អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នក​នយោបាយ​ជើងចាស់​មាន​ជំហរទន់ភ្លន់ដាក់កូរ៉េខាងជើង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង
09, May 2017 , 7:35 pm        
រូបភាព
អ្នកនយោបាយជើងចាស់និងជាប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae-in ឈ្នះឆ្នោតប្រធានាធិបតីនៅថ្ងៃ អង្គារទី ៩ ឧសភានេះដោយជំនួសតំណែងលោកស្រី ប៉ាក ហ្គឺន ហេដែលកំពុងរង់ចាំការកត់ទោសដោយសារពុករលួយ។ លោក Moon Jae-in ជាអ្នកនយោបាយដែលជឿលើនយោបាយការទូត ហើយលោកចង់ប្រើភាពទន់ភ្លន់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយវិបត្តិផង។

ចុងក្រោយលទ្ធផលបង្ហាញថា ប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae-in បានទទួលសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃអង្គារនេះ។ លោកនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃពុធ ទី ១០ ឧសភាស្អែកនេះ ក្រោយការប្រកាសលទ្ធផលជាផ្លូវការ។
 
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ក្នុងវ័យ ៦៤ ឆ្នាំ លោក Moon Jae-in ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយជើងចាស់មួយរូប និងមានគោលនយោបាយសមរម្យដែលឆ្លើយតបបរិបទជាក់ស្តែង។ 
 
ក្នុងការឃោសនាកន្លងមក បញ្ហាសំខាន់ដែលត្រូវគេជជែកដេញដោលគ្នាខ្លាំងលើបញ្ហាកូរ៉េខាងជើងនិងទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្ត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍លោក Moon Jae-in មានគោលជំហរទន់ភ្លន់ជឿជាក់លើនយោបាយការទូតក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងផងដែរ។ លោកចង់ឃើញការបំបាត់កម្តៅនិងការប្រឈមមុខគ្នា ហើយត្រឡប់មកអង្គុយតុចរចាវិញ។
 
កន្លងមកលោកក៏បានអះអាងផងដែរថា លោកមានបំណងទៅទស្សនកិច្ចនៅកូរ៉េខាងជើងដើម្បីជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុន ដោយផ្ទាល់និងបន្តតស៊ូមតិជំរុញឲ្យមានការចាប់ផ្តើមគម្រោងពាណិជ្ជកម្មនិងទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញផងក្នុងនោះមានទាំងតំបន់ឧស្សាហកម្មរួមគ្នា Kaesong ផងដែរ។
 
 មិនត្រឹមតែប៉ុណ្ណោះលោកចង់ឲ្យកូរ៉េខាងត្បូងមានជំហរឯករាជ្យជាងមុនចំពោះសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកដែលជាអ្នកធានាសន្តិសុខឲ្យកូរ៉េខាងត្បូងផងដែរ។ ដូច្នេះហើយ វានឹងមានការផ្លាស់ប្តូរច្រើន នៅពេលដែលលោកចូលកាន់តំណែងជាផ្លូវការជាប្រមុខរដ្ឋកូរ៉េខាងជើង។
 
កាលពីចុងខែមេសា ក្រុងព្យុងយ៉ាងបានស្វាគមន៍ជំហររបស់អនាគតប្រធានាធិបតីកូរ៉េខាងត្បូងនេះ ព្រោះវាមានផលវិជ្ជមានច្រើននិងអាចបញ្ចៀសសង្គ្រាមឬការប៉ះទង្គិចគ្នាផង។  ប៉ុន្តែក្រុមអ្នកនយោបាយកូរ៉េខាងត្បូងខ្លះបាននាំគ្នាទិតៀនគោលនយោបាយទន់ភ្លន់របស់លោកដែលនឹងត្រូវប្រើប្រាស់ជាមួយកូរ៉េខាងជើងនោះ។
 
 
តាមពិតទៅ គេដឹងតាំងពីយូរថា លោក Moon Jae-in អាចក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ព្រោះប្រជាជនកូរ៉េខាងត្បូង មិនអាចជ្រើសរើសបេក្ខជនមកពីក្រុមអភិរក្សដូចលោកស្រី ប៉ាក ហ្គឺនហេ ដែលកំពុងប្រឈមការកាត់ទោសដោយសារសំណុំរឿងពុករលួយឡើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com