អន្តរជាតិ
ហ្វីលីពីន៖ ជនជាតិម៉ាឡេស៊ី,ឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមក្រុមភេរវជនបះបោរនៅកោះមិនដាណាវ
× អគ្គរដ្ឋអាជ្ញាហ្វីលីពីនបានបញ្ជាក់ថា ជនជាតិឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីស្ថិតក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាតដែលកំពុងប្រយុទ្ធប្រឆាំងកងកម្លាំងហ្វីលីពីននៅលើកោះមិនដាណាវ។ វាបញ្ជាក់ឲ្យឃើញច្បាស់ថា ការវាយប្រហារភេរវកម្មនេះធ្វើឡើងដោយមានការសហការគ្នារវាងក្រុមភេរវជនបរទេស និងក្រុមភេរវជនក្នុងស្រុកថែមទៀត។
ប្រជាជនម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ស្ថិតក្នុងក្រុមភេរវជនដែលប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលហ្វីលីពីននៅក្រុង Marawi នៅកោះមិនដាណាវនៅពីថ្ងៃអង្គារទី ២៣ ឧសភា។ នេះជាការបញ្ជាក់របស់អគ្គរដ្ឋអាជ្ញាហ្វីលីពីន ដែលប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រទី ២៦ ឧសភា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ជនជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមភេរវជនបរទេសប្រាំមួយ នាក់សមាជិកក្រុម Maute ដែលត្រូវបានកងកម្លាំងរដ្ឋាភិបាលសម្លាប់នៅថ្ងៃព្រហស្បតិ៍ ក្នុងការប្រយុទ្ធមួយដែលចាប់ផ្តើមតាំងពីថ្ងៃអង្គារទី ២៣ឧសភានោះ។ ក្រុម Maute ត្រូវគេស្គាល់ថាជាក្រុមដែលបានប្រកាសភក្តីភាពចំពោះក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាម។
អគ្គរដ្ឋអាជ្ញាហ្វីលីពីន Jose Calida បានបញ្ជាក់ដូច្នេះថា៖« ពីមុនវាត្រឹមតែភេរវជនក្នុងស្រុកប៉ុណ្ណោះ។ ប៉ុន្តែឥឡូវមានវាមានក្រុមភេរវជនច្រើនដែលដើរតាមមនោគមន៍វិជ្ជាក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាម។ ពួកគេចង់ផ្លាស់ប្តូរកោះមិនដាណាវទាំងមូលទៅជាផ្នែកមួយនៃរចនាសម្ព័ន្ធដឹកនាំរដ្ឋឥស្លាម Caliphate»។
ហ្វីលីពីនបានពង្រាយឧទ្ធម្ភាគចក្រសម្រាប់ប្រយុទ្ធជាច្រើនគ្រឿង រួមជាមួយកម្លាំងពិសេសប្រឆាំងភេរវកម្មដើម្បីទប់ទល់ជាមួយក្រុមសកម្មប្រយុទ្ធជីហាត Maute នៅក្រុង Marawi នៅភាគខាងត្បូងហ្វីលីពីនដែលជាកន្លែងរស់នៅរបស់ប្រជាជនហ្វីលីពីនប្រហែល ២សែននាក់។
ប្រតិបត្តិការសឹកកម្ចាត់ភេរវកម្មនេះបានបណ្តាលឲ្យកងកម្លាំងរដ្ឋាភិបាល ១៣នាក់ និង ក្រុមភេរវជន ៣១នាក់ស្លាប់ផងដែរ។ ប្រធានាធិបតី ប្រកាសដាក់កោះមិនដាណាវទាំងមូលក្រោមច្បាប់អាជ្ញាសឹកនៅថ្ងៃអង្គារផងដែរដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខធ្ញន់ធ្ងរនេះ។
ប្រធានាធិបតីរូបនេះក៏គំរាមប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ផ្សេងទៀតទូទាំងប្រទេសហ្វីលីពីនផងដែរ ក្នុងករណីដែលស្ថានការណ៍កាន់តែធ្ងន់ធ្ងរនិងចាំបាច់។ ប៉ុន្តែប្រជាជនហ្វីលីពីនខ្លះដែលធ្លាប់រស់នៅក្រោមរបបដឹកនាំផ្តាច់ការលោក ហ្វ៊ែឌីណង់ ម៉ាកូស (Ferdinand Marcos) ព្រួយបារម្ភ នៅពេលដែលមានការប្រកាស់ប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះ។ ប្រធានាធិបតី ម៉ាកូស បានប្រកាសដាក់ហ្វីលីពីនក្រោមច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ១៩៧២ ដើម្បីក្តោបក្តាប់និងរក្សាអំណាចរបស់ខ្លួនផងដែរ។
ត្រឡប់ វិញ ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមភេរវជន Maute នេះកើតឡើងក្នុងពេលលកងកម្លាំងរដ្ឋាភិបាលបើប្រតិបត្តិការវាយឆ្មក់លំនៅដ្ឋានមួយដែលគេសង្ស័យថាមេដឹកនាំក្រុមឧទ្ទាម អាប៊ូសាយ៉ាវ (Abu Sayyaf) Isnilon Hapilon កំពុងលាក់ខ្លួន។
Isnilon Hapilon បច្ចុប្បន្នជាមេដឹកនាំសម្ព័ន្ធក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលចម្រុះដោយក្រុមឧទ្ទាមតូចៗយា់ងហោចណាស់ ១០ក្រុមរួមទាំងក្រុម Maute ផង បន្ទាប់ពីជននេះបានប្រកាសបង្ហាញភក្តីភាពចំពោះក្រុមភេរវជនដែស្ហ (Daesh) ឬក្រុមភេរវជនរដ្ឋឥស្លាមកាលពីឆ្នាំ ២០១៤។ Hapilon ក៏ស្ថិតនៅក្នុងបញ្ជីស្បែកខ្មៅរបស់ក្រសួងការបរទេសអាមេរិកផងដែរ ហើយអ្នកដែលអាចផ្តល់ព័ត៌មានដែលអាចនាំដល់ការចាប់ខ្លួនជននេះ អាមេរិកនឹងផ្តល់រង្វាន់ ៥លានដុល្លារអាមេរិកឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com