អន្តរជាតិ
អាស៊ាន​និង​ចិន​បញ្ចប់​ការព្រាង​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​មុន​កំណត់​
19, May 2017 , 10:39 pm         1195
រូបភាព
ដោយ: ថ្មីៗ
​អាស៊ាន​និង​ចិន​ឯកភាពគ្នា​ទទួលយក​សេចក្តីព្រាង​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(draft framework for Code of Conduct) ក្រោយ​ចំណាយពេល​ចរចា​និង​ប្រឹក្សា​យោបល់​រួមគ្នា​អស់​ពេល​១៥​ឆ្នាំ​មកនេះ​។ យ៉ាងណាមិញ​គេ​មិនទាន់​បានឃើញ​ខ្លឹមសារ​លម្អិត​សេចក្តីព្រាង​ក្របខណ្ឌ​សម្រាប់​ក្រម​ប្រតិបត្តិ​នេះ​ទេ ខណៈដែល​មន្ត្រី​ទូត​មួយចំនួន​នៅ​បារម្ភ​ពីបទ​បញ្ញត្តិ​ដែល​មានចែង​ក្នុងនោះ​ផង​ព្រោះ​គេ​មិនដឹងថា​វា​នឹង​ផ្តល់​ទម្ងន់​ដល់​អាស៊ាន​កម្រិតណា​ក្នុងការ​ដោះ​ស្រ​យាប​ញ្ហា​ជម្លោះ​ជាមួយ​ចិន​នោះ​។


​ដំណើរការ​ចរចា​និង​ចងក្រង​សេចក្តីព្រាង​ក្របខណ្ឌ​សម្រាប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC) ដែល​គេ​ទន្ទឹងរង់ចាំ​អស់​ពេល​១៥ ឆ្នាំ​មក​នោះ​ឈាន​មកដល់​ទីបញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ ឧសភា​នៅក្នុង​ជំនួប​នារ​វាង​មន្ត្រីជាន់ខ្ពស់​អាស៊ាន​និង​ចិន​នៅ​ទីក្រុង​ភាគខាងត្បូង​របស់​ចិន Guiyang ។​

​មន្ត្រីជាន់ខ្ពស់​មក ពី​ប្រទេស​អាស៊ាន​និង​ចិន​ខាងលើ ជួបពិភាក្សា​គ្នា​នៅ​ថ្ងៃ ១៨ ឧសភា​ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៤ ដែល​ផ្តោតលើ​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC)​។

​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ដាក់ចេញ​ក្រោយ​កិច្ចប្រជុំ តំណាង​អាស៊ាន និង​ចិន​បាន​ឯកភាពគ្នា​រួចរាល់​ហើយ​លើ​សេចក្តីព្រាង​ក្របខណ្ឌ​ក្រម​ប្រតិបត្តិ​នេះ  ហើយ​ភាគី​ក៏​ត្រៀម​ដាក់​ស្នើ​ទៅ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​និង​ចិន​ដើម្បី​ត្រួតពិនិត្យ​និង​ពិចារណា​មើល​ដែរ​។ ប៉ុន្តែ​គ្មាន​ការបញ្ជាក់​លម្អិត​ពី​ខ្លឹមសារ និង​មាតិកា​នៃ​សេចក្តីព្រាង​ក្របខណ្ឌ​ក្រម​ប្រតិបត្តិ​ដែល​នឹង​ក្លាយជា​វិធាន​មាន​អនុភាព​គតិយុត្តិ​សម្រាប់​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​អនុវត្ត​ឡើយ​។​

«​យើង​សូម​ប្រកាសថា មន្ត្រីជាន់ខ្ពស់​អាស៊ាន​និង​ចិន​បានសម្រេច​ការចរចា​ច​ង​ក្រង​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​ហើយ មុន​ពាក់កណ្តាល​ឆ្នាំ ២០១៧ ដែលជា​កាលបរិច្ឆេទ​ដែល​មេដឹកនាំ​អាស៊ាន​និង​ចិន​បានកំណត់​ទៀត​។ សេចក្តីព្រាង​នេះ​នឹងត្រូវ​ដាក់​ទៅកាន់​រដ្ឋមន្ត្រី​ការ​រប​ទេស​ដើម្បី​ពិចារណា​បន្ថែមថា​គួរ​គាំទ្រ ឬ​យ៉ាងណា​នោះ​»​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ តំណាង​អាស៊ាន​និង​ចិន​បាន​ប្រឹង​ប្រឹង​ព​ន្លឿ​នៃ​ការចរចា​គ្នា​ដើម្បី​សម្រេច​ឲ្យ​បានត្រឹមតែ មិថុនា ហើយ​សេចក្តីព្រាង​ដែល​គេ​ឯកភាពគ្នា​នេះ​នឹងត្រូវ​សម្រេច​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខែសីហា​នៅ​ក្រុង​ម៉ានីល​ខាងមុខ​។​

​តាមពិតទៅ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវ​អាស៊ាន​និង​ចិន​ស្នើឡើង​នេះ​មាន​អនុភាព​គតិយុត្តិ​ដើម្បី​ចាប់បង្ខំ​គូភាគី ហើយ​ក៏មាន​គោលដៅ​សំខាន់​កែលម្អ​សេចក្តីថ្លែងការណ៍​គូភាគី​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្រេចបាន​ពី​ឆ្នាំ ២០០២ ដែល​ជំរុញ​ការគោរព​ច្បាប់​សមុទ្រ (UNCLOS)​ជាពិសេស​ធានា​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ និង​ទប់ស្កាត់​ការផ្ទុះ​ជម្លោះ​ជាដើម​ផង​។

​ថ្វីបើ​ការសម្រេចបាន​សេចក្តីព្រាង​ក្របខណ្ឌ​សម្រាប់​ក្រម​ប្រតិបត្តិ​នេះ​ជា​សមិទ្ធផល​វិជ្ជមាន​ក៏ដោយ មន្ត្រីការទូត​អាស៊ាន​ខ្លះ​បារម្ភ​ថា​មិនដឹង​ជា​ចិន​ស្មោះត្រង់​កម្រិតណា ហើយ​អាស៊ាន​មាន​ទឹកមាត់ប្រៃ​ឬ​យ៉ាងណា​ក្នុង​ការបង្ខំ​ឲ្យ​ចិន​គោរព​បទបញ្ញត្តិ​ដែលមាន​ចែង​នោះ​។

​មន្ត្រី​ខ្លះ​ពិពណ៌នា សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​នេះ​ថា​ជា​អ្វីដែល​បង្កើតឡើង​គ្រាន់តែ​ឲ្យ​ល្អមើល​តែប៉ុណ្ណោះ ព្រោះ​វា​មិន​បង្ហាញ​ឲ្យ​ឃើញ​ពីអ្វី​ដែល​អាស៊ាន​បារម្ភ​ពិតប្រាកដ​ឡើយ​។ នេះ​ក៏ដោយ​សារ មកដល់​បច្ចុប្បន្ន ទោះ​មាន​ការស្នើ​ឲ្យ​បញ្ឈប់​ពី​អាស៊ាន​ក៏ដោយ ចិន​តែ​បន្ត​គម្រោង​រា​តទី​នៅ​សមុទ្រ​ចិន​ខាងត្បូង កសាង​កោះ​សិប្បនិម្មិត​និង​សាងសង់​សំណង់​ស៊ីវិល​និង​យោធា​នៅ​ទីនោះ​ដដែល និង​បន្ត​លើក​ហេតុផល​ប្រវត្តិសាស្ត្រ​ជា​សម្អាង​ថែមទៀត​៕

Tag:
 អាស៊ាន​
  ចិន​
  ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next