កីឡាអន្តរជាតិ
អន្តរជាតិ
Dirk Kuyt ប្រកាសចូលនិវត្តន៍ ក្រោយធ្វើបាន hat-trick ជួយ Feyenoord លើកពានលីគហូឡង់
× អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Dirk Kuyt បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ក្រោយរយៈពេល៣ថ្ងៃបន្ទាប់ពីជួយក្រុម Feyenoord ឈ្នះពានលីគកំពូលហូឡង់ Eredivisie រដូវកាលនេះបន្ទាប់ពីអាក់ខានតាំងពីឆ្នាំ១៩៩៩មក។
ក្នុងវ័យ៣៦ឆ្នាំ ប្រធានក្រុម Feyenoord នេះអាចរកបាន៣គ្រាប់ម្នាក់ឯង (hat-trick) នាការប្រកួតក្របខណ្ឌលីគកំពូលហូឡង់ចុងក្រោយក្នុងជ័យជម្នះ ៣-១ លើក្រុម Heracles Almelo។ លទ្ធផលនេះធ្វើឲ្យ Feyenoord នាំមុខ Ajaxតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីជួយក្រុមរបស់គេលើកពាន Eredivisie លើកដំបូងក្នុងរយៈពេល១៨ឆ្នាំចុងក្រោយ។
បើតាមការចុះផ្សាយរបស់ The Sun អតីតសមាជិកក្រុមជម្រើសជាតិហូឡង់ FC Utrecht និង Fenerbahce រូបនេះនិយាយថា៖«សុបិនរបស់ខ្ញុំក្លាយជាការពិតហើយ។ នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំតែងតែអនុវត្តតាមបេះដូងរបស់ខ្ញុំនៅពេលធ្វើការសម្រេចចិត្តណាមួយ និងព្រមទាំងការសម្រេចចិត្តលើកនេះផងដែរ។ ខ្ញុំគិតថា វាជាពេលដ៏ត្រឹមត្រូវសម្រាប់ខ្ញុំចូលនិវត្តន៍ហើយ»។
ទោះយ៉ាងក៏ដោយការសម្រេចចិត្តចូលនិវត្តន៍របស់ Dirk Kuyt មិនធ្វើឲ្យរូបគេចេញឆ្ងាយពីក្រុម Feyenoord នោះទេ ដោយទទួលបានតួនាទីជាអ្នកគ្រប់គ្រងបច្ចេកទេសក្នុងក្រុមនេះបន្តទៀត៕
Tag:
បាល់ទាត់
Dirk Kuyt
ចូលនិវត្តន៍
Feyenoord
© រក្សាសិទ្ធិដោយ thmeythmey.com