កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ Chelsea បាន Premier League តែ Conte ចង់បាន​កំណត់ត្រា​ល្អ​ជាង Mourinho
17, May 2017 , 9:59 am        
រូបភាព
Antonio Conte បាន​ជួយ​ក្រុម​តោ​ខៀវ​ឈ្នះ​ជើងឯក Premier League រដូវ​កាល​នេះ​រួចហើយ​ពោលគឺ​តាំងពី​ការប្រកួត​យកឈ្នះ West Brom ១-០ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មកម្ល៉េះ​។  តែ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិនទាន់​បញ្ឈប់​ម​ហិ​ច្ឆិ​តា​របស់លោក​ឡើយ ដោយ​ប្តេជ្ញាចិត្ត​ថា​នឹង​ដឹកនាំ​ក្រុម​ឈ្នះ​៣០​ប្រកួត​ក្នុង​លី​ក​រដូវ​កាល​នេះ​ឲ្យ​បាន ដើម្បី​បំបែក​កំណត់ត្រា​ចាស់​របស់លោក Jose Mourinho ដែល​ធ្លាប់​ដឹកនាំ Chelsea ឈ្នះ​២៩​ប្រកួត​២​ឆ្នាំ​ជាប់​គ្នា គឺនៅរ​ដូ​វ​កាល ២០០៤-២០០៥ និង ២០០៥-២០០៦​។​



​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី វ័យ​៤៧​ឆ្នាំ ទាំង​៣៧​ប្រកួត​នៃ​ក្របខណ្ឌ Premier League កន្លងមក Chelsea អាច​ទទួល​ជ័យជម្នះ​២៩​លើក​រួចមកហើយ​។ ការ​ឈ្នះ​២៩​លើក​នេះ បាន​នាំ​ឲ្យ​លោក Conte អាច​តាម​ស្មើ​កំណត់ត្រា​ចាស់​របស់ Mourinho ដែល​ធ្លាប់​ដឹកនាំ​ក្រុម​នេះ​ជោគជ័យ​ដល់​ទៅ​ពីរ​ឆ្នាំ​ជាប់​គ្នា​កាលពី​រដូវ​កាល ២០០៤-២០០៥ និង ២០០៥-២០០៦​។



​បើតាម​ការចុះផ្សាយ​រប​ស់ BBC អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​រូបនេះ បានដាក់​គោលដៅ​ឈ្នះ​៣០​ប្រកួត​ឲ្យ​បាន ដើម្បី​បំបែក​កំណត់ត្រា​ចាស់​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន នា​ការប្រកួត​ចុងក្រោយ​រវាង Chelsea និង Sunderland ក្នុង​ទឹកដី Stamford Bridge នា​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​។​

​សូមបញ្ជាក់ថា Conte ក៏មាន​ភារកិច្ច​សំខាន់​មួយទៀត​ផងដែរ គឺ​ការ​ប្រ​កូត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន FA Cup ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal នា​ថ្ងៃទី​២៧ ខែឧសភា​ខាងមុខនេះ ក្នុង​កីឡដ្ឋាន Wembley៕


Tag:
 បាល់ទាត់​
  Antonio Conte
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com