ជាតិ
សេដ្ឋកិច្ច
លោក ម៉ុង ឫទ្ធី និង លោក វេង សាខុន ថា កសិករមានស្វាយ តែអត់ត្រូវតាមស្ដង់ដារនាំចេញ
× ភ្នំពេញ៖ សេដ្ឋីកសិកម្ម លោក ម៉ុង ឫទ្ធី ដែលជាអ្នកនាំចេញផលិតផលស្វាយទៅទីផ្សារអឺរ៉ុបបានមានប្រសាសន៍ថា កសិករមានទីផ្សារលក់ផលិតផលស្វាយរបស់ខ្លួនហើយ តែផ្លែស្វាយរបស់កសិករមិនត្រូវតាមស្ដង់ដារគុណភាព អាចនាំចេញបាន។ លោកបានថ្លែងដូចនេះ នៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាតម្លៃទីផ្សារសត្វជ្រូក ដែលលោកជាសហប្រធានកសិកម្ម និងកសិ-ឧស្សាហកម្មផ្នែកឯកជន និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំនេះ នៅថ្ងៃទី១៦ខែឧសភា។
លោក ម៉ុង ឫទ្ធី លើកឡើងថា ក្រុមហ៊ុនលោកផ្ទាល់ខ្វះខាតផ្លែស្វាយផ្គត់ផ្គង់ឲ្យទីផ្សារអឺរ៉ុប។ លោកប្រាប់ថា ក្រុមហ៊ុនលោកត្រូវនាំចេញផ្លែស្វាយចំនួន២ជើងយន្តហោះទៅអឺរ៉ុបតាមការបញ្ជាទិញ ដោយក្នុងមួយជើងត្រូវផ្គត់ផ្គង់ផ្លៃស្វាយយ៉ាងតិច ៨តោន ប៉ុន្តែនៅថ្ងៃនេះក្រុមហ៊ុនលោកនាំចេញស្វាយបានតែ ២,៥តោន ព្រោះខ្វះស្វាយដែលឆ្លើយតបតាមស្ដង់ដារគុណភាពរបស់អ្នកទិញ។
«អ្នកមួយចំនួនថាមានស្វាយ តែអត់កន្លែងលក់ ប៉ុន្តែខ្ញុំតំណាងឲ្យអ្នកនាំស្វាយទៅសហគមន៍អឺរ៉ុប គឺខ្វះស្វាយពីរជើងយន្តហោះ អត់មានស្វាយឲ្យគេទេ»។ នេះជាការថ្លែងរបស់ លោក ម៉ុង ឫទ្ធី មុននឹងលោកបន្ថែមថា ដោយសារអ្នកដាំស្វាយពុំបានអនុវត្តផ្នែកសុវត្ថិភាពចំណីអាហារ តាមការណែនាំរបស់អ្នកបញ្ជាទិញពីក្រៅប្រទេស ទើបកសិករមិនអាចនាំចេញផលិតផលខ្លួនទៅទីផ្សារក្រៅប្រទេសបាន។ លោកឲ្យដឹងយ៉ាងដូច្នេះថា៖«ចុះសួរថាកសិករបេះស្វាយអត់មានទីផ្សារទេ?។ បើគាត់អត់បានអនុវត្តតាមការណែនាំរបស់អ្នកទិញ ដែលត្រូវការសុវត្ថិភាពម្ហូបអាហាររបស់គេ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចពិភាក្សាខាងលើនេះថា ការវេចខ្ចប់កសិផល និងការដាំដុះរបស់កសិករ នៅមិនទាន់អាចឆ្លើយតបនឹងស្ដង់ដារអនាម័យ និងភូតគាមអនាម័យ។ លោកថ្លែងយ៉ាងដូច្នេះថា៖«កសិកររបស់យើងនៅមានកម្រិតក្នុងការឆ្លើយតបសេចក្ដីត្រូវការរបស់គេ»។
លោកបានលើកឡើងពីការដែលប្រទេសចិនធ្លាប់បានបដិសេធទិញផ្លែចេករបស់កម្ពុជា ដោយសារផលិតផលរបស់កម្ពុជា មិនបំពេញបានលក្ខខណ្ឌរបស់គេ។ លោករៀបរាប់ដូច្នេះថា៖«ចិនមិនទទួលយកបាន ដោយសារហេដ្ឋរចនាសម្ព័ន្ធ ដែលមិនមែនគិតតែការវេចខ្ចប់ប៉ុណ្ណោះទេ តែរឿងបច្ចេកទេសដាំដុះថែមទៀត។ គេត្រូវមើលចម្ការយើងដាំដុះ មានសត្វរុយ ឬសត្វផ្សេងៗ។ ហើយយើងត្រូវមានវិធានការកំចាត់សត្វណឹង កុំឲ្យវាទុំ វាចោះផលិតផលរបស់យើង ហើយប្រមូលផលបានត្រូវលាងសម្អាតមេរោគ រួចត្រូវវេចខ្ចប់ ត្រូវមានឃ្លាំងត្រជាក់ស្តុក»។
«ត្រង់នេះហើយដែលប្រជាជនយើងនៅខ្វះខាត គាត់មានស្វាយ តែគាត់ស្រែកថាអត់មានទីផ្សារ ប៉ុន្តែគាត់អត់បានដឹងយល់ពីបច្ចេកទេសនៃការនាំចេញ»។ លោក វេង សាខុន ថ្លែងបែបនេះ មុននឹងលោកអះអាងថា ដើម្បីឆ្លើយតបស្ដង់ដារនាំចេញរបស់អ្នកបញ្ជាទិញពីក្រៅប្រទេស លុះត្រាមានការសហការរវាងកសិករ និងក្រុមហ៊ុនឯកជន។ លោកប្រាប់ដូចនេះថា៖«ប្រជាជនមិនអាចធ្វើបានទេ លុះណាមានក្រុមហ៊ុនមួយមកធានានិងណែនាំ»។
ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជានាពេលបច្ចុប្បន្ន ក៏មិនទាន់អាចឆ្លើយតបនឹងតម្រូវការចរាចរកសិផលទៅក្រៅប្រទេសបានផងដែរ។ នេះបើតាម លោក វេង សាខុន ៕
Tag:
វេង សាខុន
ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com