អន្តរជាតិ
ចិន​និង​អឺរ៉ុប ប្តេជ្ញា​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ ទោះ​អាមេរិក​ដើរចេញ​
01, Jun 2017 , 10:39 pm        
រូបភាព
រូបភាព៖ មេដឹកនាំពិភពលោកចូលរួមកិច្ចប្រជុំ Cop 21 ដែលសម្រេចបាននូវកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុនៅក្រុងប៉ារីស ឆ្នាំ ២០១៥
រូបភាព៖ មេដឹកនាំពិភពលោកចូលរួមកិច្ចប្រជុំ Cop 21 ដែលសម្រេចបាននូវកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុនៅក្រុងប៉ារីស ឆ្នាំ ២០១៥
ដោយ: ថ្មីៗ
​ចិន និង​សហភាព​អឺរ៉ុប​ប្តេជ្ញា​ចិន​ជាថ្មី​ដោយ​បន្ត​សហការគ្នា​ជួយ​គាំទ្រ​កិច្ចព្រមព្រៀង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ទោះបីជា​សហរដ្ឋអាមេរិក​លែង​ចូលរួម​នៅពេល​ខាងមុខ​ក៏ដោយ​។ មហា​យក្ស​ចិន​កំពុង​បង្ហាញ​ពី​តួនាទី​ជា​មហាអំណាច​ពិភពលោក​មួយ​ក្នុងការ​ដឹកនាំ​និង​ចូលរួម​បំពេញ​កាត​ព្វ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែរ​។​



​សហភាព​អឺរ៉ុប និង​ចិន នឹង​រួម​សហការគ្នា​ដឹកនាំ​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការ​អាកាស​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ដើម្បី​ឆ្លើយតប​គោលបំណង​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​ដែលមាន​អនុភាព​គតិយុត្តិ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នោះ​។ មហា​យក្ស​ចិន​ព្យាយាម​បង្កើន​តួនាទី​កាន់តែ​ធំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ផងដែរ​។​

​មកដល់​ពេលបច្ចុប្បន្ន​នេះ លោក ដូ​ណា​ល់ ត្រាំ មិនទាន់​ប្រកាស​ជា​ផ្លូវការ​ពី​គោលជំហរ​របស់​រដ្ឋបាល​អាមេរិក​ថា​តើ​បន្ត​គាំទ្រ​ឬ​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​ដែលជា​ដំណោះស្រាយ​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​សកល​នេះ​ឬ​យ៉ាងណា​ឡើយ​។ លោក​បាន​សរសេរ​បង្ហោះ​តាម​គណនី​Twitter ផ្លូវការ​របស់ខ្លួន​ថា លោក​ប្រកាស​ពី​ជំហរ​ពិតប្រាកដ​របស់​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ខែមិថុនា វេលា​ម៉ោង ៣​រសៀល​។

​ប៉ុន្តែ​គ្រប់គ្នា​បារម្ភ​ថា ដូ​ណា​ល់ ត្រាំ នឹង​ប្រកាស​ដកខ្លួន​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដូច​របាយការណ៍​ចុះផ្សាយ​កន្លងមក​មកនេះ​។ តាំងពី​យូរ​មកហើយ លោក ដូ​ណា​ល់ ត្រាំ មិន​ដែរ​ជឿថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​ពិត​ទេ​។ លោក​ថែមទាំង​បង្ហើប​ថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស់​ដែល​បង្កើតឡើង​ដោយ​ចិន​តែប៉ុណ្ណោះ​។​

​ស្រប​ពេលដែល​ការបារម្ភ​កើនឡើង​កាន់តែខ្លាំង មហា​យក្ស​ចិន និង​សហភាព​អឺរ៉ុប​ប្រញាប់​ប្រញាប់​បង្កើត​សម្ព័ន្ធភាព​ទ្វេភាគី​ដើម្បី​ដឹកនាំ​ការអនុវត្ត​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ និង​ប្រកាស​ឲ្យ​ពិភពលោក​បានដឹងថា ពួកគេ​មិន​បោះបង់​ការប្តេជ្ញាចិត្ត​ដោះស្រាយ​បាតុភូត​ប្រែប្រួល​អាកាសធាតុ​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​យោងតាម សេចក្តីថ្លែងការណ៍​រួម​ដែល​រៀបចំឡើង​មុន​កិច្ចប្រជុំ​កំពូល ចិន សហភាព​អឺរ៉ុប​នៅ​ក្រុង​ព្រុ​ច​សែ​ល​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ​នោះ បានចាត់ទុក​ការប្រែប្រួល​អាកាសធាតុ​ជា «​គ្រោះថ្នាក់​នៃ​សន្តិសុខ​ជាតិ​ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គម​និង​នយោបាយ​»​។

​ក្រុង​ប៉េកាំង និង​ព្រុ​ច​សែ​ល ក៏​កត់សម្គាល់ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ជា​ដំណោះស្រាយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​និង​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ពិភពលោក​។​

សេចក្តីថ្លែងការណ៍​ដដែល​នោះ​ក៏​កំណត់ថា សម្ព័ន្ធភាព​ថ្មី​រវាង​អឺរ៉ុប​និង​មហា​យក្ស​ចិន​នេះ​នឹង​រួមចំណែក​ដឹកនាំ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថាមពល​សកល​ឲ្យ​ទៅ​សេដ្ឋកិច្ច​បញ្ចេញ​ឧស្ម័ន​កាបូឌីអុកស៊ីត​ទាប​នាពេល​អនាគត​។ ប្តូរ​ប្រព័ន្ធ​ថាមពល​នេះ​មានន័យថា ពិភពលោក​នឹង​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ថាមពល​ស្អាត​ឬ​ថាមពល​កកើត​ឡើងវិញ ជំនួស​ឲ្យ​ការ​បញ្ច​ញ​ថាមពល​កាបូនឌីអុកស៊ីត​លើសលប់​ដែលជា​មូលហេតុ​ធំ​បង្ក​ឲ្យ​មានការ​ឡើងក​ម្តៅ​ផែនដី​នោះ​។​

​ក្នុង​សេចក្តីប្រកាស​រួមគ្នា​នេះ ស្ថាប័ន​ព្រុ​ច​សែ​ល និង​ក្រុង​ប៉េកាំង​ក៏​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ខ្ពស់បំផុត​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​នៅពេល​ខាងមុខ និង អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ដែលជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​បន្ត​ចូលរួម​អនុវត្ត​កិច្ច​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ​។

 សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​១៩៥ ដែល​ជុំគ្នា​នៅ​ក្រុងប៉ារីស បាន​ស្រុះស្រួល​គ្នា​ចុះ កិច្ចព្រមព្រៀង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កាលពី​ខែធ្នូ​ឆ្នាំ ២០១៥ ដោយ​កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​កាត់បន្ថយ​សីតុណ្ហភាព​ផែនដី ឲ្យ​បាន​២​អង្សារ​នៅ​ដំណាច់ឆ្នាំ ២១០០ ។ កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦ ហើយ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ រហូតដល់​ឆ្នាំ ២០២០ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ត្រូវ​ជួយ​ថវិកា​ប្រចាំឆ្នាំ​ចំនួន ១០០​ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​៕


Tag:
 ចិន​
  អឺរ៉ុប​
  កិច្ចព្រមព្រៀង​អាកាសធាតុ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com