ជាតិ
សម្តេច ហ៊ុន សែន​៖ ត្រូវ​រក្សាសន្តិសុខ​ឲ្យ​បាន ចាប់ពី​ការឃោសនា រហូតដល់​ការបោះឆ្នោត​
19, May 2017 , 9:59 pm         2890
រូបភាព
​ភ្នំពេញ​៖ អំឡុង​នៃ​ការឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ គឺជា​កាលៈទេសៈ​ដ៏​ចាំបាច់ ដែល​តម្រូវ​ឲ្យ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ដិតដល់ ដើម្បី​រក្សា​សន្តិសុខ​។ នេះ គឺជា​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដែល​ប្រាប់​ទៅ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា​។


​ខណៈ​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នៅសល់តែ​មួយថ្ងៃ​ទៀត ដែល​នឹង​ចាប់ផ្តើម​ហើយ​នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ប្រាប់​ទៅ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ឲ្យ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​។ សម្តេច ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​៖«​ចាប់ពី​ថ្ងៃទី​២0 ខែឧសភា រហូតដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧ គឺជា​យុទ្ធនា​នៃ​ការឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ដូច្នេះ​កងកម្លាំង​នគរបាល​គ្រប់រូប ត្រូវ​លើកកម្ពស់​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ និង​ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ឲ្យ​គ្រប់ៗ​គ្នា​»​។​

​បញ្ជា​របស់​សម្តេច ហ៊ុន សែន ខាងលើ គឺធ្វើឡើង​តាមរយៈ​លិខិត​ជូនពរ ដែល​ផ្ញើ​ទៅកាន់​កងកម្លាំង​នគរបាល​ទូទាំងប្រទេស នៅក្នុង​ទិវា​រម្លឹក​ខួប​លើក​ទី​៧២ នៃ​ការកើតឡើង​នូវ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា​។ បើតាម​លិខិត​របស់​សម្តេច ហ៊ុន សែន កងកម្លាំង​នគរបាលជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៤៥​។​

​នៅក្នុង​លិខិត​នោះ សម្តេច ហ៊ុន សែន បាន​កោតសរសើរ​កង​កម្លាំង​នគរបាល ដែល​បាន​ខិតខំ​បំពេញការងារ ដោយ​ទទួលបាន​ជោគជ័យ​ធំៗ​ជាច្រើន ជូន​ប្រទេសជាតិ ដូចជា​ការបង្ក្រាប​បទ​ល្មើស​ផ្សេងៗ ការបង្ក្រាប​គ្រឿងញៀន និង​ការទប់ស្កាត់​មិន​ឲ្យ​បទឧក្រិដ្ឋ​កើនឡើង ជាដើម​។ យ៉ាងណា សម្តេច ហ៊ុន សែន នៅតែ​ជំរុញ​ឲ្យ​កងកម្លាំង​នគរបាល បន្ត​ប្រឹងប្រែង​បំពេញ​កិច្ចការ ប្រកបដោយ​មនសិការ​និង​វិជ្ជាជីវៈ ដើម្បី​ធានា​នូវ​ស្ថិរភាព សុវត្ថិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។

​ចំណែកឯ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ផងដែរ ដោយ​ធ្វើយ៉ាងណា ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ឲ្យ​បាន នៅក្នុង​អំឡុង​នៃ​ការឃោសនាបោះឆ្នោត ហើយ​រហូតដល់​ថ្ងៃ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ត្រូវបាន​បញ្ចប់​។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។​

​គេហរ​ទំព័រ​នេះ បាន​ឲ្យ​ដឹង​ទៀតថា ការណែនាំ​របស់លោក នេ​ត សាវឿន គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​។

​សូមបញ្ជាក់ថា រដ្ឋាភិបាល​បាន​បង្កើត «​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​» ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់ នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺជា​ប្រធាន «​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​»​។ កន្លងមក​សម្តេច ស ខេង ធ្លាប់​ប្រកាសថា  «​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​» នឹងដាក់​ពង្រាយ​កងក​ម្លាំ​ង​សមត្ថកិច្ច​ប្រមាណ​ជា​៣​ម៉ឺន​នាក់ នៅតាម​ការិយាល័យ​បោះឆ្នោត នៅ​ទូ​ទាំ​ប្រទេស​៕

Tag:
 ឃោសនា​
  បោះឆ្នោត​ឃុំ​-​សង្កាត់​
  ហ៊ុន សែន​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង