ប្លែកៗ
អន្តរជាតិ
មេឃុំ​ម្នា​ក់នៅ​បារាំង​ចេញ​សេចក្តីប្រកាស​មិន​ឲ្យ​ពលរដ្ឋ​ស្លាប់​នៅក្នុង​ផ្ទះ​
21, May 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មេឃុំ​នៅ​ឃុំ​ដ៏​តូច​មួយ​ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់ Oise ប្រទេស​បារាំង បានចេញ​សេចក្តីប្រកាស​ដោយ​ហាមប្រាម​ពលរដ្ឋ​ស្លាប់​នៅក្នុង​ផ្ទះ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន France 3 ដោយ​បង្ហាញ​នូវ​ហេតុផល​សំខាន់ៗ​ពីរ​ចំណុច​របស់លោក​មេឃុំ​។


​តាមរយៈ​សេចក្តីប្រកាស​មួយ​ចុះ​ថ្ងៃទី​១៧ ខែឧសភា លោក Christophe Dietrich មេឃុំ Laignevillois បាន​ណែនាំ​យ៉ាង​មុតមាំ​ថា​៖ «​ហាម​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​នៅ Laignevillois ទទួលមរណភាព​នៅក្នុង​ផ្ទះ​របស់ខ្លួន​»​។
​មេឃុំ​នៅ​មូលដ្ឋាន​ដែលមាន​ពលរដ្ឋ​ប្រមាណ​៥០០០​នាក់​រូបនេះ បាន​លើក​ហេតុផល​សំខាន់ៗ​ពីរ​ចំណុច​ទាក់ទង​នឹង​ការហាម​ប្រាម​របស់ខ្លួន​។ ចំណុច​ទីមួយ លោក​លើកឡើង​ពី​កង្វះ​គ្រូពេទ្យ​នៅ​មូលដ្ឋាន និង​ចំណុច​ទី​ពីរ លោក​យល់ថា វា​ដល់ពេល​វេលា​ហើយ​ក្នុងការ​កំណត់​អត្រា​អ្នកស្លាប់​នៅ Laignevillois​។
​សេចក្តី​សេចក្តី​នេះ ត្រូវបាន​គេ​យល់ថា លោក Christophe Dietrich មានបំណង​រិះគន់​ទៅលើ​សេវាកម្ម​សុខាភិបាល​នៅ​មូលដ្ឋាន​ខ្លួន​។ លោក​បាន​គូសបញ្ជាក់ថា​៖ «​មាន​ពលរដ្ឋ​ម្នាក់​ស្លាប់​នៅក្នុង​ឃុំ ប៉ុន្តែ​យើង​ត្រូវ​ចំណាយពេល​រហូតដល់​៦​ម៉ោង​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​មរណភាព​មួយ​សន្លឹក ព្រោះ​មិនមាន​ពេទ្យ​ណា​ម្នាក់​ដែល​ទំនេរ​នោះឡើយ​»​។


​លោក​បាន​លើកឡើងថា មរណភាព​របស់​ពល​រដ្ឋ​នៅតាម​គេហដ្ឋាន ពិតជា​ផ្តល់​ភាព​ស្មុ​គ្រ​ស្មាញ​។ តាម​ការផ្សាយ​របស់ France 3 លោក Christophe Dietrich បាន​ពន្យល់ថា​៖ «​នៅ​ឃុំ​ខ្ញុំ ដែលមាន​មនុស្ស​ជាង​៥០០០​នាក់ គ្រូពេទ្យ​ពីរ​នាក់​បាន​ចូលនិវត្តន៍ ប៉ុន្តែ​មិនមាន​អ្នក​ជំនួស​នោះឡើយ​។ យើង​មាន​បញ្ហា​សេវាកម្ម​សុខាភិបាល តាំងពី​ចប់​សង្គ្រាម​មកម្ល៉េះ​»​។
 
​លោក​ចង់​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ឲ្យ​មាន​គ្រូពេទ្យ​គ្រប់គ្រាន់​នៅតាម​តំបន់​ដាច់ស្រយាល​។ «​គ្រូពេទ្យ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​នៅតាម​ពេទ្យ​រដ្ឋ ដោយ​ប្រើប្រាស់​ថវិការដ្ឋ ដូច្នេះ​ពួកគេ​ត្រូវតែ​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅតាម​ជនបទ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​មេឃុំ​៕

Tag:
 ​ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com