ជាតិ
សេដ្ឋកិច្ច
Worldbridge សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ភាគខាងត្បូង​ភ្នំពេញ​
09, May 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឃែ​រី វើ​លដ៍​ប្រ៊ី​ដ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​៩​ខែឧសភា​នេះ​។  ក្រុមហ៊ុន Kerry Worldbridge Logistics  ជា​អ្នក​ប្រតិបត្តិការ​តំបន់​សេដ្ឋកិច្ច​មួយ​នេះ ដែលជា​ការចាប់​ដៃគូ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Worldbridge International (Cambodia) និង​ក្រុមហ៊ុន Kerry Logistics  ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង​។​



​ក្រុមហ៊ុន Kerry Worldbridge Logistics  បានចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើតជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ភ​ណ្ឌា​គយ​មាន​ដែន​កំណត់ ឃែ​រី វើ​លដ៍​ប្រ៊ី​ដ តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ លើ​ផ្ទៃដី​សរុប ៦៣​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ។

​លោក សៀ ឫទ្ធី ប្រធាន​ក្រុមហ៊ុន Kerry Worldbridge Logistics  បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ថា គម្រោង​អភិវឌ្ឍន៍​នេះ មាន​មុខងារ​ចំនួន​ពីរ​គឺ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលជា​កន្លែង​ជួល​ដី​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ (Customs Bonded Warehouse)  និង​អគារ​តាំង​បង្ហាញ​ផលិតផល​។ លោក​បញ្ជាក់ថា គម្រោង​នេះ​វិនិយោគ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​។​

​លោក សៀ ឫទ្ធី បន្ថែមថា ការសម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ភ​ណ្ឌា​គយ​មាន​ដែន​កំណត់​នេះ គឺជា​សក្ខីភាព​បញ្ជាក់ថា កម្ពុជា​កំពុងអភិវឌ្ឍន៍​វិស័យ​សេវាកម្ម​ផ្នែក​ភ័ស្ដុភារ ដឹកជញ្ជូន និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ក្នុង​កម្រិតស្ដង់ដារ​អន្តរជាតិ ដូច​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក ដែល​អាច​ទ្រទ្រង់ និង​លើកស្ទួយ សុវត្ថិភាព ប្រសិទ្ធិភាព​ក្នុងការ​ដឹកជញ្ជូន ការ​ចល័ត ការផ្ទេរ និង​រក្សាទុក​ទំនិញ​របស់​អ្នកវិនិយោគ​។

​លោក​គូស​បញ្ជាក់ទៀតថា តាមរយៈ​គម្រោង​មួយ​នេះ កម្ពុជា​នឹង​អាច​ទាក់ទាញ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ពិសេស​លើ​វិស័យ​ផលិតកម្ម ឧស្សាហកម្ម គ្រឿងយន្ត និង​បរិក្ខារ​អេឡិចត្រូនិក ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​លំហូរ​សាច់ប្រាក់​វិនិយោគ​មិនតិចជាង ៣០០​លាន​ដុល្លារ​នោះទេ​។ លោក​បន្តថា គម្រោង​នេះ​ក៏​នឹង​ផ្ដល់​ការងារ​ថ្មី​មិនតិចជាង​ពីរម៉ឺន​កន្លែង​។

​លោក សៀ ឫទ្ធី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​សម្ពោធ​ថា ក្រុមហ៊ុន​របស់លោក​នឹង​ផ្ដល់​ទីតាំង និង​សេវាកម្ម​សម្រាប់តែ​ការវិនិយោគ​លើ​ផលិតផល​ដែលមាន​តម្លៃបន្ថែម​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា មកទល់ពេលនេះ មាន​ក្រុមហ៊ុន​បរទេស​ចំនួន ៧​ហើយ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​លោក ដើម្បី​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​៕


Tag:
 តំបន់​សេដ្ឋកិច្ច​ពិសេស​
  សៀ ឫទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com