កម្ពុជា​ពឹង​លើក​កសិកម្ម តែ​ចំនួន​កសិករ​កំពុងថ​យ​ចុះ​…
ជាតិ
សង្គមជាតិ
កម្ពុជា​ពឹង​លើក​កសិកម្ម តែ​ចំនួន​កសិករ​កំពុងថ​យ​ចុះ​…
15, May 2017 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រកបមុខរបរ​របស់​ពលរដ្ឋ​ខ្មែរ តែងតែ​ប្រែប្រួល​ពី​សម័យមួយ​ទៅ​សម័យមួយ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ អាស្រ័យទៅលើ​តម្រូវការ ចំណង់​ចំណូលចិត្ត លទ្ធភាព លក្ខខណ្ឌ​ភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន ចំណេះដឹង បច្ចេកវិទ្យា ដើមទុន និង មូលដ្ឋាន​ចាំបាច់​មួយចំនួនទៀត​។ ជាច្រើន​សម័យកាល​មក​ហើយ ពលរដ្ឋ​ខ្មែរ​ភាគច្រើន គឺជា​កសិករ​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​កសិករ​បែរជា​ថយចុះ​ជា​លំដាប់​។ តើ​មាន​មូលហេតុ​អ្វីខ្លះ បានជា​ចំនួន​កសិករ​ឬ​របរ​កសិកម្ម​ថយចុះ​ដូច្នេះ​?



​បើ​យោងតាម​ទិន្នន័យ​ជា​ប្រពៃណី​ដែល​គេ​តែងតែ​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ៨៥%​នៃ​ពលរដ្ឋ​ខ្មែរ​សរុប គឺជា​កសិករ​។ តាមពិត តួលេខ​ពិតប្រាកដ​បែប​វិទ្យាសាស្ត្រ​ស្ដីពី​ចំនួន​ភាគរយ​នៃ​កសិករ​នោះ មិនទាន់មាន​នៅឡើយ​ទេ បើទោះបីជា​កម្ពុជា​ធ្លាប់​បានធ្វើ​ជំរឿន​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​តួលេខ​នោះ​ហាក់ដូចជា​ដើរ​មិនទាន់​ការប្រែប្រួល​នៃ​មុខរបរ​របស់​ពលរដ្ឋ​ខ្មែរ និង មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ​។​

​ផ្ទុយទៅវិញ ក្នុង​រយៈពេល​ថ្មីៗ​នេះ បើ​យោងទៅតាម​ការសង្កេត​ជាក់ស្ដែង គេ​បាន​មើលឃើញថា ប្រជាជន​ខ្មែរ​មួយចំនួន​មិនសូវ​ចង់​ធ្វើស្រែ ចម្ការ​ទេ​។ ការផ្លាស់ប្ដូរ​ទម្លាប់​និង​ការសម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​ការថយចុះ​នូវ​មុខរបរ​កសិកម្ម​នេះ ត្រូវបាន​គេ​ពិចារណា​ថា អាច​បណ្ដាលមកពី​មូលហេតុ​ចម្បងៗ​មួយចំនួន​ដូចខាងក្រោម​។

​បច្ចុប្បន្ន សង្គម​ខ្មែរ​ចាប់ផ្ដើម​ប្រែប្រួល​របត់​ពី​ការប្រកប​របរ​កសិក​ម្ម​ស្ទើរតែ​ទាំងស្រុង ទៅរក​ការប្រកប​របរ​សិប្បកម្ម និង ឧស្សាហកម្ម​លាយឡំ​គ្នា​។ លើសពីនេះ​ទៀត វា​ក៏​ឈានដល់​ដំណាក់កាល ដែល​សង្គម​ខ្មែរ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទៅរក​ការរស់នៅ​បែប​ទំនើប​និង​បែប​ជឿនលឿន​ដែរ បើទោះបីជា​ជីវភាព​របស់​ពួកគេ​មួយចំនួន​មិនទាន់​ធូរធារ​ក៏ដោយ​។ ជាទូទៅ ការរស់នៅ​បែប​ទំនើប​នេះ បើទោះបីជា​មនុស្ស​ត្រូវកា​រ​សម្ភារៈ​ច្រើន​ក៏ដោយ ក៏​មនុស្ស​មិន​ចង់​ធ្វើការ​ងារ​ណា​ដែល​ប្រើ​កម្លាំង​ច្រើន ឬ ការងារ​ធ្ងន់​ទេ​។ 

​ម្យ៉ាងទៀត ដោយសារតែ​ការ​ស្រូបយក​កម្លាំង​ពលកម្ម​ពី​តំបន់​ទីក្រុង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស សម្រាប់​ទៅ​បំពេញតម្រូវការ​ខាង​សិប្បកម្ម ឧ​ស្សហកម្ម រោង​ច្រក​...​បាន​ជំរុញ​ឱ​កសិករ​ខ្មែរ​មួយចំនួន ធ្វើ​ចំណាកស្រុក ទៅកាន់​តំបន់​ទាំងនោះ ដើម្បី​ស្វែងរក​កា​ងារ​ធ្វើ ក្នុង​បំណង​លើកកម្ពស់​ជីវភាព​រប​ស់​ខ្លួន​ឱ្យ​ធូរធារ​។

​បើ​គេ​ពិនិត្យ​ឱ្យ​លម្អិត​បន្តិច គេ​នឹង​រកឃើញថា កសិករ​ខ្មែរ​មួយចំនួន មាន​ដីស្រែ​តិចតួច​ពេក ឯការ​ធ្វើស្រែ ចម្ការ ក៏​ចំណាយ​កម្លាំង​ច្រើន ពេល​ច្រើន ទុន​ច្រើន ឯ​ផល​ដែល​ពួកគេ​ទទួលបាន​វិញ មាន​ចំនួន​តិចពេក​មិន​សមាមាត្រ​នឹង​ការចំណាយ​ដើមទុន កម្លាំងកាយ និង ពេលវេលា​។ ចំណែកឯ​ទីផ្សារ​កសិផល​វិញ ក៏​គ្មាន​លំនឹង និង គ្មាន​ភាពច្បាស់លាស់​ដែរ តម្លៃ​ឡើង​ចុះ តាម​ទំនើងចិត្ត​របស់​ឈ្មួញ​។​

​លើសពីនេះ​ទៀត កង្វះ​ប្រព័ន្ធធារាសាស្ត្រ​ដែល​ចាប់បង្ខំ​ឱ្យ​ប្រជាកសិករ​ខ្មែរ​ធ្វើស្រែ​ពឹង​មេឃ បែប​យថាផល​, កង្វះ​បច្ចេកទេស​កសិកម្ម​បែប​ទំនើប​, កង្វះ​ការយកចិត្តទុកដាក់​ពីរ​ដ្ឋ និង កង្វះ​ការឱ្យ​តម្លៃ​ពី​សង្គម ក៏​រួមចំណែក​ធ្វើឱ្យ​ចំនួន​កសិករ ឬ របរ​កសិកម្មរ​ថយ​ចុះ​ដែរ​។

​របស់​ថ្មី​បំផុត​ដែល​ធ្វើឱ្យ​កសិករ ឬ របរ​កសិកម្ម​ថយចុះ​ដែរ គឺ​យុវជន​ជំនាន់​ថ្មី​ដែល​ទទួលបាន​ចំណេះដឹង​ខ្ពស់ ពួកគេ​មិន​ចង់​វិល​ទៅធ្វើ​ស្រែ ចម្ការ​នៅឯ​ជនបទ​វិញ​ដែរ​។ ពួកគេ​តែងតែ​ស្វែងរក​ការងារ​នៅ​ទីក្រុង ដូចជា ការងារ​ក្នុង​ស្ថាប័នរដ្ឋ ការងារ​ក្នុង​វិស័យ​ឯកជន និង ការងារ​ក្នុង​ស្ថាប័ន​សង្គម​ស៊ីវិល ជាដើម​។ ក្រៅពី​ប្រាក់ចំណូល​ខ្ពស់ យុវជន​ជំនាន់​ថ្មី មិន​ចង់ឃើញ​ខោ និង​អាវ​របស់ខ្លួន​ជាប់​ប្រឡាក់​ទៅដោយ​ភក់ជ្រាំ​ទៀតឡើយ​។ ពេលខ្លះ ប្រាក់ចំណូល​នៅក្នុង​ក្រុមហ៊ុន ស្ថាប័នរដ្ឋ ឬ​អង្គការ​អាច​តិចជាង​ប្រាក់ចំណូល​ពីរ​បរ​កសិក​ម្ម​ផង​។ តែ​វា​ជា​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​អាច​ស្លៀក​សំលៀកបំពាក់​បាន​ស្អាត​។

​តើ​វា​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​ចំនួន​កសិករ​ថយចុះ​?

​ប្រសិនបើ​ចំនួន​កសិករ​ថយចុះ​មែន​នោះ វា​មិនមែនជា​រឿង​ធម្មតា​ឡើយ​។ មើល​តួលេខ​ភ្លាម គេ​អាច​ឃើញថា កម្ពុជា​ទាំងមូល​នៅ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ដើម្បី​រស់ មានន័យថា ពលរដ្ឋ​ខ្មែរ ភាគច្រើន ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ​ក៏ដោយ តែ​ពួកគេ​អាច​នៅរស់​បាន​ដោយសារ​ផល​ពី​កសិកម្ម​។ ចុះបើ​វិស័យ​កសិកម្ម​ចុះ​ទន់ខ្សោយ​នៅពេល​អនាគត ជាការ​ពិត កម្ពុជា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ច្រើន​ជាក់​ជាពុំខាន​។ បញ្ហា​ទាំងនោះ អាច​ថា កម្ពុជា​នឹង​នាំចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​ដទៃ​កាន់តែ​ច្រើនឡើង​។ នេះ គឺជា​ការខាតបង់​រប​ស់​កម្ពុជា​បន្ថែមទៀត​។

​បើ​ផ្អែកលើ​តថៈ​ភាពជាក់ស្តែង គេ​ពិតជា​មិនអាច​ទប់​ចរន្ត​ចំណាកស្រុក​ពី​ជនបទ​បានឡើយ​។ តែ​អ្វីដែល​រដ្ឋាភិបាល​គួរ​ពិចារណា​នៅពេលនេះ គឺថា តើ​រដ្ឋាភិបាល​គួរ​ចាប់ផ្តើម​គិតគូរ​កំណត់​ចំនួន​ដីធ្លី​សម្រាប់​វិស័យ​កសិកម្ម​ហើយ​ឬ​នៅ​? តើ​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យនេះ​គួរតែ​ស្ថិតក្នុង​ចំនួន​ប៉ុន្មាន​? លើស​ប៉ុន្មាន ខ្វះ​ប៉ុន្មាន គួរ​រុញ​ទៅក្នុង​វិស័យ​ណាខ្លះ​?​។ និយាយ​ជារួម រដ្ឋាភិបាល​គួរ​មាន​យុទ្ធសាស្ត្រ​បែងចែក​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​នីមួយៗ​ឲ្យ​បាន​ប្រហាក់ប្រហែលគ្នា ពោល គឺ​ចៀសវាង​កុំ​ឲ្យ​កម្លាំង​ពលកម្ម​ទៅ​គរ​នៅក្នុង​វិស័យ​ណាមួយ​ច្រើនពេក​។

​ងាក​មក​វិស័យ​កសិកម្ម​វិញ ប្រទេស​ណាក៏ដោយ រីកចម្រើន​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ទាំងនោះ គិតគូរ​ច្បាស់លាស់​ពី​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ប្រទេស​របស់គេ ឬក៏​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង ពីព្រោះ​អាហារ គឺជា​រឿង​ស្លាប់​រស់​របស់​ប្រទេស​នីមួយៗ​។ សុភាសិត​ខ្មែរ ក៏បាន​លើកឡើង​ដែរ​ថា​«​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​»៕


Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com