កីឡាជាតិ
ជាតិ
ទោះបីប៉ូលិសចាញ់ក្រុមវេស្ទើនភ្នំពេញ ២-១ ក្នុងជើងទី២ ប៉ុន្តែក្រុមនេះឡើងទៅកាន់ដំណាក់កាលបន្ត
× ក្រុមវេស្ទើនភ្នំពេញបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ២-១ នាជំនួបជើងទី២ពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ នៅលើទឹកដីរបស់ខ្លួនកាលពីម្សិលមិញ។ ប៉ុន្តែលទ្ធផលនេះបានត្រឹមបន្សល់ភាពសោកស្តាយសម្រាប់ក្រុមវេស្ទើនតែប៉ុណ្ណោះ ព្រោះក្រុមប៉ូលិសជាអ្នកឡើងទៅកាន់ដំណាក់កាលទី៤ក្នុងលទ្ធផលឯកច្ឆន្ទទាំងពីរជើង ៣-២។ ចំណែកក្រុមអគ្គិសនីបានលត់ក្រុមសៀមរាបទាំងពីរជើងក្នុងលទ្ធផល ១៥-០ ខណៈស្វាយរៀងយកឈ្នះព្រៃវែង ៩-៧ ដើម្បីឡើងទៅកាន់ដំណាក់កាលបន្តផងដែរ។
ទោះបីក្រុមវេស្ទើនភ្នំពេញបានប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះក្រុមប៉ូលិស ២-១ ក្នុងជើងទី២កាលពីម្សិលមិញក៏ដោយ ប៉ុន្តែក្រុមនេះមិនអាចបន្តឱកាសក្នុងដំណាក់កាលបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ នោះឡើយ។ ក្រោយចាញ់ក្រុមប៉ូលិស ២-០ ក្នុងជើងទី១បានធ្វើឲ្យវេស្ទើនភ្នំពេញធ្លាក់ចេញពីការប្រកួតត្រឹមដំណាក់កាលទី៣នេះតែម្តង ខណៈក្រុមប៉ូលិសឡើងទៅកាន់ដំណាក់កាលទី៤ជាមួយពិន្ទុឯកច្ឆន្ទទាំងពីរជើង ៣-២។
ចំណែក ការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបក្រុមអគ្គិសនីកម្ពុជាបានបន្តយកឈ្នះក្រុមសៀមរាបក្នុងលទ្ធផល ៧-០ នាជំនួបជើងទី២កាលពីម្សិលមិញ ដូច្នេះតាមរយៈការឈ្នះកាលពីជើងទី១នៅលើទឹកដីរបស់ខ្លួន ៨-០ បានជួយឲ្យក្រុមនេះឡើងទៅកាន់ដំណាក់កាលបន្តជាមួយជ័យជម្នះ ១៥-០។
ដោយឡែក ក្រុមព្រៃវែងទោះបីអាចប្រើភាពជាម្ចាស់ផ្ទះយកស្មើ ៤-៤ ជាមួយក្រុមស្វាយរៀងក្នុងជើងទី២កាលពីម្សិលមិញក៏ដោយ ប៉ុន្តែតាមរយៈការបរាជ័យ ៥-៣ កាលពីជើងទី១ធ្វើឲ្យក្រុមនេះបាត់បង់ឱកាសប្រជែងក្នុងដំណាក់កាលបន្ត។ ដូច្នេះក្រុមស្វាយរៀងត្រូវឡើងទៅដំណាក់កាលទី៤ជាមួយជ័យជម្នះសរុបទាំងពីរជើង ៩-៧៕
Tag:
Hun Sen Cup 2017
ប៉ូលិស
វេស្ទើនភ្នំពេញ
អគ្គិសនីកម្ពុជា
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com