ជាតិ
សេដ្ឋកិច្ច
ជប៉ុន​នឹង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប
06, May 2017 , 7:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប​នៅ​ដើមឆ្នាំ​២០១៨ ដើម្បី​ឆ្លើយ​តាម​នឹង​កំណើន​ភ្ញៀវទេសចរ​ជប៉ុន​មក​កម្សាន្ត​នៅ​កម្ពុជា​។ នេះ​បើតាម លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ដកស្រង់​សំដី នៅ​ថ្ងៃទី​២​ខែឧសភា​។


​លោក ជុំ ស​ន្ទ​រី បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង លោក Nobuo Kishi អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន នៅ​ថ្ងៃទី​២​ខែឧសភា​ថា អនុរដ្ឋមន្ត្រី​ជប៉ុន​បាន​លើកឡើងថា​រដ្ឋាភិបាល​ជប៉ុន​នឹង​បើក​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​ក្នុងអំឡុង​ខែមករា​ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​នូវ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ​។​
 
​លោក ជុំ ស​ន្ទ​រី បន្ត​ប្រាប់​អ្នកសារព័ត៌មាន​ទៀតថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បាន​ស្វាគមន៍​ចំពោះ​ការបើក​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​នៅ​ខេត្តសៀមរាប​នេះ ដោយ​លោក​រំពឹងថា​ការិយាល័យ​កុងស៊ុល​នេះ នឹង​រួមចំណែក​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ជប៉ុន​មក​កម្ពុជា ក៏ដូចជា​បង្កើន​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​
 
​ភ្ញៀវទេសចរ​ជប៉ុន​បាន​ឈរ​នៅ​លេខ​រៀង​ទី​៧ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​មក​ទស្សនា​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ។ នៅ​ឆ្នាំ​មុននេះ កម្ពុជា​បាន​ស្រូប​ទាញ​ទេសចរ​ជប៉ុន​ចំនួន​ជាង ១៩​ម៉ឺន​នាក់ ក្នុង​ចំ​ណោ​ភ្ញៀវទេសចរ​សរុប​ជាង ៥​លាន​នាក់​៕

Tag:
 ទេសចរណ៍​
  កុងស៊ុល​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com