អន្តរជាតិ
ប្រធាន​អាស៊ាន ឌូ​ទើ​តេ គាំទ្រ​តួ​ក​គី​និង​ម៉ុង​ហ្គោ​លី​ចូល​ជា​សមាជិក​អាស៊ាន​
16, May 2017 , 10:19 pm        
រូបភាព
ប្រធានាធិបតីតួកគី Erdogan (ឆ្វេង) ប្រធានាធិបតីហ្វីលីពីន Duterte (កណ្ដាល) និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី Erdeneba (ស្ដាំ)
ប្រធានាធិបតីតួកគី Erdogan (ឆ្វេង) ប្រធានាធិបតីហ្វីលីពីន Duterte (កណ្ដាល) និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី Erdeneba (ស្ដាំ)
​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបង្ហាញ​ជំហរ​គាំទ្រ​សំណើ​តួ​ក​គី និង​ម៉ុង​ហ្គោ​លី ក្នុងការ​សុំចូល​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន (ASEAN)​។ លោក ឌូ​ទើ​តេ ហាក់​មិន​ខ្វល់ខ្វាយ​នឹង​លក្ខខណ្ឌ​ចូល​ជា​សមាជិក​អាស៊ាន​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ឡើយ ពេល​លោក​ឆ្លើយ​គាំទ្រ​សំណើ​របស់​ប្រទេស​ទាំង​២​ខាងលើ ដែល​មិនមាន​ទឹកដី​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សូម្បី​បន្តិច​នោះ​។​



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា លោក​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​គាំទ្រ​បំណង​សុំចូល​សមាជិក​អាស៊ាន​របស់​តួ​ក​គី និង​ម៉ុង​ហ្គោ​លី​។ សំណើ​នេះ ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​លោក ឌូ​ទើ​តេ និង​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan និង​នាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី Jargaltulga Erdeneba ក្នុង​ទីក្រុង​ប៉េកាំង អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែល​ចិន​ជា​ម្ចាស់ផ្ទះ​។​

​មេដឹកនាំ​តួ​ក​គី និង​ម៉ុង​ហ្គោ​លី លើកឡើង​សំណើ​បែបនេះ​ទៅកាន់​ប្រធានាធិបតី ឌូ​ទើ​តេ ព្រោះ​ហ្វីលីពីន​ជា​ប្រធាន​ដឹកនាំ​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៧​នេះ​។ ដោយឡែក​នាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី លោក Erdeneba ក៏បាន​ស្នើសុំ​ស្រដៀង​គ្នា​នេះ​ទៅកាន់​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច ហ៊ុន សែន ផងដែរ ហើយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​ឆ្លើយ​វិញ​ថា​លោក​នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​សមាជិក​ដទៃទៀត​សិន​។

«​ពួកគេ​ចង់​ចូលរួម​ជាមួយ​អាស៊ាន​។ ដោយសារ​ខ្ញុំ​ជា​ប្រធាន​អាស៊ាន​ដែរនោះ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ដាក់​ស្នើ​សំណើ​របស់​ពួកគេ​ទៅកាន់​អាស៊ាន ហើយ​ខ្ញុំ​ក៏​ឆ្លើយថា បាទ​, ហេតុអ្វី​មិនបាន​?» នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី ឌូ​ទើ​តេ ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​ក្រុង Davao ពេល​លោក​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ចិន​វិញ​។ ប៉ុន្តែ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​សួរ​លោក ឌូ​ទើ​តេ ពី​បញ្ហា​នេះដែរ ជាពិសេស​ទីតាំង​របស់​ប្រទេស​ទាំង​ខាងលើ​តែម្ដង​។​

​បើ​យោងតាម​សារព័ត៌មាន Rappler លោកស្រី ស៊ូ​ជី សួរ​លោក ឌូ​ទើ​តេ ថា​៖« តើ​លោក​មានបាន​គិតថា​ទីតាំង​ភូមិសាស្ត្រ​ពួកគេ​អាចជា​ផ្នែក​របស់​អាស៊ាន​ឬក៏​អត់​?»​។  លោក ឌូ​ទើ​តេ ឆ្លើយ​វិញ​ថា លោក​គិតថា​ប្រទេស​ទាំងពីរ​អាច​ក្លាយជា​ផ្នែក​មួយ​របស់​អាស៊ាន​បាន​។ ទំនង​ចង់​សំដៅថា​តួ​ក​គី​មិនមែនជា​ផ្នែក​របស់​អឺរ៉ុប លោក ឌូ​ទើ​តេស​ង្ត​ត់​ធ្ងន់​ថា ភូមិសាស្ត្រ​របស់​តួ​ក​គី នៅតែ​មិនទាន់​ច្បាស់​ទេ គឺ​មិន​ច្បាស់​ថា​តួ​ក​គី​ជា​ស្ពាន​រវាង​អាស៊ី និង​អឺរ៉ុប ឬក៏​ជា​ផ្នែក​របស់​អាស៊ី​ឡើយ​។  

​ប៉ុន្តែ ការ​មាន​ទីតាំង​ភូម​សាស្ត្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ គឺជា​លក្ខខណ្ឌ​ចូល​ជា​សមាជិក​សំខាន់​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​។ ក្នុងករណី​តួ​ក​គី ទាំង​ម៉ុង​ហ្គោ​លី វា​សុទ្ធតែ​ខុស​លក្ខខណ្ឌ​ទាំងអស់ ព្រោះ​តួ​ក​គី​មាន​ទីតាំង​ក្បែរ​អឺរ៉ុប​ឯណោះ និង​ចម្ងាយ​លើស​៦​ពាន់​គីឡូម៉ែត្រ​ពី​មី​យ៉ាន់​ម៉ា​ដែល​នៅ​ខាងជើង​អាស៊ាន ខណៈដែល​ម៉ុង​ហ្គោ​លី​ស្ថិតនៅ​ចន្លោះ​រវាង​ចិន និង​រុស្ស៊ី​។ មិនតែប៉ុណ្ណោះ ប្រទេស​ទាំង​២ នេះ ក៏​មិនមែនជា​ដៃគូ​សន្ទនា ឬ​ក៍​អ្នកសង្កេតការណ៍​របស់​អាស៊ាន​ទៀត​។

​បច្ចុប្បន្ននេះ គេ​ឃើញ​មាន​ទី​ម័​រ​ខាងកើត​ដែល​កំពុង​ស្វះស្វែង​ចូល​ជា​សមាជិក​ទី​១១ របស់​អាស៊ាន​។ ទី​ម័​រ​ខាងកើត បានដាក់​ពាក្យ​ចូល​ជា​សមាជិក​អាស៊ាន​តាំងពី​ឆ្នាំ​២០១១ ប៉ុន្តែ​នៅ​មិនទាន់បាន​ចូល​នៅឡើយ បើទោះជា​មាន​ទីតាំង​ក្នុង​អាស៊ីអាគ្នេយ៍​ក្ដី​។ សំណើ​សុំចូល​ជា​សមាជិក​របស់​ក្រុង​ឌី​លី កំពុង​ត្រូវបាន​សមាជិក​អាស៊ាន​ទាំង​១០ ពិនិត្យ​នៅឡើយ​។ ដោយឡែក ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​វិញ ដែល​នៅជាប់​ឥណ្ឌូណេស៊ី និង​មានបំណង​ចង​ចូលរួម​ជាមួយ​អាស៊ាន​ដែរនោះ មាន​ត្រឹម​ឋានៈ​ជា​រដ្ឋ​សង្កេតការណ៍​ប៉ុណ្ណោះ​។   


Tag:
 អាស៊ាន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  តួ​ក​គី​
  ម៉ុង​ហ្គោ​លី
© រក្សាសិទ្ធិដោយ thmeythmey.com