កីឡាជាតិ
ជាតិ
AFF U15 Girls៖ កម្ពុជា ត្រៀម​ជួប​ថៃ​នៅ​វគ្គ​១/២​នា​ថ្ងៃទី​១៨ ខែឧសភា​
15, May 2017 , 8:19 pm        
រូបភាព
ខ្សែបម្រើថៃ Pattaranan Aupachai និងខ្សែប្រយុទ្ធកម្ពុជាលឹម សុខជា។ រូបថត FFC និង Lao Football
ខ្សែបម្រើថៃ Pattaranan Aupachai និងខ្សែប្រយុទ្ធកម្ពុជាលឹម សុខជា។ រូបថត FFC និង Lao Football
ដោយ: រួបរួម
​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ នឹងត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុមកីឡា​ការិនី​ថៃ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U16 Girls Championship នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ខាងមុខនេះ​។​



​ក្រុមកីឡា​ការិនី U15 កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក មាស សំអឿន ទទួល​ចំណាត់ថ្នាក់​លេខ​២​ពូ​ល B ក្រោយ​ឈ្នះ​សិង្ហ​បុរី ២-១ ចាញ់​ហ្វីលីពីន ៣-០ និង​ស្មើ​ឥណ្ឌូណេស៊ី ១-១ ។ រីឯ​ក្រុម​ថៃ​ទើប​បញ្ចប់​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ពូ​ល A ដោយ​ឈ្នះ​ទាំង​៤​ប្រកួត​ក្នុង​លទ្ធផល​ជា​បន្តបន្ទាប់​លើ វៀតណាម ១-០ មី​យ៉ាន់​ម៉ា ១-០ ម៉ាឡេស៊ី ៧-០ និង​ម្ចាស់ផ្ទះ​ឡាវ ៣-០ កាលពី​ថ្ងៃអាទិត្យ​។​

​ខណៈ​កម្ពុជា ក្រុម​លេខ​ពីរ ពូ​ល B ត្រូវ​ប៉ះ​ថៃ​ក្រុម​លេខ​១​ពូ​ល A សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​១៨ ខែឧសភា នៅ​កីឡដ្ឋាន KM16 នោះ ហ្វីលីពីន ក្រុម​លេខ​មួយ​ពូ​ល B កំពុង​រង់ចាំ​អ៊ុត​មើល​គូប្រជែង​របស់ខ្លួន​មកពី​ពូ​ល A ។​

​ពូ​ល A នៅសល់​ការប្រកួត​២​គូ​ទៀត​នា​ថ្ងៃទី​១៦ ខែឧសភា ដោយ​មី​យ៉ាន់​ម៉ា​ដែលមាន​ភាគរយ​ខ្ពស់​ក្នុងការ​កាន់កាប់​តំណែង​លេខ​២​ក្នុង​ពូ​ល ជាមួយនឹង​៦​ពិន្ទុ​ក្នុង​ដៃ ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី ដែលជា​ក្រុម​ហាលអាវ​។ ជំនួប​បន្ទាប់​គឺជា​ការ​ប៉ះគ្នា​រវាង​វៀតណាម និង​ម្ចាស់ផ្ទះ​ឡាវ ដែល​ទើប​តែមាន​៣​ពិន្ទុ​ដូចគ្នា​៕


Tag:
 U15 Girls
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com