ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្កា​ខាត់ណា និង ប្រូ​ខូ​លី មួយណា​ល្អ​ជាង​?
09, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​គេ​ឲ្យ​អ្នក​ជ្រើសរើស រវាង​ផ្កា​ខាត់ណា និង​ប្រូ​ខូ​លី តើ​អ្នក​ជ្រើស​រើសយក​មួយណា​ទៅ​? សម្រាប់​ប្រទេស​កម្ពុជា​យើង ផ្កា​ខាត់ណា គឺជា​បន្លែ​ចាស់វស្សា​ហើយ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ស្គាល់ និង​ទទួលទាន​យ៉ាង​សាំ​ហើយ​ដែរ ខណៈពេលដែល​ប្រូ​ខូ​លី​ទើបតែ​លេចមុខ​ក្នុងប្រទេស​យើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ​ទេ​។ ថ្វីបើ​បន្លែ​ទាំងពីរ​មុខ​នេះ​មាន​រសជាតិ​ផ្សេងគ្នា​ក៏ដោយ ក៏មាន​មនុស្ស​ជាច្រើន​តែង​យល់ និង​គិតថា ប្រូ​ខូ​លី​មាន​លក្ខណៈ​មិន​ខុសគ្នា​នឹង​ផ្កា​ខាត់ណា​ទេ ទាស់​តែមាន​ពណ៌​បៃតង​ប៉ុណ្ណោះ​។ យ៉ាងណាមិញ នៅពេល​យើង​និយាយ​ដល់​ជីវជាតិ​របស់​វា​វិញ ទើប​ដឹងថា​មាន​ភាពខុស​គ្នាច្រើន​។​



​ប្រូ​ខូ​លី និង​ផ្កា​ខាត់ណា សុទ្ធតែជា​រុក្ខជាតិ​ស្ថិតក្នុង​ត្រកូល​តែមួយ តែ​ជីវជាតិ​ដែល​វា​មាន​គឺ​ខុសគ្នា​។ ប្រូ​ខូ​លី មាន​វីតាមីន A, C, K, Folate និង​ជាតិ​រ៉ែ​ដូចជា កាលស្យូម ដែក ម៉ាញ៉េ​ស្យូ​ម និង​ផូស្វ័រ​ច្រើនជាង​ផ្កា​ខាត់ណា​។ អ្វីដែល​បន្លែ​ទាំងពីរ​នេះ​មាន​ដូចគ្នា​គឺ មាន​ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់​។ ផ្កា​ខាត់ណា និង​ប្រូ​ខូ​លី​ត្រូវបាន​គេ​ស្គាល់​ថា ល្អ​សម្រាប់​សុខភាព​បេះដូង​ដោយសារតែ​វត្តមាន​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ជាតិ​សរសៃ​ដ៏​ខ្ពស់​របស់​បន្លែ​ទាំងពីរ​នេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ផ្លូវ​រំលាយ​អាហារ​ទេ តែ​ក៏​អាចជា​ផ្នែក​មួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​។ យ៉ាងណាមិញ បើសិនជា​អ្នកត្រូវការ​ជ្រើសរើស​មួយ​ក្នុងចំណោម​ពីរ ប្រូ​ខូ​លី​គឺ​ផ្តល់​សុខភាព​ល្អ​ច្រើនជាង​ផ្កា​ខាត់ណា ដោយសារ​តែមាន​ជីវជាតិ​ច្រើនជាង​។ តែ​បើសិនជា​អ្នកជា​មនុស្ស​គិតគូរ​អំពី​កាឡូរី​វិញ ផ្កា​ខាត់ណា​គឺ​ល្អ​ជាង ដោយសារតែ​វា​មាន​កាឡូរី​ទាប​ជាង​ប្រូ​ខូ​លី​។ ផ្កា​ខាត់ណា ១០០​ក្រាម​មាន ២៥​កាឡូរី ខណៈពេលដែល​ប្រូ​ខូ​លី​ក្នុង​ទម្ងន់​ដូចគ្នា​មានតែ ៣៤​កាឡូរី​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com