ជាតិ
សង្គមជាតិ
អង្គការ​ជនពិការ​អន្តរជាតិ ​ផ្ដល់​ថវិកា ៦​ម៉ឺន​ដុល្លារ ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចំនួន​១៦ សម្រាប់​ទ្រទ្រង់​ជនពិការ​
31, May 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គការ​ជនពិការ​អន្តរជាតិ បានផ្ដល់​ជំនួយ​ថវិកា ៦​ម៉ឺន​ដុល្លារ ដល់​ប្រធាន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចំនួន​១៦ ដើម្បី​ធានា​នូវ​ការផ្ដល់សេវា​បរិ​យា​ប័ន្ន​មុខរបរ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​ជនពិការ​។​


 
​គម្រោង​ផ្ដល់​សេវា​មុខរបរ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​នេះ នឹង​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រោម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រវាង​អង្គការ​ជនពិការ​អន្តរជាតិ និង​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន​១៦  ក្រុមការងារ​គ្រប់គ្រង​មូលនិធិ​សេវា​បរិ​យា​ប័ន្ន​ក្នុងស្រុក​ចំនួន​បួន នៃ​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ ។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​សហភាព​អឺរ៉ុប និង​អង្គការ​ជនពិការ​អន្តរជាតិ​។​
 
​បើតាម​សេចក្ដីថ្លែងការណ៍​រួម​ដដែល យន្តការ​នៃ​ការផ្តល់​ជំនួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​រយៈពេល​បី​ឆ្នាំ​របស់​សហភាព​អឺ​រុ​ប ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការផ្តល់សេវា​បរិ​យា​ប័ន្ន​ទៅដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដែល​អនុវត្ត​ដោយ​អង្គការ​ជនពិការ​អន្តរជាតិ ។ គម្រោង​រយៈពេល​បី​ឆ្នាំ​របស់​សហភាព​អឺ​រុ​ប ក្រោម​មូលនិធិ​សរុប​ជាង ៧៤៦,០០០ អឺ​រូ (​ជិត​៨៤​ម៉ឺន​ដុល្លារ​)​។ គម្រោង​នេះ​អនុវត្ត​យុ​ទ្ឋ​សាស្ត្រ​អភិបាលកិច្ច​ល្អ​និង​គណនេយ្យភាព​សង្គម  ផ្អែកទៅលើ​យន្តការ «​ផអ​៣» ដំណាក់កាល​ទី​២ ( ២០១៥-២១០៧) របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
 
​អង្គការ​ជនពិការ​អន្តរជាតិ និង​អង្គការ​ជនពិការ​កម្ពុជា បាន​គាំទ្រ​ការផ្តល់​សេវាកម្ម​ផែ្ន​ក​មុខរបរ​ចំនួន​៦ ក្នុងការ​សម្របសម្រួល​សេវា​ឲ្យ​សមស្រប​ទៅនឹង​តម្រូវការ​ជនពិការ​។ អង្គ​ការផ្តល់​សេវាកម្ម​ផែ្ន​ក​មុខរបរ​ទាំងនេះ នឹង​តម្រូវ​ឲ្យ​ដេញថ្លៃ​លើ​ទៅ​ឃុំ​ទាំង​១៦​ខាងលើ ដើម្បី​ទទួលយក​ថវិកា​ក្នុង​ការផ្តល់សេវា​ប្រកបដោយ​បរិ​យា​ប័ន្ន​។​
 
​ឃុំ​ទាំង​១៦ ដែល​ត្រូវ​ទទួលបាន​សេវា​ផ្នែក​បរិ​យា​ប័ន្ន​នេះ រួមមាន ឃុំ​ស្រឡប់ ,​ជប់ ,​ជី​រ៉ូ​២ ,​ទន្លេ​បិទ ,​បុសខ្នុរ ,​ស្វាយទៀប ,​ស្ពឺ ,​តា​ប្រុក ,​មៀន ,​បឹង​ណាយ ,​សូ​សែន ,​ល្វា ,​ព្រៃឈរ ,​សូ​ទិព្វ ,​ស្តើង​ជ័យ និង​ឃុំ​សំពង​ជ័យ​៕
 
 
 
 
​ 

Tag:
 Handicap
  ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com