អន្តរជាតិ
គណៈរដ្ឋមន្ត្រី​របស់លោក ម៉ា​ក្រុង មាន​សមភាព​ភេទ និង​ចម្រុះ​និ​ន្នាការ​នយោបាយ​
18, May 2017 , 4:38 pm        
រូបភាព
ពីឆ្វេងទៅស្តាំ Nicolas Hulot, Jean-Yves Le Drian, Sylvie Goulard, François Bayrou និង Gerard Collomb។ រូបថត Getty និង The Guardian
ពីឆ្វេងទៅស្តាំ Nicolas Hulot, Jean-Yves Le Drian, Sylvie Goulard, François Bayrou និង Gerard Collomb។ រូបថត Getty និង The Guardian
​សមាជិក​គណៈរដ្ឋមន្ត្រី​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មាន​ចំនួន ២២ រូប ហាក់​រួម​តូច​ជាង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បន្តិច​។ តាម​ការសន្យា​បង្កើត​ឲ្យ​មាន​សមភាព​ភេទ​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ លោក ម៉ា​ក្រុង បានសម្រេច​តែងតាំង​ស្ត្រី ១១​រូប និង​បុរស ១១ រូប​ឲ្យ​កាន់កាប់​តំណែង​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំង ២២​នោះដែរ​។ តាម​បញ្ជី​ឈ្មោះ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី ក្រៅពី​មាន​សមភាព​ភេទ​រវាង​បុរស​និង​នារី វា​ក៏មាន​ភាព​ចម្រុះ​ផ្នែក​នយោបាយ​ដែរ​។ វា​ជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ដណ្តើមយក​អាសនៈ​ឲ្យ​បាន​ច្រើន​ក្នុងការ​បោះឆ្នោត​ខែមិថុនា​ខាងមុខ​។​



​ដូច​ដឹង​ស្រាប់​ហើយ តំណែង​នាយករដ្ឋមន្ត្រី​បារាំង​ថ្មី គឺ​ត្រូវ​ផ្តល់​ឲ្យ​លោក អេ​ឌូ​អាត ហ្វី​លី​ព (Édouard Philippe) មាន​វ័យ ៤៦ ឆ្នាំដែលជា​អ្នកនយោបាយ​កណ្តាល​លម្អៀង​ស្តាំ​សមាជិក​បក្ស​សាធារណរដ្ឋ និង​ជា​អភិបាលក្រុង Havre ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​បារាំង​។​វា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ទំនើប​របស់​បារាំង ដែល​ប្រធានាធិបតី​តែងតាំង​នាយករដ្ឋមន្ត្រី​មកពី​បក្ស​ផ្សេង​។ ប៉ុន្តែ​លោក ម៉ា​ក្រុង មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​រក​សំឡេងគាំទ្រ​ឲ្យ​បាន​ច្រើន​ជាពិសេស​ក្រុមគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ផង​។​
 
​តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ ដែលជា​តំណែង​ជាន់ខ្ពស់​បំផុត​មួយនោះ​នឹងត្រូវ​ផ្តល់​លោក Gerard Collomb ដែលមាន​វ័យ ៦៩ ឆ្នាំ និង​ជា​អភិបាលក្រុង​លី​យ៉ុង ហើយ​មកពី​បក្ស​សង្គមនិយម​ផង​។រដ្ឋមន្ត្រី​មហាផ្ទៃ​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការរក្សាសន្តិសុខ​ផ្ទៃក្នុង​ជារួម និង​ទទួលខុសត្រូវ​មើលថែទាំ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក្នុង​បរិបទ​ដែលមាន​ការកើនឡើង​ការ​គំរាម​ហែង​បង្កឡើង​ដោយ​ក្រោយ​ជ្រុលនិយម​នោះ​។​

​គេ​គួរ​កត់សម្គាល់ថា សមាជិក​គណៈរដ្ឋមន្ត្រី​រដ្ឋបាល​ចាស់​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ពីរ​នាក់​នឹង​ចូល​បំពេញការងារ​ក្នុង​រដ្ឋបាល​បារាំង​ថ្មី​ទៀត​។ ក្នុងនោះ​មាន​លោក Jean-Yves Le Drian អតីតរដ្ឋមន្ត្រី​ការពារជាតិ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប​និង​កិច្ចការបរទេស​។ ស្ថិតក្នុង​វ័យ​ចំណាស់ ៦៩ ឆ្នាំ និង​ជា​សមាជិក​បក្ស​សង្គមនិយម​ដូច​លោក Collomb នោះ លោក Le Drian មានបទពិសោធន៍​ខ្ពស់ និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​ដែរ ក្នុងពេល​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ក្នុង​រដ្ឋបាល​មុន​នោះ​។ 

 ម្នាក់ទៀត​គឺ​លោកស្រី Annick Girardin ដែលជា​អតីត​តំណាង​ប្រធានាធិបតី ហូ​ឡង់ នៅ​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ត្រូវបាន​លោក ម៉ា​ក្រុង តែងតាំង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទឹកដី​បារាំង​នៅ​នាយសមុទ្រ។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក ម៉ា​ក្រុង សម្រេច​តែងតាំង​លោកស្រី Sylvie Goulard មាន​វ័យ ៥៩ ឆ្នាំ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្មី​។ មុន​ចូល​ជាមួយ​ចលនានយោបាយ​លោក ម៉ា​ក្រុង « En Marche» ឆ្នាំ ២០១៧ លោកស្រី​ជា​សមាជិក​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​។​

 លោកស្រី Goulard បច្ចុប្បន្ន​ជា​សមាជិកសភា​អឺរ៉ុប ហើយ​លោកស្រី​មាន​និន្នាការ​គាំទ្រ​អ្នកនយោបាយ​កណ្តាល​និយម​គាំទ្រ​អឺរ៉ុប​ដូចជា​លោក ម៉ា​ក្រុង ខ្លាំង​ដែរ​។ ក្នុង​តំណែង​ជា​ប្រមុខ​ការពារជាតិ លោកស្រី Goulard នឹង​បន្ត​ជំរុញ​ឲ្យ​មានការ​បង្កើត​ប្រតិបត្តិការ​យោធា​រួម​របស់​អឺរ៉ុប​នៅពេល​អនាគត​ផងដែរ​។

​រីឯ អ្នក​យោ​បាយ​អភិរក្ស​សមាជិក​គ​ណ​បក្ស​សាធារណរដ្ឋ​លោក Bruno Le Maire  ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់​បារាំង​។ ស្ថិតក្នុង​វ័យ ៤៨ ឆ្នាំ លោក Le Maire ធ្លាប់​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១២​។ ការតែងតាំង​អ្នកនយោបាយ​ជើងចាស់​មកពី​បក្ស​សាធារណរដ្ឋ​នេះ​នឹង​រួមចំណែក​សំខាន់​ក្នុងការ​ប្រជែង​រក​សំឡេងគាំទ្រ​ក្នុងការ​បោះឆ្នោត​សភា​ខែក្រោយ​របស់លោក ម៉ា​ក្រុង ដែរ​។

​តំណែង​មួយចំនួន​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​បណ្តា​រដ្ឋមន្ត្រី​ដែលមាន​ប្រភព​ចេញពី​អ្នក​បំពេញការងារ​ក្នុង​វិស័យ​សង្គម​ស៊ីវិល​។ ដូច​ឃើញស្រាប់​លោក Nicolas Hulot ដែលជា​សកម្មជន​បរិ​ស្ថាន​បារាំង ត្រូវបាន​លោក ម៉ា​ក្រុង តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​តំណែង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ត្រូវ​ផ្តល់​ទៅ​ឲ្យ​លោក François Bayrou​។ លោក​មាន​វ័យ ៦៦​ឆ្នាំ ហើយ​លោក​ជា​ប្រធាន​បក្ស​ចលនា​ប្រជាធិបតេយ្យ​។ លោក​ក៏បាន​ឈរឈ្មោះ​ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​បារាំង​ដែរ​ក្នុង​ឆ្នាំ ២០១៧ តែ​លោក​សម្រេច​ដកខ្លួន​ហើយ​មក​គាំទ្រ​លោក ម៉ា​ក្រុង វិញ​ម្តង​។ 

ចំណែក​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​ផ្សេងទៀត​មានឈ្មោះ​ដូចខាងក្រោម​នេះ​៖

-​អគ្គលេខាធិការ​បក្ស La République En March លោក Richard Ferrand ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​លំនៅដ្ឋាន​និង​សមភាព​ដែនដី​។

- លោកស្រី Agnès Buzyn ជា​សាស្ត្រាចារ្យ​ផ្នែក​ឱសថ​សាស្ត្រ នឹង​កាន់កាប់​តំណែង​រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល​។​
- លោកស្រី Françoise Nyssen ជា​បណ្ណាធិការ នឹងត្រូវ​កាន់កាប់​តំណែង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​។​
- លោក Jean-Michel Blanquer ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថ្មី​របស់​បារាំង​។​
-​លោកស្រី Murielle Penicaud នឹងត្រូវ​កាន់កាប់​តំណែង​រដ្ឋមន្ត្រីក្រសួង​ការងារ​។​
-​លោក Jacques Mézard ជា​អ្នកច្បាប់​និង​ជា​អ្នកនយោបាយ​បារាំង​ផង​នោះ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​។​
-​លោក Gérald Darmanin ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ថវិកា​សាធារណៈ​។​
-​លោកស្រី Frédérique Vidal នឹង​ក្លាយជា​រដ្ឋមន្ត្រី​អប់រំ​ជាន់ខ្ពស់​របស់​បារាំង​។​
- លោកស្រី Laura Flessel ម្ចាស់​មេដាយ​អូឡាំពិក​ចំនួន​ប្រាំ និង​មេដាយ​កម្រិត​ពិភពលោក​ជាច្រើន​ផ្សេងទៀត​នោះ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​កីឡា​។​
- លោកស្រី Elisabeth Borne បានទទួល​តំណែង​ជា រដ្ឋលេខាធិការ​ដឹកជញ្ជូន​ដែល​ស្ថិតនៅក្រោម​ក្រសួងបរិស្ថាន​។​
- លោកស្រី Marielle de Sarnez ដែលជា​សមាជិកសភា​អឺរ៉ុប​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប​។​
- លោក Christophe Castaner ជា​សមាជិកសភា​គណបក្ស​សង្គមនិយម នឹង​ក្លាយជា​អ្នកនាំពាក្យ​និង​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការងារ​សភា​។​
-​លោកស្រី Marlene Schiappa នឹង​ក្លាយជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​សមភាព​ភេទ​។​
-​លោកស្រី Sophie Cluzel នឹង​ក្លាយជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការងារ​ជនពិការ​។​
-​លោក Mounir Mahjoubi ជា​សមាជិក​បក្ស La République en march និង​ជា​សហគ្រិន​ផង​នោះ​នឹង​ក្លាយជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ ឌីជីថល ( Digital Affairs) ៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  អេ​ឌូ​អាត ហ្វី​លី​ព​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com