អន្តរជាតិ
កើតមក​ដោយ​គ្មាន​ដៃ តែ​ម្តាយ​-​កូន មានជីវិត​ដ៏​រីករាយ
06, May 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
 
 
Timmy និង​អ្នកស្រី Linda ជា​ម្តាយ បានកើត​ជំងឺ Holt-Oram ដែលជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​ការរីកលូតលាស់​អវៈយវៈ​ផ្នែក​ខាងលើ និង​បេះដូង​។ ទោះបីជា​កើតមក​គ្មាន​ដៃ​ដូច​គេ​ក៏ដោយ តែ​ម្តាយ និង​កូន រួមទាំង​គ្រួសារ មានជីវិត​ដ៏​រីករាយ ដោយ​បណ្តោយ​ឲ្យ​ពិការភាព​រាំងស្ទះ​ដំណើរ​ទៅមុខ​នោះឡើយ​។​

 
​រស់នៅក្នុង​ទីក្រុង Chicago សហរដ្ឋអាមេរិក Timmy Bannon អាយុ​១២​ឆ្នាំ និង​អ្នកស្រី Linda Bannon អាយុ​៣៨​ឆ្នាំ ដែលជា​ម្តាយ ផ្តល់​គំរូ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្សជាតិ​។ ដោយសារ​ជំងឺ Holt-Oram ដ៏​កម្រ ពួកគាត់​កើតមក​មិនមាន​ដៃ​ដូច​គេ​នោះឡើយ ប៉ុន្តែ​ពួកគេ​មិនដែល​ចាត់ទុក​វា​ជា​បញ្ហា​នោះដែរ​នៅក្នុង​ជីវិត​។​
 
 
​ម្តាយកូន​មាន​សមត្ថភាព​អ្វី​គ្រប់​យ៉ាងដូច​មនុស្ស​ធម្ម​តា ដោយ​គ្រាន់តែ​ប្រើ​ជើង​ជំនួស​ប៉ុណ្ណោះ​។ អ្នក​ទាំងពីរ​ទទួលបាន​ការយកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក Richard ដែលជា​ស្វាមី និង​ជា​ឪពុក​។ យោងតាម​ការផ្សាយ​រប​ស់ ABC Timmy ទៅ​រៀន​នៅ​សាលា ដោយ​គេ​មិនដែល​ទទួលរង​នូវ​ការ​សើចចំអក​នោះឡើយ​។ 
 
​អ្នកស្រី Linda គឺជា​គ្រូបង្រៀន​ថ្នាក់​មតេយ្យ ហើយក៏​បង្រៀន​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​បន្ថែម​ផងដែរ​។ ក្នុង​បទ​សម្ភាស​ដែល​ផ្សាយ​នៅលើ Barcroft TV កាលពី​ឆ្នាំ​២០១៤ អ្នកស្រី Linda ចង់​បង្កើត​អង្គ​ការមិន​រកប្រាក់​ចំណេញ​មួយ​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​គ្រួសារ​ដែលមាន​សមាជិក​ជួប​បញ្ហា​អវៈយវៈ ដូចជា​រូបគាត់ និង Timmy​។​
 
 
​អ្នកស្រី Linda មានបំណង​ប្រាថ្នា​ធំ​ពីរ​សម្រាប់ Timmy​។ ទីមួយ​គាត់​រំពឹងថា កូនប្រុស​ខ្លួន​បន្ត​រឹងមាំ និង​ទទួលស្គាល់​ភាព​ពិត​របស់ខ្លួន​។ ទី​ពីរ គាត់​មាន​ក្តី​ស្រមៃ​មួយ​ថា Timmy អាច​រកបាន​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន ដូចជា​លោក Richard ដែល​ស្រឡាញ់​គាត់  និង Timmy យ៉ាង​ដូច្នោះ​ដែរ​៕
 
 



Tag:
 Holt-Oram
  ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com