ជាតិ
ទូតខ្មែរនៅបារាំងប្រតិកម្មនឹងសំដីរបស់លោក Eric Woerth ហើយទាមទារឲ្យសុំទោសខ្មែរ លោក ចែម វិឌ្យ៉ា ឯកអគ្គរាជទូតខ្មែរនៅបារាំងប្រតិកម្មនឹងសំដីរបស់លោក Eric Woerth
× លោក ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំងសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក Eric Woerth អតីតរដ្ឋមន្ត្រីក្រសួងការងារបារាំង និងបច្ចុប្បន្នជាអភិបាលក្រុង Chantilly ដែលបានចំអកប្រធានាធិបតីជាប់ឆ្នោតថ្មី លោក អេម៉ានុយអែល ម៉ាក្រុង ថា មានឥរិយាបថមិនល្អដូចខ្មែរ។
តាមរយៈលិខិតមួយផ្ញើទៅកាន់លោក Eric Woerth កាលពីថ្ងៃទី១១ ខែឧសភា លោក ចែម វីឌ្យ៉ា បានវាយតម្លៃថា ការលើកឡើងរបស់លោក Eric គ្មានអ្វីពាក់ព័ន្ធទាល់តែសោះទាក់ទងនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសបារាំង។
ឯកអគ្គរាជទូតខ្មែរ បានសម្គាល់ឃើញថា ការលើកឡើងរបស់លោក Eric Woerth មិនត្រឹមតែខុសប្រធានបទនោះទេ តែថែមទាំងគ្មានមូលដ្ឋានទៀត។ សម្រាប់លោក វាមិនគួរឲ្យជឿសោះថា មនុស្សដែលមានការអប់រំដូចលោក Eric បែរជាគិតថា ព្រឹត្តិការណ៍ធំៗក្នុងប្រវត្តិសាស្ត្របញ្ជាក់លក្ខណៈឲ្យប្រជាជាតិមូយ និងប្រទេសមួយដែលលោកមើលឃើញថា ជាប្រទេសតតីយលោក។
«ដោយក្តីមិត្តភាព ខ្ញុំសូមណែនាំលោកមេត្តាអានប្រវត្តិសាស្ត្រផ្សេងៗក្នុងពិភពលោកឡើងវិញ […] រួចធ្វើការសុំអភ័យទោសចំពោះប្រជាជនខ្មែរ»។ នេះជាសំណេរជាភាសាបារាំងរបស់លោក ចែម វីឌ្យ៉ា ផ្ញើទៅកាន់អ្នកនយោបាយវ័យ៦១ឆ្នាំដែលមកពីគណបក្សសាធារណរដ្ឋរបស់បារាំង។
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក Eric Woerth បានអះអាងថា លោកបានអានសារជាច្រើន ហើយបានដឹងថា ការលើកឡើងរបស់លោកដោយមិនបានរៀបចំមុន ក្នុងបទសម្ភាសនៅ Europe 1 បានធ្វើឲ្យមានការឈឺចាប់ ហើយលោកបានសម្តែងការសោកស្តាយ។
លោកបានទទួលស្គាល់ថា ការលើកឡើងរបស់លោកពិតជាមិនត្រឹមត្រូវ ប៉ុន្តែវាបានសំដៅលើសម័យកាលមួយនៃប្រវត្តិសាស្ត្រ មិនមែនប្រជាជាតិទាំងមូលនោះឡើយ។
ទោះបីជា Europe 1 បានបញ្ជាក់ថា អត្ថន័យដែលលោក Eric Woerth បាននិយាយគឺសំដៅលើខ្មែរក្រហមក៏ដោយ ប៉ុន្តែនៅក្នុងសំណេរលើហ្វេសប៊ុករបស់ខ្លួន លោក Eric Woerth គិតថា ពាក្យនេះ ត្រូវបានគេចាត់ទុកជាធម្មតា ហើយអាចខុសនៅក្នុងខ្លឹមសារដែលលោកបានប្រើ។
«ប្រសិនបើខ្ញុំបានធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់នោះ សូមលោក-អ្នកមេត្តាទទួលយកការសុំអភ័យទោសអំពីខ្ញុំ»។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកដែលគេជឿថា ជារបស់លោក Eric Woerth ផ្ទាល់។
ជាមួយគ្នានេះ ពលរដ្ឋបារាំងមួយចំនួន ជាពិសេសអ្នកបោះឆ្នោតឲ្យលោក ម៉ាក្រុង ធ្វើជាប្រធានាធិបតីថ្មី ក៏បានប្រតិកម្មតាមរយៈបណ្តាញសង្គមផងដែរ ប្រសិនបើលោក Woerth ប្រៀបធៀបលោក ម៉ាក្រុង ទៅនឹងខ្មែរក្រហម មែននោះ ពួកគេពិតជាពិបាកទទួលយក៕
Tag:
ចែម វីឌ្យ៉ា
Eric Woerth
© រក្សាសិទ្ធិដោយ thmeythmey.com