អន្តរជាតិ
អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ អាច​ជាប់ទោស​១០​ឆ្នាំ ដោយសារប្រព្រឹត្តអំពើ​ពុករលួយ​
23, May 2017 , 8:19 pm        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ពេលចូលសវនាការ (រូបភាព Reuters)
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ពេលចូលសវនាការ (រូបភាព Reuters)
​តុលាការ​កូរ៉េខាងត្បូង បានចាប់ផ្ដើម​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ពុករលួយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ នៅ​ថ្ងៃទី​២៣ ខែឧសភា​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដែល​អស់តំណែង​ដោយសារ​រឿងនេះ និង​ជនសង្ស័យ​ពីរ​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿងនេះ ក៏បាន​បង្ហាញ​វត្តមាន​ក្នុង​បន្ទប់​សវនាការ​ដែរ​។ យ៉ាងណាក្ដី អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​មកលើ​លោកស្រី​។​



​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ បាន​ទៅដល់​តុលាការក្រុង​សេ​អ៊ូ​ល​ដើម្បី​ចូលរួម​សវនាការ​លើក​ទី​១ លើ​សំណុំរឿង​ពុករលួយ ដែល​ធ្វើ​ឲ្យ​លោកស្រី​របូត​តំណែង​។ លោកស្រី ប៉ាក ត្រូវបាន​ប៉ូលិស​ដាក់​ខ្នោះដៃ​ពេល​យក​ចេញពី​មន្ទីរឃុំឃាំង​រហូតដល់​បន្ទប់​សវនាការ​ទើប​ខ្នោះ​ត្រូវបាន​ដោះ​វិញ​។ ក្នុង​បន្ទប់​សវនាការ លោកស្រី​អង្គុយ​ក្បែរ​នាយក​ក្រុមហ៊ុន Lotte លោក Shin Dong-bin និង​មិត្ត​ជិតស្និទ្ធ Choi Soon-sil ។​

​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដែល​ត្រូវ​ជាប់​ឃុំឃាំង​តាំងពី​ថ្ងៃទី​៣១ ខែមីនា​មក ត្រូវបាន​ចោទប្រកាន់​លើ​ករណី​ជាច្រើន​ដូចជា​ការទទួល​សំណូក​, បំពាន​អំណាច​, គំរាមកំហែង និង​ធ្វើ​ឲ្យ​លេច​ធ្លាយ​កិច្ចការ​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​។ ករណី​ធ្ងន់ធ្ងរ​ជាងគេ គឺ​លោកស្រី​ត្រូវបាន​ចោទថា​ទារប្រាក់​ចំនួន​៥២​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​បី គឺ​Samsung, Lotte និង SK សម្រាប់​លោកស្រី​ផ្ទាល់ និង​សម្រាប់​មិត្ត​ជិត​ស្និ​ទ្ធិ Choi Soon-sil ។ 

​បើ​រកឃើញថា​ពិត​ជាមាន​កំហុស​មែន អតីត​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​កូរ៉េខាងត្បូង ប្រឈមមុខ​ជាប់ពន្ធនាគា​រ​ច្រើនជាង​១០​ឆ្នាំ​ឯណោះ​។ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​និយាយថា លោកស្រី ប៉ាក បាន​បំពាន​និ​តី​វិធី​, បំផ្លាញ​ទំនុកចិត្ត​ប្រជាជន និង​នីតិរដ្ឋ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ យ៉ាងណាក្ដី លោកស្រី បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​មក ដោយ​មេធាវី​លោកស្រី​និយាយ​ការពារ​ថា អ្វីដែល​រដ្ឋអាជ្ញា​លើកឡើង គឺ​យក​ពី​សារព័ត៌មាន និង​គ្មាន​ភស្តុតាង​ជាក់លាក់​ឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រៅពី​ការទទួល​សំណូក លោកស្រី ប៉ាក ហ្គឺ​ន​ហេ ក៏​រង​ការចោទប្រកាន់ថា​បាន​បង្កើត​បញ្ជី​ឈ្មោះ​តារា​សិល្បៈ​ដែល​រិះគន់​រដ្ឋាភិបាល​, ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​នានា​ឲ្យ​បរិច្ចាគ​ប្រាក់​រាប់ពាន់​លាន​វ៉ុ​ន​ទៅ​ឲ្យ​មូលនិធិ​ចំនួន​ពីរ​របស់​លោកស្រី Choi Soon-sil ។ រដ្ឋអាជ្ញា ក៏​ចោទ​លោកស្រី ប៉ាក ថា​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​លោកស្រី Choi ដែរ​។

​លោកស្រី ប៉ាក ដែលជា​កូនស្រី​អ​តី​មេដឹកនាំ​ផ្ដាច់ការ ប៉ាក ជុង​ហ៊ី ជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​បី ដែល​ត្រូវ​ចូល​សវនាការ​កាត់ក្ដី គឺ​បន្ទាប់ពី​លោក Chun Doo-hwan និង Roh Tae-woo​។ តុលាការ​កូរ៉េខាងត្បូង នឹង​បើកសវនាការ​ទី​ពីរ​នៅ​ថ្ងៃទី​២៥ ខែឧសភា ហើយ​ការសម្រេច​ចុងក្រោយ​លើ​ករណី​ពុករលួយ​នេះ អាច​នឹង​ប្រកាស​នៅ​មុនពេល​រយៈពេល​៦​ខែ​នៃ​ការឃុំខ្លួន​លោកស្រី ប៉ាក ត្រូវ​បញ្ចប់​៕ 


Tag:
 ​កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
© រក្សាសិទ្ធិដោយ thmeythmey.com