អន្តរជាតិ
ប្រទេស​ចិន​ដឹកនាំ​សាកលវិទ្យាល័យ​អាស៊ី​ថ្មី​មួយក្រុម​ដើម្បី​ប្រជែង​ជាមួយ​សាកលវិទ្យាល័យ​នៅ​ប្រទេស​លោកខាងលិច
20, May 2017 , 7:39 am         2878
រូបភាព
ដោយ: VOA
​ប៉េកាំង៖ សម្រាប់​ប្រទេស​ចិន ការបង្កើត​សម្ព័ន្ធ​សាកលវិទ្យាល័យ​បែបនេះ គឺ​ដើម្បី​ចាប់យក​តំណែង​ជា​អ្នកដឹកនាំ​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវិត​ប្រចាំថ្ងៃ​ក្នុង​តំបន់​អាស៊ី និង​លើកតម្កើង​ជំហរ​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​។ ប្រទេស​ចិន​ក៏មាន​ស្នាដៃ​ជោគជ័យ​ស្រដៀង​គ្នា​នេះដែរ​លើ​ផ្នែក​ប្រព័ន្ធ​ធនាគារ ស្រប​ពេលដែល​ប្រទេស​នេះ​កំពុង​ដឹកនាំ​ប្រទេស​ជាង​៦០ ក្នុងការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ក្នុង​ឆ្នាំ​២០១៤​។​


​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ឥឡូវនេះ កំពុង​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ជាច្រើន​ថែមទៀត​សម្រាប់​កម្មវិធី​«​ខ្សែក្រវ៉ាត់​និង​វិថី​» របស់ខ្លួន​។​

​ស្ថាប័ន​ថ្មី​នេះ ដែលមាន​ឈ្មោះថា សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី​ហៅ​កាត់​ថា (AUA) ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​សាកលវិទ្យាល័យ Tsinghua ដ៏​ល្បីល្បាញ​មួយ ដែល​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​នៃ​ក្រុម​សាកលវិទ្យាល័យ​ទាំង​១៥​មកពី​បណ្តា​ប្រទេស​ចំនួន​១២​។​

​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ត្រូវបាន​ធ្វើឡើង ក្រោម​វត្តមាន​របស់លោក​ស្រី​ឧបនាយករដ្ឋមន្ត្រី Liu Yandong ដែលជា​អ្នក​លើកឡើង​ពី​សារៈសំខាន់​របស់​រដ្ឋា​ភិ​បាល​ចិន​ក្នុង​សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី​នេះ​។​

​គតិបណ្ឌិត​អាស៊ី​
​លោកស្រី Liu Yandong បាន​និយាយថា សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី​នេះ នឹង​រូ​ម​ចំណែក​«​ដល់​អាស៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​សកលលោក​»​។ លោកស្រី​បាន​បន្ថែមថា សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ​នឹង​ប្រមូលផ្តុំ «​បញ្ញវន្ត​ឆ្នើមៗ​ដែលមាន​ទស្សនវិស័យ​បែប​អន្តរជាតិ និង​ដើម្បី​បម្រើ​ផលប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​ក្នុង​តំបន់​»​។​

​ក្នុងពេល​ផ្តោត​សំខាន់​លើ​តម្រូវការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​តំបន់​អាស៊ី លោក Qiu Yong សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Tsinghua បាន​និយាយថា​៖ «​សាកលវិទ្យាល័យ​ក្នុង​តំបន់​អាស៊ី​គួរតែ​ធ្វើ​ឲ្យ​កិត្តិសព្ទ​ជា​សកល​និង​ឥទ្ធិពល​របស់ខ្លួន​ប្រសើរ​ជាង​នេះ តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ជាមួយ​ដៃគូ​អន្តរជាតិ​»​។​

​ក្រៅពី​សាកលវិទ្យាល័យ Tsinghua សាកលវិទ្យាល័យ​ដែលជា​ដៃគូ​របស់​សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ រួមមាន​សាកលវិទ្យាល័យ Peking ក្នុង​ទីក្រុង​ប៉េកាំង សាកលវិទ្យាល័យ​តូ​ក្យូ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ហុងកុង សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា សាកលវិទ្យាល័យ Yangon សាកលវិទ្យាល័យ Colombo និង​សាកលវិទ្យាល័យ Chulalongkorn នៃ​ប្រទេស​ថៃ​។​

​លោក​Tan Eng Chye សាកលវិទ្យាធិការរង​និង​ជា​មន្ត្រីជាន់ខ្ពស់​កិច្ចការរដ្ឋបាល​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​និយាយថា​៖ «​មាន​សម្ព័ន្ធ​(​សាកលវិទ្យាល័យ​អន្តរជាតិ​)​ច្រើនណាស់ ដែលមាន​លក្ខណៈ​ជាការ​ប្រមូលផ្តុំ​សាកលវិទ្យាល័យ​ចម្រុះ​ពី​ប្រទេស​លោកខាងលិច​និង​លោក​ខាងកើត​។ ប៉ុន្តែ​ពេលនេះ​គឺជា​ពេល​ស័ក្តិសម​ណាស់​សម្រាប់​សាកលវិទ្យាល័យ​ក្នុង​តំបន់​អាស៊ី ក្នុងការ​មាន​សម្ព័ន្ធ​សាកលវិទ្យាល័យ​ផ្ទាល់ខ្លួន​»​។​

​យ៉ាងហោចណាស់​អ្នកចូលរួម​ពីររូប​ក្នុង​កិច្ចប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សាភិបាល​របស់​សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី បាន​អះអាងថា សាកលវិទ្យាល័យ Tsinghua បានផ្តល់​ហិរញ្ញប្បទាន​ដល់​ស្ថាប័ន​ថ្មី​មួយ​នេះ​ក្នុង​ទឹកប្រាក់​ចំនួន​១​លាន​៥​សែន​ដុល្លារ​អាមេរិក គឺ​ច្រើន​លើសលុប​ពី​ចំនួន​ទឹកប្រាក់​ដែល​សមាជិក​បាន​បង់ថ្លៃ​សមាជិកភាព​នាពេល​បច្ចុប្បន្ននេះ ក្នុងតម្លៃ​ត្រឹមតែ​៥.០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​ការដាក់​ចំណាត់ថ្នាក់​
​គោលបំណង​ចម្បង​នៃ​សាកលវិទ្យាល័យ​ជាច្រើន​ក្នុង​តំបន់​អាស៊ី គឺ​ចង់​ឲ្យ​សាកលវិទ្យាល័យ​របស់ខ្លួន​មានឈ្មោះ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ដែល​ភាគច្រើន​មានតែ​គ្រឹះស្ថាន​អប់រំ​នៅ​ប្រទេស​លោកខាងលិច​តែប៉ុណ្ណោះ​។ ក្រៅពី​ការទាក់ទាញ​សាស្ត្រាចារ្យ​និង​និស្សិត​ឆ្នើម​ជុំវិញ​ពិភពលោក ចំណាត់ថ្នាក់​ល្អ មាន​ប្រយោជន៍​សម្រាប់​ទាក់ទាញ​មូលនិធិ​ស្រាវជ្រាវ​ពី​ផ្នែក​ឧស្សាហកម្ម​និង​ស្ថាប័ន​អន្តរជាតិ​។​

​លោក Tan Eng បាន​និយាយថា​៖ «​ការដាក់​ចំណាត់ថ្នាក់ ជានិច្ចកាល​អាស្រ័យ​ភាគច្រើន​លើ​ការស្រាវជ្រាវ ពីព្រោះ​ប្រសិនបើ​យើង​មើល​តែ​លទ្ធផល​ចុងក្រោយ​នៃ​ការសិក្សា វា​ពិបាក​នឹង​វាស់វែង​ណាស់​។ ដូច្នេះ​ប្រសិនបើ​យើង​ចំណាយ​ថវិកា​ឲ្យ​ច្រើន​លើ​ការស្រាវជ្រាវ នោះ​(​ចំណាត់ថ្នាក់​)​នៃ​សាកលវិទ្យាល័យ​យើង នឹង​ងើបឡើង​យ៉ាង​ឆាប់រហ័ស​ដែរ នេះ​បើតាម​គំនិត​របស់ខ្ញុំ​»​។​

​លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នៃ​ប្រទេស​នានា​គួរតែ​ដើរតួ​ចម្បង​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​លើ​ការស្រាវជ្រាវ​។ សព្វថ្ងៃនេះ ហិរញ្ញប្បទាន​សម្រាប់​ការស្រាវជ្រាវ មាន​ត្រឹមតែ​៥​ភាគរយ​ប៉ុណ្ណោះ ដូច្នេះ​ផ្នែក​ឧស្សាហកម្ម​ប្រហែល​មិនមាន​ឆន្ទៈ​ក្នុង​ការផ្តល់​បង្គ្រប់​៩៥​ភាគរយ​ទៀត​ដែល​នៅសល់​នោះទេ​។
​វា​គឺជា​ពេលដែល​យើង​ត្រូវ​ព្យាយាម​ប្រមូលផ្តុំ​អ្នកមាន​សមត្ថភាព​ក្នុងការ​ស្រាវជ្រាវ និង​បង្កើន​ការផ្លាស់ប្តូរ​និស្សិត និង​សាស្ត្រាចារ្យ​ដែល​លើកទឹកចិត្ត​ឲ្យ​សាកលវិទ្យាល័យ​ក្នុង​តំបន់​អាស៊ី​ផ្សេងទៀត​ចូលរួម​ក្នុង​សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ​។​

​លោក Prasanna M. Mujumdar នាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​នៅ​ទីក្រុង ប៊ុ​ម​បៃ បាន​និយាយថា​៖ «​អ្វីដែល​យើង​ចង់បាន គឺ​ក្រុម​ស្រាវជ្រាវ​ខ្លាំងៗ ធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​ទាំងនេះ​។ ប្រសិនបើ​យើង​មាន​សមត្ថភាព​អាច​ប្រមូលផ្តុំ​សាកលវិទ្យាល័យ​នានា​ចូលគ្នា ដើម្បី​ជា​ប្រយោជន៍​នៃ​ភាគី​ទាំងសងខាង អ្នកជំនាញ​ទាំង​អស់នៃ​ភាគី​ទាំងសងខាង​អាច​ចូលរួមចំណែក និង​បន្ទាប់មកទៀត​ចូល​ដេញ​ថ្ងៃ​(​រួមគ្នា​) សម្រាប់​សំណើ​គម្រោង​ស្រាវជ្រាវ​នានា​»​។
​លោក​បាន​បន្តថា​៖ «​សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ នឹង​ជួយ​ពួកយើង​ឲ្យ​ងាក​មក​ផ្តោត​ឡើងវិញ​លើ​សាក​វិទ្យាល័យ​ក្នុង​តំបន់​អាស៊ី​លើ​ផ្នែក​ផ្សេងៗ ដូចជា​កា​រចល​ភាព​និស្សិត ការផ្លាស់ប្តូរ​សាស្ត្រាចារ្យ និង​ការស្រាវជ្រាវ​រួមគ្នា​ជាដើម​”​។
​ការស្រាវជ្រាវ​បែបនេះ​នឹង​ផ្តល់​ផលចំណេញ​ដល់​ប្រទេស​ចិន ស្រប​ពេលដែល​ប្រទេស​នេះ​កំពុងតែ​ព្យាយាម​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​ធនធាន​ពី​ប្រទេស​លោកខាងលិច​សម្រាប់​ប​ច្ចេក​វិទ្យា​ទំនើបៗ និង​កំពុងតែ​សំឡឹងមើល​សាកលវិទ្យាល័យ​នានា​ក្នុង​តំបន់​អាស៊ី ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នៃ​បច្ចេកវិទ្យា​របស់ខ្លួន​។​

​ដើម្បី​អនុវត្ត​កម្មវិធី​ឆ្នាំ​២០២៥​របស់​ទីក្រុង​ប៉េកាំង ទាមទារ​ឲ្យ​មាន​កម្រិត​បច្ចេកវិទ្យា​ទូលំទូលាយ ដែល​ត្រូវ​ជំនួស​បច្ចេកវិទ្យា​ឧស្សាហកម្ម​ចាស់គំរឹល​និង​ហួស​សម័យ​ដោយ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​អាចជួយ​សន្សំ​ទាំង​ថាមពល និង​បង្ក​ឲ្យ​មានការ​បំពុលបរិស្ថាន​តិចជាង​មុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next