កីឡាអន្តរជាតិ
អន្តរជាតិ
Monaco ហៅ 50 Cent ដើម្បីប្រគំតន្ត្រីអបអរការឈ្នះពាន Ligue 1 ជាលើកទី៨របស់ខ្លួន
× AS Monaco ឈ្នះជើងឯក Ligue 1 របស់បារាំងជាលើកដំបូងបន្ទាប់ពីអាក់ខាន១៧ឆ្នាំ ក្រោយយកជ័យជម្នះ ២-០ លើក្រុមSaint-Etienne កាលពីរាត្រីថ្ងៃពុធ។ នេះជាការទទួលបានពានក្របខណ្ឌកំពូលបារាំងលើកទី៨ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដែលមានមូលដ្ឋាននៅប្រទេសម៉ូណាកូ។ ដើម្បីអបអរកំណត់ត្រាថ្មីរបស់ខ្លួន AS Monaco បានអញ្ជើញតារាចម្រៀងល្បីរបស់អាមេរិក 50 Cent ធ្វើការប្រគំតន្ត្រីនាថ្ងៃទី២១ ខែឧសភា ខាងមុខ។
ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបានគ្រាប់បាល់ទីមួយនៅនាទីទី១៩ និងជាគ្រាប់បាល់ទី១៥របស់គេក្នុងរដូវកាលនេះនៃក្របខណ្ឌ Ligue 1។ ជិតចប់ការប្រកួតទៅហើយប្រធានក្រុម Valere Germain អាចរកគ្រាប់បាល់បន្ថែម១គ្រាប់ទៀតនៅនាទី៩០។ ចប់ការប្រកួត Monaco ទទួលជ័យជម្នះលើ Saint-Etienne ២-០ ហើយសរុបពិន្ទុទាំង៣៧ប្រកួត Monaco មាន៩២ពិន្ទុ PSG មាន៨៦ពិន្ទុ។
ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Leonardo Jardim មានពិន្ទុនាំមុខក្រុមលេខ២ Paris St-Germain រហូត៦ពិន្ទុឯណោះខណៈនៅសល់តែមួយប្រកួតទៀតនឹងត្រូវបញ្ចប់រដូវកាលនេះ។ នេះជាការឈ្នះពានលើកទី៨ផងដែររបស់ Monaco ក្នុងប្រវត្តិសាស្ត្រនៃលីកកំពូលបារាំង Ligue 1 ក្រោយអាកខានលើកពាននេះតាំងពីឆ្នាំ២០០០មក។
Monaco គឺជាក្លិបតែមួយគត់ដែលមិនស្ថិតនៅក្នុងប្រទេសបារាំង តែបានជោគជ័យដ៏ធំធេងនៅក្របខណ្ឌ Ligue 1 និងនៅតំបន់អឺរ៉ុប។ នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ខាងមុខ ក្លិបអញ្ជើញតារាចម្រៀងអាមេរិក 50 Cent ដើម្បីប្រគំតន្ត្រីអបអររដូវកាលដ៏អស្ចារ្យរបស់ខ្លួន នៅ Place du Palais នៃប្រទេសម៉ូណាកូ៕
Tag:
បាល់ទាត់
AS Monaco
Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com