វើ​ឲ្យ​សិង្ហ​បុរី​ខកចិត្ត​ខ្លាំង​ដែរ​។​

 
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan  ជឿជាក់ថា ឥទ្ធិពល​និង​វិបុលភាព​អាមេរិក​ប្រឈម​គ្រោះថ្នាក់ នៅពេលដែល​អាមេរិក​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះ​។ លោក​លើកឡើង​បែបនេះ​ឆ្លើយតប អ្នក​សម្ភាស​របស់​សារព័ត៌មាន NPR ពេល​សួរ​ពាក់ព័ន្ធ​ការបញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) កន្លងមក​។​
 
​លោក Vivian Balakrishnan បាន​សង្កត់ធ្ងន់ថា ចំណង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​តំបន់​អាស៊ាន​ទាំងមូល​សំខាន់​ខ្លាំងណាស់ ហើយ​អាស៊ាន​នេះ​ជា​តំបន់​ដែល​ផ្តល់​ប្រយោជន៍​ឲ្យ​អាមេរិក​ច្រើន​ទៀត​។ ប៉ុន្តែ​អាមេរិក​ស្រាប់តែ បោះបង់ចោល​តំបន់​ដែល​ស្វាគមន៍​ក្រុមហ៊ុន​អាមេរិក ស្វាគមន៍​ក្រុមហ៊ុន​អាមេរិក ស្វាគមន៍​ប្រជាជន​អាមេរិក ហើយ​អ្វីដែល​សំខាន់​ជាង​នេះ​វា​ជា​កន្លែង​ដែល​ផ្តល់​ផ្តល់ឱកាស​ច្រើន​ដល់​អាមេរិក​ទាញយក​ប្រយោជន៍​ពាណិជ្ជកម្ម​នោះ​។ 
 
​ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​អាស៊ាន​ដែលមាន​ប្រជាជន​ដល់​ទៅ​៦៣០​លាន​នាក់​នោះ​ធំធេង​មែនទែន ហើយ​អ្វីដែល​សំខាន់​អាមេរិក​បាន​វិនិយោគ​នៅក្នុង​តំបន់​ច្រើនជាង​ទំហំ​វិនិយោគ​ចិន​, ជប៉ុន និង​ឥណ្ឌា​បូ​កប​ញ្ជូ​ល​គ្នា​ទៅទៀត​។ 
 
​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ភ្លាម​នៅ​ចុងខែ​មករា លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ស្តង់ដា​មាស​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែលមាន​ភាគី ១២ ក្នុងនោះ​មាន​រដ្ឋ​អាស៊ាន​ចំនួន​៤​ផង​។ ការសម្រេចចិត្ត​នេះ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ដែល​រំពឹង​លើ​អាមេរិក​ដូចជា​សិង្ហ​បុរី​នេះ​ខកចិត្ត​ខ្លាំង និង​បារម្ភ​ពី​អនាគត​នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​មួយ​នេះ​ជាមួយ​តំបន់​អាស៊ាន​ផង​។​
 
​ក្នុង​បទ​សម្ភាស​នេះ ប្រមុខ​ការទូត​សិង្ហ​បុរី​បាន​ព្រលយ​ថា សិង្ហ​បុរី ពិតជា​ខកចិត្ត​ចំពោះ​អាមេរិក​ដែល​បោះបង់ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​មែន​។ 
 
«​ក្នុង​កាលៈទេសៈ​នេះ យើង​ពិតជា​ខកចិត្ត​ណាស់​។ យើង​ខកចិត្ត​ដែល​អាមេរិក​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​។ យើង​ឃើញថា​វា​ជា​ឱកាស​មួយ​សម្រាប់​សមាហរណកម្ម​ម​សេដ្ឋកិច្ច​។ យើង​មើលឃើញថា វា​ជា​អ្វីដែល​បញ្ជាក់​ពី​គោលជំហរ​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​ក្នុង​រយៈពេល ៧០​ឆ្នាំ​មកហើយ​។ កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​ស្តង់ដា​ខ្ពស់ ដែល​ពឹងផ្អែក​លើក​គោលការណ៍​ទីផ្សារសេរី​, ពាណិជ្ជកម្ម​ស្មោះត្រង់ ត្រឹមត្រូវ គិតគូរ​ពី​កម្មសិទ្ធិបញ្ញា​, ស្តង់ដា​ការងារ និង​គិត​បាន​ដិតដល់​ពី​ការការពារ​បរិស្ថាន​ជាដើម​»​។​នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក លោក Vivian Balakrishnan ។​
 
​ថ្វីបើ​សិង្ហ​បុរី​ខកចិត្ត​ក៏ដោយ សិង្ហ​បុរី​នៅ​មានជំនឿថា អាមេរិក​នឹង​អាច​គិត​ឡើងវិញ​និង​បន្ត​កសាង​ចំណង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នៅពេល​ខាងមុខ​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​គេ​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ពី​ក្រុង​វ៉ាស៊ីនតោន​ដែល​ពាក់ព័ន្ធ​ការបន្ត​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍​កាលពី​ចុងខែ​មេសា​កន្លងទៅ លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក បានប្រកាសថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍​នៅ​ខែវិច្ឆិកា​ខាងមុខ​។​លោក​នឹង​ទៅ​វៀតណាម​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)  និង​បន្ត​មក​ចូលរួម​កិច្ចប្រជុំ​សំខាន់​ពីរ​ទៀត​នៅ​ហ្វីលីពីន​មានដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​និង​កិច្ចប្រជុំ​អាស៊ាន​អាមេរិក​។ វត្តមាន​លោក ដូ​ណា​ល់ ត្រាំ ជម្រះ​មន្ទិលសង្ស័យ​ខ្លះៗ​ថា អាមេរិក​មិនអាច​បោះបង់ចោល​តំបន់​អាស៊ាន​ឡើយ​៕ 
 
 
 

Tag:
 Vivian Balakrishnan
  TPP
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com