កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ AFC លើកពេលប្រកួតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីលើកទី២
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានប្រកាសលើកពេលប្រកួតរវាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើង និងក្រុមម៉ាឡេស៊ីនៅរដ្ឋធានីព្យុងយ៉ាងជាលើកទី២ ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០១៩។
មូលហេតុនៃការសម្រេចលើកពេលនេះ ដោយសារភាពតានតឹងខាងនយោបាយនៅឧបទ្វីបកូរ៉េកំពុងតែឡើងកំដៅខ្លាំង។ មួយវិញទៀត សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ក៏បានសម្តែងការមិនពេញចិត្ត និងបានប្តឹងទៅនឹងការសម្រេចរបស់ AFC ដែលធ្លាប់បានសម្រេចឲ្យក្រុមទាំងពីរនេះធ្វើការប្រកួតវគ្គជម្រុះពាន AFC Asian Cup ឆ្នាំ២០១៩ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋធានីព្យូងយ៉ាងនាពេលកន្លងមកផងដែរ។
បើតាមគេហទំព័រផ្លូវការរបស់ AFC បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ការប្រកួតនេះនឹងត្រូវលើកពេលទៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០១៧វិញ ដោយមានការសម្រេចពី FIFA ថែមទៀតផង។
នេះជាលើកទី២ហើយដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានសម្រេចលើកពេលប្រកួតរវាងក្រុមម៉ាឡេស៊ី និងកូរ៉េខាងជើង។ តាមពិតទៅក្រុមទាំងពីរត្រូវប្រកួតគ្នាក្នុងវគ្គជម្រុះជុំទី៣ពានរង្វាន់ AFC Asian Cup នេះតាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧មកម្លេះ។ ប៉ុន្តែដោយសារព្រួយបារម្ភអំពីសុន្តិសុខរបស់កីឡាករខ្លួនសមាគមន៍កីឡាបាល់ទាត់ម៉ាឡេស៊ី លើកឡើងថាការប្រកួតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីគួរតែធ្វើឡើងនៅក្នុងទឹកដីកណ្តាលល្អជាជាងធ្វើក្នុងរដ្ឋធានីព្យុងយ៉ាង។
ការព្រួយបារម្ភរបស់ FAM នេះដោយសារកន្លងមកម៉ាឡេស៊ីធ្លាប់មានបញ្ហាការទូតជាមួយកូរ៉េខាងជើងជុំវិញករណីឃាតកម្មលើលោកគីម ជុងណាម បងប្រុសម្តាយទីទៃលោក គីម ជុងអ៊ុន។
ជុំវិញឃាតកម្មលើលោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីខែកុម្ភៈកន្លងទៅ បានបង្កឱ្យមានជម្លោះការទូតរវាងប្រទេសទាំងពីរ ដោយមានការហាមប្រាមប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរចាកចេញពីប្រទេស ហើយថែមទាំងមានការដកឯកអគ្គរដ្ឋទូតចេញរៀងៗខ្លួនទៀតផង។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី៣នេះ ដើម្បីបានកៅអីសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួមអេមីរ៉េត។ ការប្រកួតក្នុងវគ្គជម្រុះនេះចែកចេញជា៦ពូល ក្នុងមួយពូលមាន៤ក្រុម ដោយកូរ៉េខាងជើង និងម៉ាឡេស៊ីស្ថិននៅពូលB ត្រូវជួប លីបង់ និងហុងកុង៕
Tag:
បាល់ទាត់
AFC Asian Cup
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com