កីឡាជាតិ
ជាតិ
គុនល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំកាយរបស់ក្រសួងអប់រំ យុវជន និងកីឡា
× កីឡាវប្បធម៌ប្រពៃណីដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរ គុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងកម្មវិធីសិក្សាអប់រំកាយរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្រិតអនុវិទ្យាល័យ(ទី៧, ទី៨ និងទី៩)។ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ដើម្បីអភិវឌ្ឍន៍ និងអភិរក្សកីឡាគុនល្បុក្កតោ ដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរឲ្យមានការរីកចម្រើន និងស្ថិតស្ថេរគង់វង្សជានិរន្តន៍ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចដាក់កីឡាវប្បធម៌ប្រពៃណីមួយនេះ ក្នុងកម្មវិធីសិក្សាអប់រំកាយកម្រិតអនុវិទ្យាល័យនៅតាមសាលាទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។
តែយ៉ាងណា លោក មិនទាន់ដឹងពីពេលវេលាជាក់លាក់ក្នុងការដាក់ឲ្យអនុវត្តន៍នៅឡើយទេ គ្រាន់តែអះអាងថា នឹងដាក់ឲ្យអនុវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកសង្កត់ធ្ងន់ថា កត្តាសំខាន់ គឺត្រូវបណ្តុះបណ្តាលជំនាញគុនលល្បុក្កតោដល់គ្រូទៅតាមសាលាទាំង២៥ខេត្ត-ក្រុងឲ្យចេះជាមុនសិន ទើបដាក់ឲ្យអនុវត្តន៍បាន។
«កម្មវិធីនឹងគឺអាស្រ័យលើការមានគ្រូគ្រប់គ្រាន់ នៅពេលណាដែលយើងមានគ្រូបង្ហាត់នៅតាមសាលាអប់រំកាយគ្រប់គ្រាន់ និងចេះបង្ហាត់ត្រឹមត្រូវហើយបានយើងចាប់ផ្តើម តាមការកំណត់របស់ក្រសួងអប់រំ អ៊ីចឹងយើងរង់ចាំតាមការកំណត់របស់ក្រសួងអប់រំថា ឆ្នាំក្រោយ ឬឆ្នាំក្រោយទៀត។ ប៉ុន្តែអ្វីសំខាន់ជាងគេគឺយើងបណ្តុះបណ្តាលគ្រូសិន ដូច្នេះយើងមិនទាន់ដឹងច្បាស់លាស់ចាប់ផ្តើមនៅពេលណា តែវាជាការដាក់វិធានការតាមផ្លូវច្បាប់ ដែលយើងអាចអនុវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះ»។ នេះជាការលើកឡើងរបស់ លោក វ៉ាត់ ចំរើន៕
Tag:
ល្បុក្កតោ
វ៉ាត់ ចំរើន
កម្មវិធីសិក្សាអប់រំកាយ
© រក្សាសិទ្ធិដោយ thmeythmey.com