ជាតិ
ខ្ទង់ចំណាយ​របស់​គណ​បក្ស​នីមួយៗ​សម្រាប់​ការបោះឆ្នោត​
14, May 2017 , 4:19 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានកំណត់​ការឃោសនាបោះឆ្នោត មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០​ឧសភា ដល់​ថ្ងៃទី​០២ មិថុនា​។ ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ មិថុនា​។ មុន​យុទ្ធនាការ​បោះឆ្នោត​មកដល់ គណបក្សនយោបាយ​នីមួយៗ បាន​ត្រៀម​ថវិកា​ជាច្រើន​សម្រាប់​ការឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ទាំងមូល​តែម្ដង​។ ប៉ុន្តែ​គ្រាន់តែ​ថា គណបក្ស​ធំ មាន​ខ្ទង់ចំណាយ​ច្រើន រីឯ​គណបក្ស​តូច មាន​ខ្ទង់ចំណាយ​តិច​ប៉ុណ្ណោះ​។​



​ខាងក្រោម​នេះ​គឺជា​ខ្ទង់ចំណាយ​របស់​គណបក្ស​នីមួយៗ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ ។

​អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត​៖« យើង​គ្រាន់​តែមាន​យុទ្ធនា​ការដើរ​ចែក​ខិតប័ណ្ណ ស្លាក​សញ្ញា​គណបក្ស​យក​បិត​នៅតាម​ដើមឈើ និង​ចាក់​សំឡេង​តាម​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស​តាម​ម៉ូតូ​មួយគ្រឿង តាម​ឃុំៗ​នីមួយ​ប៉ុណ្ណោះ​។ ហើយ​បើ​និយាយ​ពី​ថវិកា​យើង​អាចមាន​លទ្ធភាព​ចំណាយ​ត្រឹមតែ​៨០​ម៉ឺន​រៀល​ទេ​សម្រាប់​មួយ​ឃុំ ក្នុង​ឃុំ​ទាំ​១៦ ដែល​យើង​ឈរឈ្មោះ​បោះឆ្នោត​នេះ​។ ចំណែក​អ្នក​សង្កេត​ការបោះឆ្នោត​៨០​នាក់ យើង​អាចមាន​លទ្ធភាព​ជូន​ថវិកា​ដោយឡែក​ពី​២​ម៉ឺន ទៅ​៣​ម៉ឺន​រៀល​ទៀត​។ ក្នុងចំណោម​ឃុំ​ទាំងនោះ យើង​សង្ឃឹម​ឈ្នះ​ខ្លះ ដូចជា​នៅ​ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ប៉ៃលិន​ជាដើម​…»​។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេ​ជ្យ ស្រស់​៖«​ការចំណាយ​របស់​គណ​បក្ស​យុវជន​កម្ពុជា ប្រមាណ​ជា​៥​ម៉ឺន​ដុល្លារ ទូទាំង​១៩​ឃុំ សម្រាប់​បោះ​ពុ​ម្ភ​អាវ ពួក និង​ទង់បក្ស ព្រមទាំង​មធ្យោបាយ​ឃោសនា​មួយចំនួនទៀត​។ ចំពោះ​កៅអី​ឃុំ ខ្ញុំ​អា​ចស​ង្ឃឹ​មបាន​ចាប់ពី​១០​ក្រុមប្រឹក្សា​ឡើងទៅ ហើយ​តំបន់​ដែល​យើង​សង្ឃឹម​គឺ​នៅ​ស្រុក​អូ​រាំង​ឪ ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ដំបែរ​។ យើង​មិនទាន់​វាយតម្លៃ​បានទេ ដោយហេតុ​ការបោះឆ្នោត​មិនទាន់​កើតឡើង​»​។​

​អនុប្រធាន​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ លោក ស្រួយ ខេ​ត​៖«​គណបក្ស​ជនជាតិដើម​ខ្ញុំ​គ្មាន​ប្រាក់​សម្រាប់​ការបោះឆ្នោត​ឃុំ សង្កាត់​នោះទេ គឺ​សកម្មជន​តាម​ឃុំ​នីមួយៗ​ត្រូវ​លះបង់​តាម​ដែល​អាច​ធ្វើបាន សម្រាប់​ឃោសនា តាម​ឃុំ​។ ចំណែក​សម្ភារឃោសនា ក៏​មិនមាន​គ្រប់គ្រាន់​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​មិន​អី​ទេ ដោយសារ​សកម្ម​ជនតា​ម​ឃុំ​នីមួយៗ​បាន​ពន្យល់​ប្រាប់​ទៅ​អ្នកគាំទ្រ​របស់​គណបក្ស​ជនជាតិដើម​ច្បាស់លាស់​ណាស់ ហើយ​សកម្មជន​គណបក្ស​ជនជាតិដើម​ទាំង​១៧​ឃុំ​សង្កាត់​បាន​ត្រៀមខ្លួន​រួចហើយ​។ ហើយ​ខ្ញុំ​អាច​សង្ឃឹម​ឈ្នះ​កៅអី​ខ្លះ នៅ​តំបន់​មណ្ឌលគិរី និង​ក្រចេះ​»​។​

​អគ្គលេខា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ី​ន​៖«​គណបក្ស​បានកំណត់​ថវិកា​ចំណាយ​១​ពាន់​ដុល្លារ​ក្នុង​មួយ​ឃុំ ដែល​យើង​ឈរឈ្មោះ​ទាំង​២៧​ឃុំ​នេះ ដោយ​ថវិកា​ទាំងនោះ​យើង​ចំណាយ​លើ​ការបោះ​ខិត​បណ្ណ អាវយឺត ស្លាក​សញ្ញា​បក្ស ទិញ​មេក្រូ រួម​អ្នក​សង្កេត​របស់​យើង​ជាង​៣០០​នាក់​ផងដែរ​។ ថវិកា​ទាំងនេះ បានមកពី​សមាជិក អ្នកគាំទ្រ​បក្ស និង​ពី​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ដែល​គាំទ្រ​គោលនយោបាយ​បក្ស​មូលដ្ឋាន​យើង​។ ហើយ​យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ភូមិ​គំរូ ដូច្នេះ​ទាល់តែ​យើង​ឈ្នះឆ្នោត​ដឹកនាំ​ឃុំ​សង្កាត់​សិន​។ ដូច្នេះ​គណបក្ស​ខ្ញុំ​សង្ឃឹម​អាច​យកឈ្នះ​ដឹកនាំ​ឃុំ​សង្កាត់ យ៉ាងតិច​បាន​១០​ឃុំ ដើម្បី​រៀបចំ​ឃុំ​គំរូ ក្នុង​ផ្តល់​សេវាសាធារណៈ ជីក​ប្រឡាយទឹក និង​ទំនប់ទឹក​ជូន​ពលរដ្ឋ​ជាដើម​…»​។​

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា​៖«​គណបក្ស​ឥតមាន​ចំណាយ​លើ​ការឃោសនា​ទេ គឺ​បេក្ខជន​ឃុំ សង្កាត់ អ្នក​ឈរឈ្មោះ គាត់​ជា​អ្នកចំណាយ​ក្នុង​ឃុំ សង្កាត់ ដែល​គាត់​ឈរឈ្មោះ ។ ហើយ គណបក្ស​ផ្គត់ផ្គង់​តែ​សម្ភារៈ​យុទ្ធនាការ​ប៉ុណ្ណោះ​។​ហើយ​គណបក្ស​យើង​មិន​កំណត់​ខ្ទង់ចំណាយ​ទេ ព្រោះ​បេក្ខជន​ម្នាក់ៗ​ចាក់​សាំង​ម៉ូតូ​ជិះ​ខ្លួនឯង​។ យើង​ក៏​មិនមាន​ការព្រួយបារម្ភ​ថា ឲ្យ​ពួកគេ​ចំណាយ​ថវិកា​ខ្លួន​នេះ វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​បេក្ខជន​ទេ ព្រោះ​បេក្ខជន​ទាំងនេះ គណបក្ស​មិនបាន​តែងតាំង ពួកគាត់​ទេ គឺ ពលរដ្ឋ​អ្នកស្នើ​បេក្ខភាព​របស់​ពួកគាត់ ហើយ​ពួកគាត់​ស្ម័គ្រចិត្ត​ឈរឈ្មោះ​ដើម្បី​ជួយ​ពលរដ្ឋ​។​យើង​មិនអាច​និយាយ​ពី​ការសង្ឃឹម ឬ​រំពឹងទុក​ទេ តែ​យើង​ធ្វើ​ដើម្បី​យក​លទ្ធផល​»​។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ​៖«​យើង​បាន​ត្រៀម​ថវិកា​៦​សែន​ដុល្លារ​សម្រាប់​ការចំណាយ ទិញ​សម្ផារ​ឃោសនា និង​ការចំណាយ​ផ្សេងៗ និង​សម្រាប់​ការហ្វឹកហ្វឺន អ្នក​ឃោសនា​ជាដើម​។ ថវិកា​ទាំងនេះ បានមកពី​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន តាម​លទ្ធភាព​គឺ​តាម​ការស្ម័គ្រចិត្ត អត់​មាន​ជំនួយ​ពី​បរទេស​នោះទេ​។ ហើយ​ជាគោលការណ៍​ឃុំ សង្កាត់​ដែល​យើង​ឈរឈ្មោះ យើង​សង្ឃឹមថានឹង​អាច​ទទួលបាន​អ​សនៈ​២០០​ទៅ​៣០០ ឃុំ សង្កាត់ ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​៧១៣​ឃុំ​នោះដែរ​។ ហើយ​ខេត្ត​ដែល​យើង​សង្ឃឹម​ទទួលបាន​គឺ​ខេត្តកំពង់ស្ពឺ ព្រះសីហនុ សៀម​រាម បន្ទាយមានជ័យ​…​ជាដើម ព្រោះ​សុទ្ធតែជា​ខេត្ត​មាន​អតីត​អ្នកតស៊ូ​ជាមួយ​យើង​ចូលរួម​»​។​

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចំណាយ​ថវិកា​រហូតដល់​ទៅ ៣​លាន​ដុល្លារ​ឯណោះ នៅក្នុង​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេល​ខាងមុខនេះ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា មិនមាន​កញ្ចប់​ថវិកា ដើម្បី​ចំណាយ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នោះទេ​។​

​ដោយឡែក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ,​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ,​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា សារព័ត៌មាន​ថ្មីៗមិនអាច​សុំ​ការ​លម្អិត​ជុំវិញ​ការត្រៀមខ្លួន​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​នេះ​បានទេ​។​

​យោងតាម​របាយការណ៍​បណ្តោះអាសន្ន​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ចុះបញ្ជី​នៅ​ឃុំ សង្កាត់​ទាំង​១៦៤៦ នៅក្នុង​ប្រទេស​កម្ពុជា​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ​៨០៤​ឃុំ​-​សង្កាត់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៧៨៧​ឃុំ​-​សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៧១៣ ឃុំ​-​សង្កាត់ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ២២៣​ឃុំ​-​សង្កាត់​។​

​គណបក្ស​ផ្សេងទៀត​រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា ៥៣​ឃុំ​-​សង្កាត់ គណបក្ស​អំណាច​ខ្មែរ ២៩​ឃុំ​-​សង្កាត់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​២៧ ឃុំ​-​សង្កាត់ គណបក្ស​យុវជន​កម្ពុជា ១៩​ឃុំ​-​សង្កាត់ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៨​ឃុំ​-​សង្កាត់ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ១៦​ឃុំ​-​សង្កាត់​៕


Tag:
 បោះឆ្នោត​
 ​ នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com