ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP និង​CNRP ដង្ហែ​ក្បួន​ឃោសនា លក្ខណៈ​ទ្រង់ទ្រាយ​ធំ សម្រាប់​ការឃោសនាបោះឆ្នោត ថ្ងៃ​ដំបូង​
20, May 2017 , 6:30 am         11529
រូបភាព
ភ្នំពេញ​៖ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ក្បួន​ឃោសនា​នយោបាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស សម្រាប់​ការឃោសនា​រក​សន្លឹកឆ្នោត​នៅ​ថ្ងៃ​ដំបូង​នេះ​។ គណបក្ស​ទាំងពីរ​អំពាវនាវ​ឲ្យ សកម្មជន និង​អ្នកគាំទ្រ​រៀងៗ​ខ្លួន ប្រកាន់យក​ឥរិយាបទ​អហិង្សា ក្នុងការ​ឃោសនាបោះឆ្នោត​នេះ​។


​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យ​ដឹងថា គណបក្ស​លោក​នឹង​រៀបចំ​អង្គ​មិ​ទ្ទិញ​ជួបជុំ​សមាជិក សមាជិកា និង​សកម្មជន នៅតាម​ឃុំ​-​សង្កាត់​នីមួយៗ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​សម្មិទ្ធផល ដែល​រដ្ឋាភិបាល​សម្រេច​បាន​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក ។ ក្រៅពីនេះ​គណបក្ស​ប្រជាជន ក៏​នឹងមាន​ការរៀបចំ​ដង្ហែ​ក្បួន​ក្នុង​ឃុំ​-​សង្កាត់ ទូទាំងប្រទេស​ផងដែរ ដើម្បី​បំផុសស្មារតី​ឲ្យ​ពលរដ្ឋ​គាំទ្រ​គណបក្ស​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« យើង​គោរព​ច្បាប់​ស្តីពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​។ ទី​២ យើង​គោរព​គោលការណ៍​នីតិវីធី ខ្លឹមសារ និង​ក្រមសីលធម៌​របស់​គជ​ប ដែល​បានកំណត់​។ នៅ​ថ្ងៃ​បើក​ក្បាល​ឃោសនា​នេះ យើង​នឹងមាន​ការរៀបចំ​អង្គ​មិ​ទ្ទិញ ព្រោះ​វា​ចំ​ថ្ងៃទី​២០ ឧសភា ដែលជា​ថ្ងៃ​ទិវា​ចងកំហឹង ក្រោយ​រួច​ផុតពី​សង្គ្រាម ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​គណបក្ស និង​សម្មិទ្ធផល​រដ្ឋាភិបាល​ស​ម្រេច​បាន​។ ហើយ​យើង​ក៏​ហែ​ក្បួន​នៅក្នុង​ឃុំ​-​សង្កា​ត់រៀងៗ​ខ្លួន​ទូទាំងប្រទេស​។ ប៉ុន្តែ​មិន​ឲ្យ​មានការ​ហែ​ក្បួ​ង​ឆ្លង​ឃុំ​-​សង្កាត់ ទេ ។ ចំណែក​ថ្ងៃ​បន្ទាប់​មន្ត្រី​យើង​គ្រាន់តែ​ចុះ​ជួប​ពលរដ្ឋ​តាម​ផ្ទះ​ផ្សព្វផ្សាយ​គោលនយោបាយ​ធម្មតា​»​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ឲ្យ​គណបក្សនយោបាយ​ឃោសនាបោះឆ្នោត​ចាប់ពី​ថ្ងៃទី​២០ ឧសភា ដល់​ថ្ងៃទី​២ មិថុនា​។ ក្នុងអំឡុងពេល​១៤​ថ្ងៃនេះ គណបក្ស​ទាំងអស់ អាច​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត បាន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ។ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​សម្រេចយក​ថ្ងៃ​ដង្ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​ដំបូង និង​ថ្ងៃ​បញ្ចប់​សកម្មភាព​ឃោសនា​ដូចគ្នា​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ដង្ហែ​ក្បួន​ទំនងជា​ឆ្លង​ឃុំ​-​សង្កាត់ ពីមួយ​ទៅមួយ នៅ​ទូទាំងប្រទេស ផ្ទុយ​ពី​បម្រាម​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ ត្រង់ចំណុច​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​យើង​ហែ​ក្បួន​ឃោសនា​ឆ្លង ឃុំ​-​សង្កាត់ គឺ​យើង​បាន​ជូនដំណឹង​ទៅ គ​.​ជ​.​ប រួចហើយ ។ ហើយ​បើ​មើល​លើ​បម្រាម គ​.​ជ​.​ប បើ​យើង​ជូនដំណឹង​ប្រាប់​គជប​មុន​នោះ វា​គឺ​មិនមាន​អ្វីដែល​ខុសច្បាប់​ឡើយ​»​។

​ជុំវិញ​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានទទួល​សេចក្ដីជូនដំណឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ។ ប៉ុន្តែ គ​.​ជ​.​ប មិនទាន់​អាច​វាយតម្លៃថា ការហែក្បួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ មាន​ផលប៉ះពាល់​យ៉ាងណា​នោះទេ ដោយ​រង់​ចាំមើល​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ក្បួន​ដង្ហែ​នេះ​សិន​។ អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បានបញ្ជាក់​ដូច្នេះ​ថា​៖ «​គជប ឃើញថា​យុទ្ធនា​ការបោះឆ្នោត​ឃុំ​សង្កាត់​នេះ​តូច​ទេ ហើយ​បើ​ហែ​ក្បួន​ធំ​ពេក​ក៏​វា​មិនកើត​ដែរ​។ តែ​យើង​ក៏បាន​សម្រួល​ជាមួយ​អភិបាល​រាជធានី ហើយ​ចំពោះ​ផ្លូវ​ដែល​សាលា​រាជធានី​សុំ​មិន​ឲ្យ​ហែ​ក្បួន​នោះ ថា​តើ​គួរ​ទុក​ឲ្យ​គណបក្ស​ប្រើប្រាស់​ប៉ុន្មាន​មែត្រ សម្រាប់​ហែ​ក្បួន​ប៉ុន្មាន​ដែរ​។ ចំពោះ​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ យើង​ចាំមើល​លើ​ទិដ្ឋភាព​ជាក់ស្ដែង​សិន​»​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន បាន​អំពាវនាវ​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​រៀងៗ​ខ្លួន ប្រកាន់យក​ឥរិយាបទ​អហិង្សា បញ្ចៀស​ការឃោសនា​បែប​ជេរប្រមាថ ជា​លក្ខណៈ​បញ្ឆេះ​កំហឹង ដែល​បង្ក​ជា​អំពើហិង្សា ក្នុងការ​ឃោសនាបោះឆ្នោត​នេះឡើយ​៕


Tag:
 CPP
 CNRP
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next