ជាតិ
គ​.​ជ​.​ប ព្រមាន​ចាត់វិធានការ​លើ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក បើ​មិន​បញ្ឈប់​ការស្ទង់មតិ​អំពី​គណបក្ស
25, May 2017 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីអំពាវនាវ ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដើម្បី​សុំ​ឲ្យ​បញ្ឈប់​ការស្ទង់មតិ អំពី​ប្រជាប្រិយភាព​នៃ​គណបក្សនយោបាយ​។  គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កណា​ម្នាក់ មិន​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ​។



​សេចក្តីអំពាវនាវ​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប សូម​អំពាវនាវ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការស្ទង់មតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជៀសវាង​កុំ​ឲ្យ​មហាជន ភាន់ច្រឡំ​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ ប៉ុន្តែ បើ​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ​ទៀត គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។​



​គ​.​ជ​.​ប បានចាត់ទុក​ការស្ទង់មតិ ដើម្បី​ស្វែងរក​ថា គណបក្ស​ណា ទទួលបាន​ការគាំទ្រ​ច្រើនជាង​គណបក្ស​ណា គឺជា​ការធ្វើ​ឲ្យ​ភាន់ច្រឡំ ដល់​ដំណើរការ​រៀបចំ​ការបោះឆ្នោត​។ ម្យ៉ាងទៀត គ​.​ជ​.​ប យល់ថា ការស្ទង់មតិ មុខការ​បោះឆ្នោត​ឈាន​មកដល់​បែបនេះ គឺ​ប្រាសចាក​ពី​គោលការណ៍​នៃ​ច្បាប់​។ គ​.​ជ​.​ប  សង្ឃឹមថា អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នឹង​បញ្ឈប់​ការស្ទង់មតិ​លើ​គណបក្សនយោបាយ តាម​សេចក្តីអំពាវនាវ​ខាងលើ ដើម្បី​ជៀសវាង​ការ​ប្រឈម​ចំពោះមុខ​ច្បាប់​។​

​ខណៈ​ការឃោសនាបោះឆ្នោត​ស្វែងរក​សំឡេងឆ្នោត កំពុងតែ​ដំណើរ គេ សង្កេតឃើញ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មួយចំនួន បាន​ស្ទង់​មតិ ដើម្បី​ចង់ដឹងថា «​តើ​គណបក្ស​ណា​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​»​។ ជាទូទៅ ពួកគេ បានជ្រើសរើស​យក​គណ​បក្ស​ន​យោ​យ​បាយ​ធំៗ​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទៅធ្វើ​ការស្ទង់មតិ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ការគាំទ្រ​របស់ខ្លួន តាមរយៈ​ការ​ចុច Like ឬ Comment​។ ហើយ​ពេលខ្លះ ពួកគេ ជ្រើស​រើសយក​គណបក្ស​នយោបាយ​ច្រើនជាង​ពីរ ក៏មាន ដើម្បី​ស្ទង់​មតិ​។



​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ ក្នុងដំណាក់កាល​នេះ គណបក្សនយោបាយ​នានា កំពុងតែ​ចេញ​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​។ ការឃោសនា នឹង​បញ្ចប់​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ស្ទង់​មតិ​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com