ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​គ្រោះថ្នាក់​ដែល អាច​ផ្តល់​ទុក្ខទោស​ដល់​ថ្លើម​អ្នក​បាន បើសិនជា​មិន​ផ្លាស់ប្តូរ​ទេ​
05, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត​ក្នុង​រាងកាយ​។ វា​មាន​នាទី​ផលិត​ទឹកប្រមាត់ ច្រោះ​ជាតិពុល បង្កើត​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត វីតាមីន និង​ជាតិ​រ៉ែ​ជាដើម​។ ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា​តើ​ខ្លួនឯង​កំពុងតែ​ថែរក្សា​វា​បាន​យ៉ាង​ល្អ​ដែរ​ទេ​? ពេលខ្លះ បើ​អ្នក​មិនមាន​ការយល់ដឹង​ច្រើន​ទេ អ្នក​ក៏​នឹង​បង្កើតបានជា​ទម្លាប់​ជាច្រើន​ដែល​ផ្តល់​ហានិភ័យ​ដល់​សុខភាព​រាងកាយ​ដែរ​។ អញ្ចឹង សូម​ពិនិត្យ​ទៅលើ​ទម្លាប់​គ្រោះថ្នាក់​មួយចំនួន​ខាងក្រោម​នេះដែ​លវា​អាច​បង្ក​ជា​ទុក្ខទោស​ដល់​ថ្លើម​អ្នក​បាន​៖



​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ការ​ខូច​ថ្លើម ព្រោះ​វា​នឹង​ទៅ​កាត់បន្ថយ​សមត្ថភាព​ច្រោះ​ជាតិពុល​ពី​ក្នុង​រាងកាយ​។ ដូច្នេះ​កាលណា​រាងកាយ​មាន​ជាតិពុល​កាន់តែច្រើន វា​នឹង​បង្ក​ជាការ​រលាក ហើយ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទៀត​។​

​នៅពេល​ថ្លើម​បំបែក ឬ​ច្រោះ​គ្រឿង​ស្រវឹង ប្រតិកម្ម​គីមី​អាច​នឹង​បំផ្លាញ​កោសិកា​ថ្លើម ហើយ​រយៈពេល​យូរៗ​ទៅ ការខូចខាត​នឹងមាន​ជា​និរន្ត​ន៍​រហូត​ក្លាយទៅជា​ជំងឺ​ក្រិន​ថ្លើម ដែល​ថ្លើម​លែងមាន​មុខងារ​របស់​វា​ទៀតហើយ​។​

​ញ៉ាំ​ប្រៃៗ​ពេក​
​អ្នកជំនាញ​បាន​ណែនាំ​ថា ការ​ញ៉ាំ​ប្រៃ​មិនគួរណា​ច្រើនជាង ២០០០ ទៅ​២៤០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​។ ប៉ុន្តែ​មនុស្ស​យើង​បែរជា​ញ៉ាំ​ច្រើនជាង​នេះ​រហូតដល់ ៥០០០ ទៅ​១០០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ដោយសារតែ​អាហារ​មាន​ជាតិ​ប្រៃ និង​ប្រើ​ជាតិ​ប្រៃ​ដើម្បី​រក្សា​គុណភាព​រក្សា​បានយូរ​។ យ៉ាងណាមិញ បើសិនជា​ញ៉ាំ​ប្រៃ​បែបនេះ វា​អាច​បណ្តាល​ឲ្យ​មានការ​រលាក​ក្នុង​ពោះ និង​ហើម ហើយ​ថ្លើម​ក៏ត្រូវ​ការធ្វើការងារ​ច្រើនជាង​ធម្មតា​ទៀត​ដែរ​។​

​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើនពេក​
​កាលណា​ខ្លាញ់​ស្រាប់តែ​រុំ​លើ​ថ្លើម​ច្រើន គឺ​បណ្តាលមកពី​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន ដូច្នេះ​ថ្ងៃក្រោយ​នឹង​ទៅជា​ជំងឺ​ក្រិន​ថ្លើម​បាន​។ សម្រាប់​ជាតិ​ស្ករ​ធម្មជាតិ​ក្នុង​បន្លែ និង​ផ្លែឈើ​គឺ​មិន​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​បើសិនជា​អាហារ​កៃ​ឆ្នៃ និង​អាហារ​មាន​ជាតិ​ស្ករ​សិប្ប​និមិត្ត​វិញ វា​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ​បាន​។​

​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​
​ការ​តម​អាហារ​ពេលព្រឹក​គឺជា​គ្រោះ​មួយ​សម្រាប់​សុខភាព​។ ការធ្វើ​បែបនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​រយៈពេល​យូរ​ទៅវិញ​ទេ​។ ដូច្នេះ​អ្នក​ទំនងជា​ដឹង​ស្រាប់​ហើយ​ថា ការឡើង​ទម្ងន់​មិនមែនជា​រឿង​ល្អ​ចំពោះ​ថ្លើម​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com