អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង បន្ថយការចំណាយផ្ទាល់ខ្លួន ដើម្បីទុកលុយជួយពលរដ្ឋក្រីក្រ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព Xinhua)
× ប្រធានាធិបតីកូរ៉េខាងត្បូងទើបចូលកាន់តំណែង លោក មូន ចេអ៊ីន បានបង្គាប់ឲ្យខុទ្ទកាល័យរបស់លោក កាត់បន្ថយកញ្ចប់ទឹកប្រាក់សម្រាប់ការចំណាយរបស់ក្រុមគ្រួសារប្រធានាធិបតី។ មន្ត្រីខុទ្ទកាល័យលោក មូន ចេអ៊ីន និយាយថា លុយទាំងនោះបង្វែរទៅជាការឧបត្ថម្ភក្នុងការបង្កើតការងារ និងជួយគាំទ្រប្រជាជនដែលត្រូវបោះបង់វិញ។ ការបង្កើតការងារ គឺជាគោលនយោបាយសំខាន់របស់លោក មូន ចេអ៊ីន តាំងពីពេលឃោសនាមក។
លេខាប្រធានាធិបតីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការទូទៅ លោក Lee Joung-do និយាយថា លោក មូន ចេអ៊ីន នឹងឈប់ចំណាយលុយរដ្ឋសម្រាប់ការប្រើប្រាស់ក្នុងក្រុមគ្រួសាររបស់ទៀតហើយ ដោយយកលុយទាំងនោះទៅបង្កើតការងារវិញ។ មន្ត្រីដដែលនេះនិយាយទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងចំណាយលុយផ្ទាល់ខ្លួនសម្រាប់អាហារក្នុងក្រុមគ្រួសារ, ការទិញទំនិញ និងកម្មវិធីឯកជនផ្សេងទៀត ប៉ុន្តែសម្រាប់ការងារផ្លូវការ ការចំណាយនឹងប្រើប្រាស់លុយរដ្ឋាភិបាលដដែល។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Lee Joung-do បញ្ជាក់ថា នេះជាការតាំងចិត្តរបស់លោកប្រធានាធិបតីដើម្បីបែងចែងឲ្យដាច់រវាងសកម្មភាពដែលអាចទូទាត់ដោយលុយប្រជាជន និងសកម្មភាពដែលមិនអាច។ លោកបន្តថា ចាប់ពីពេលនេះតទៅ វិមានប្រធានាធិបតី Cheong Wa Dae នឹងមិនផ្ដល់លុយទៅឲ្យក្រុមគ្រួសារលោក មូន ចេអ៊ីន ទៀតឡើយ។
ប្រភពព័ត៌មានខាងលើផ្សាយដែរថា ថវិកាសម្រាប់សម្មភាពពិសេសរបស់ប្រធានាធិបតីក្នុងឆ្នាំ២០១៧ នេះ មានចំនួន ១៦.១ពាន់លានវ៉ុន ស្មើនឹង ១៤.៤លានដុល្លារ។ បើគិតនៅត្រឹមខែឧសភា ថវិកានេះនៅសល់ចំនួន ១២.៦ពាន់លានវ៉ុន ស្មើនឹង ១១.២លានដុល្លារ។ វិមានប្រធានាធិបតីនឹងចំណាយលុយចំនួន៥៨ភាគរយនៃលុយដែលនៅសល់ ខណៈដែលលុយចំនួន ៤២ភាគរយទៀតនឹងបង្វែរទៅជាការបង្កើតការងារសម្រាប់យុវជនជំនាន់ក្រោយ និងទុកជួយប្រជាជនក្រីក្រ។
ជាមួយគ្នានេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ក៏គ្រោងកាត់បន្ថយថវិកាសម្រាប់ ការចំណាយក្នុងឆ្នាំ២០១៨ ដែរ។ បើតាមគម្រោង ចំនួនថវិកាសម្រាប់ចំណាយនឹងបន្ថយដល់ទៅ ៣១ភាគរយឯណោះ។ ទន្ទឹមគ្នានេះ លោក មូន ចេអ៊ីន ថែមទាំងពិចារណារើកន្លែងធ្វើការពីវិមានប្រធានាធិបតី មកកាន់ការិយាល័យសាធារណៈផងដែរ ព្រោះលោកយល់ថា ការធ្វើការក្នុងវិមាន Cheong Wa Dae ធ្វើឲ្យលោកនៅដាច់ដោយឡែកពីប្រជាជន។
តាមពិតទៅ ការកាត់បន្ថយថវិកាចំណាយសម្រាប់គ្រួសារនេះ ក៏ជាផ្នែកមួយនៃគោលនយោបាយរបស់លោក មូន ចេអ៊ីន សំដៅលើកកម្ពស់ជីវភាពsនៅរបស់ប្រជាជន។ កាលពីពេលស្បថចូលកាន់តំណែង លោក មូន ចេអ៊ីន ដែលមានជំហរនយោបាយទន់ភ្លន់បានសន្យាថានឹងធ្វើជាប្រធានាធិបតីដ៏កក់ក្ដៅសម្រាប់ប្រជាជនទាំងអស់ និងធ្វើជាមិត្តនៅគ្រាលំបាក។ លោក ក៏ប្រកាសដោះស្រាយបញ្ហាពុករលួយក្នុងស្រុក ដែលក្រុមហ៊ុនធំៗមានឥទ្ធិពលខ្លាំងលើអ្នកនយោបាយ៕
Tag:
កូរ៉េខាងត្បូង
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com