កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជួយ Real និង​ខ្លួនឯង​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី ក្រោយ​ឈ្នះ​ពាន UCL លើក​ទី​១២
04, Jun 2017 , 3:58 pm        
រូបភាព
​ម្ចាស់​ជើងឯក​ចាស់ Real Madrid អាច​ការពារ​តំណែង​របស់ខ្លួន​បាន​ក្រោយ​ផ្ដួល Juventus ៤-១ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​០៣ ខែមិថុនា នា​កីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេស​វេ​លស៍​។ ២​គ្រាប់​របស់ Cristiano Ronaldo ក្នុងការ​រួមចំណែក​ជួយ​ក្រុម​អធិរាជ​សរ ឈ្នះ​ជើងឯក​ពាន​លំដាប់​កំពូល​អឺរ៉ុប​ជា​លើក​ទី​១២ បាន​បង្កើត​កំណត់ត្រា​ជាច្រើន​សម្រាប់​ក្លិប និង​រូបគេ​ថែម​ទៀតផង​។​



​ក្រោយ​រកបាន​២​គ្រាប់ ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​ទាត់​បញ្ចូល​ទី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នេះ​ដល់​ទៅ​៣​លើក​។ កាលពី​ឆ្នាំ​២០០៨ CR7 ធ្លាប់​ស៊ុត​បាន​មួយ​គ្រាប់​ជួយ​ក្រុម Manchester United ឈ្នះ Champions League ខណៈ​លើក​ទី​២ នៅពេល Real Madrid ឈ្នះ​ពាន​នេះ​ជា​លើក​ទី​១០ នៅក្នុង​ឆ្នាំ​២០១៤​។​



Real Madrid ជា​ក្រុម​ដំបូង​គេ​បំផុត​ដែល​អាច​ការពារ​តំណែង​ជើងឯក​បាន​ក្នុង​ប្រវត្តិសាស្ត្រ និង​ឈ្នះ​ជើងឯក​ពាន​កំពូល​អឺរ៉ុប​នេះ​ច្រើនជាងគេ​រហូតដល់​ទៅ​១២​ដង​។



​ជាមួយគ្នានេះ Ronaldo ក៏​អាច​រកបាន​គ្រាប់​ទី​១០៥ នៅ​គ្រប់​ការប្រកួត​ក្នុង​ក្របខណ្ឌ UCL រួមទាំង​អាច​នាំមុខគេ​ក្នុងនាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ដាច់​គេ​ក្នុង​មួយ​រដូវ​កាល​ទៀតផង​ពោលគឺ​រកបាន​១២​គ្រាប់ លើស​ដៃគូ​ប្រជែង Lionel Messi រកបាន​១១​គ្រាប់​។ លើសពីនេះទៅទៀត​នោះ ២​គ្រាប់​យប់មិញ​ក៏​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​ដែល​ទាត់​ចូល​ទី​ច្រើនជាងគេ​ដល់​ទៅ​៦០០​គ្រាប់ ពី​គ្រប់​កម្មវិធី​ទាំងអស់​ផងដែរ​៕






Tag:
 បាល់ទាត់​
  Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com